ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Patrick Murphy បានបន្តជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់របស់កម្ពុជា ដូចជារដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លោក ត្រាំ អ៊ីវតឹក ព្រមទាំងមន្ត្រីជាន់ខ្ពស់ផ្នែកយោធានៅក្នុងសប្តាហ៍នេះជាដើម។
ទំព័រហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំក្រុងភ្នំពេញនៅថ្ងៃនេះ ឱ្យដឹងថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកPatrick Murphy បានបន្តជួបជាមួយនឹងសមាជិកគណរដ្ឋមន្រ្តីកម្ពុជាសំខាន់ៗ។ ជាក់ស្តែងកាលពីថ្ងៃពុធ លោកបានជួបជាមួយលោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយបានពិភាក្សាពីវិស័យ បច្ចេកវិទ្យា និងគមនាគមន៍ថ្មីៗរបស់កម្ពុជា ព្រមទាំងសារៈសំខាន់នៃការលើកកម្ពស់នីតិរដ្ឋ ការសម្ងាត់ជាឯកជន អភិបាលកិច្ច និងសេរីភាពតាមប្រព័ន្ធអ៊ិនធឺណិតជាដើម។
ដោយឡែកជំនួបរវាងលោក ជាមួយ លោក អ៊ិត សំហេង ជាមួយលោក Patrick Murphy ក៏បានជជែកទៅលើកម្មវិធីគម្រោងរោងចក្រល្អនៅកម្ពុជា ដែលទាមទារឲ្យមានការពង្រីកសកម្មភាពរបស់ខ្លួន ស្តីពីសិទ្ធិកម្មករក្នុងវិស័យផលិតទំនិញសម្រាប់ការធ្វើដំណើរ។ តែយ៉ាងណាអគ្គរដ្ឋទូតប្រទេសមហាអំណាចរូបនេះ ជំរុញឱ្យកម្ពុជា ខិតខំបន្ថែមទៀត ក្នុងការកែលំអបរិយាកាសទាក់ទងនឹងបញ្ហាសិទ្ធិការងារ និងស្ថានភាពការងារសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ដោយរួមទាំងសិទ្ធិរបស់សហជីពផងដែរ។
ការជួបជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជាជាបន្តបន្ទាប់នេះ ក្រោយពេលលោក ហ៊ុន សែន បានតបលិខិតរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីចុងខែវិច្ឆិកា ដោយថាកម្ពុជាព្រមតាមសំណើររបស់អាមេរិកដើម្បីស្តារទំនុកចិត្ត និងទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ តាមរយៈកិច្ចសហការមន្ត្រីជំនាញការបរទេសនៃប្រទេសទាំងពីរដើម្បីធ្វើការងារនេះជាមួយគ្នា។
ការលើកឡើងពីការសម្ងាត់ឯកជន និងសិទ្ធិការងាររបស់ពលរដ្ឋខ្មែរពេលនេះ បន្ទាប់ពីមានករណីការសម្ងាត់ឯកជនត្រូវបានរដ្ឋាភិបាលយកមកបង្ក្រាបសំឡេងបក្សប្រឆាំង និងក្រុមសង្គមស៊ីវិលឥតស្រាកស្រាន្ត។
ជាក់ស្តែងសំឡេងដែលគេសង្ស័យថាជាសំឡេងសន្ទនារវាងប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា និង កញ្ញា ខុំ ចាន់តារាទី ហៅស្រីមុំ កាលពីឆ្នាំ២០១៦ ដែលត្រូវបញ្ចេញដោយហ្វេសប៊ុកឈ្មោះ សីហា។ រដ្ឋាភិបាលមិនត្រឹមតែមិនរកមុខអ្នកថត និងបញ្ចេញសំឡេងឯកជននោះទេ ប៉ុន្តែប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន ថែមទាំងសរសើរស្នាដៃលួចថតសំឡេងរបស់ សីហា នោះថែមទៀតផង។
បន្ថែមពីនេះ មានមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងជាច្រើនទៀត ត្រូវបានគេបញ្ចេញសំឡេងអាស្រូវនោះជាបន្តបន្ទាប់ តែគ្មានចំណាត់ការផ្លូវច្បាប់ណាមួយពីរដ្ឋាភិបាលទេ។
យ៉ាងណាក្តីរឿងសម្ងាត់ឯកជន ដែលកើតឡើងទៅលើមន្ត្រីរដ្ឋាភិបាល ឬ សាច់ញាតិលោក ហ៊ុន សែន វិញ គេមិនដែលឃើញអាជ្ញាធរ ចាត់វិធានការម្តងណានោះឡើយ។
ចំណែកបញ្ហាសិទ្ធិការងាររបស់កម្មករវិញ កន្លងមកក្រុមសហជីពឯករាជ្យបានលើកឡើងពីការរំលោភបំពាន និងការកេងប្រវ័ញ្ចកម្លាំងកម្មករនៅតែកើតមាន។ ជាក់ស្តែងនៅតាមរោងចក្រជាច្រើនគ្មានតំណាងកម្មករ ឬ សហជីពឡើយ។
បន្ថែមពីនេះ កម្មករទទួលបានកិច្ចសន្យារយៈពេលខ្លី ដែលប្រឈមនឹងការបញ្ឈប់ ឬការបាត់បង់ការងារនៅពេលក្រុមនយោជកឬ តំណាងនិយោជក មិនសប្បាយចិត្តនឹងពួកគាត់។ ការបង្ខំឱ្យកម្មករថែមម៉ោង ការកាត់ប្រាក់ខែច្រើនហួសប្រមាណនៅពេលកម្មករឈប់សម្រាកឬ ខកខានពីការងារ។ ជាងនេះទៅទៀត រោងចក្រជាច្រើនទៀត គ្មានកន្លែងហូបបាយត្រឹមត្រូវ និងគ្មានទារកដ្ឋានជាដើម។
ក្នុងរបាយការណ៍របស់សហភាពអឺរ៉ុបដែលផ្ញើទៅកាន់រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ក៏បានលើកឡើងពីបញ្ហារំលោភសិទ្ធិការងាររបស់កម្មករនេះដែរ។
សហភាពអឺរ៉ុបកន្លងមក ក៏បានទាមទារឱ្យរដ្ឋាភិបាលលោកហ៊ុន សែន ស្តារឡើងវិញនូវសិទ្ធិការងាររបស់កម្មករ ធានាការគោរពសិទ្ធិមនុស្ស និងស្តារលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដផងដែរ៕