ប្រធានចលនាយុវជនបក្សប្រឆាំងនៅកូរ៉េថា ពាក្យ រួបរួម ជាកត្តាឈ្នះចាញ់របស់អ្នកប្រជាធិបតេយ្យ

ប្រធានចលនាយុវជនគណបក្សសង្រ្គោះជាតិប្រចាំនៅប្រទេសកូរ៉េខាងត្បូង លោក យឹម ស៊ីណន បានលើកឡើងថា កំលាំងរួបរួមពិតប្រាកដដ៏រឹងមាំរបស់អ្នកប្រជាធិបតេយ្យ គឺជាសញ្ញាឈានទៅរកការផ្លាស់ប្តូរនៃសង្គមកម្ពុជា។ លោកបន្តថា ប៉ូលនៃការរួបរួមរវាងលោក សម រង្ស៊ី និងលោកកឹម សុខា គឺជាកម្លាំងដើម្បីអាចដណ្តើមអំណាចបានពីជនផ្តាច់ការ ហើយស្តារប្រជាធិបតេយ្យជូនកម្ពុជាវិញបាន។

លោក យឹម ស៊ីណន បានសរសេរនៅលើគណនេយ្យហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា ប៉ូលពីរ រវាងស និងលឿង ដោយសំដៅដល់គណបក្ស សម រង្ស៊ី និង គណបក្សសិទ្ធិមនុស្ស ក្នុងសម្ព័ន្ឋភាពអាពាហ៍ពិពាហ៍ជាង៧ឆ្នាំមកនេះ មានទឹកមាត់ប្រៃទាញបានកំលាំងអ្នកគាំទ្រជាងកន្លះនគរ រហូតដល់ជិតឈានទៅរកការដឹកនាំប្រទេស ទាំងមូល។ ប៉ុន្តែការដណ្តើមមុខមាត់ និងតំណែងគ្នាផ្ទៃក្នុងបក្ស ហាក់មានភាពខ្លាំងក្លា រហូតមកដល់ពេលបច្ចុប្បន្ន ហើយចរន្តនៃការបែកបាក់នេះក៏កើតមានជាបន្តបន្ទាប់ និងជាច្រើនកន្លែងដែរ។ ជាក់ស្តែងចលនាយុវជនបក្សប្រឆាំងនៅកូរ៉េខាងត្បូងតែម្តង។

លោក យឹម ស៊ីណន យល់ថា ប៉ូលទាំងពីរនេះ “ស និងលឿង” ពិតជាប៉ូលដែលមានភាពក្លាហាន និងប្រាកដនិយមមែន ចំពោះការច្បាំងគ្នា ដណ្តើមអំណាចផ្ទៃក្នុង។ ប៉ុន្តែហាក់មានភាពកម្សោយ និងមិនសូវប្រាកដប្រជាក្នុងការរួមគ្នា ដើម្បីដណ្តើមអំណាចពីជនផ្តាច់ការសោះឡើយ។

យ៉ាងនេះក្តី សម្រាប់ប្រធានចលនាយុវជនរូបនេះ ចង់បានកំលាំងរួបរួមរឹងមាំមួយនៃអ្នកប្រជាធិបតេយ្យ ដើម្បីការផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជា ដោយលោកថា ប្រសិនប៉ូលទាំងពីរនេះបែកគ្នាវិញនោះ លោកនឹងទៅដាំបន្លែ ថែទាំកូន ហើយលោកក៏មិនព្រមទៅចូលក្នុងប៉ូលណាមួយនាំឲ្យឧត្តមគតិជេរស្តីលោកនោះដែរ។ ប៉ុន្តែបើប៉ូលពីរនេះនៅតែរួមគ្នា ហើយដណ្តើមអំណាចបានពីជនផ្តាច់ការស្តារប្រជាធិបតេយ្យជូនកម្ពុជានោះ វាជារឿងល្អសម្រាប់លោក និងពលរដ្ឋកម្ពុជាដែលស្រែកឃ្លានការផ្លាស់ប្តូរ។

លោក ហ៊ុន សែន ដែលគេប្រសិទ្ធនាមថាជាបុរសខ្លាំងកម្ពុជា ធ្លាប់ជោគជ័យក្នុងការបំបែកបំបាក់ក្រុមខ្មែរក្រហមជាបំណែកៗ រហូតដល់រលាយសាបសូន្យចេញពីពិភពនយោបាយតែម្តង។

បន្ទាប់ពីបំបែកក្រុមខ្មែរក្រហម លោកហ៊ុន សែន ក៏បានប្រើយុទ្ធសាស្ត្របំបែកក្រុមគណបក្សហ្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ  ហើយក្រុមនេះក៏ចាប់ផ្តើមចុះខ្សោយនឹងបែកបាក់ជាបំណែកៗ រហូតមិនអាចស្តារប្រជាប្រិយភាពរបស់ខ្លួនបានឡើងវិញឡើយ។

យ៉ាងនេះក្តី លោកនាយករដ្ឋមន្ត្រី ធ្លាប់បានប្រកាសជាសាធារណថា លោកមិនបានបំបែកបំបាក់បក្សសង្រ្គោះជាតិនោះទេ។ លោកថាបក្សនេះ ខ្សោយដោយខ្លួនឯង ដែលបណ្តាលឲ្យបែកបាក់។ លោកបន្តថាប្រសិនបើគេបំបែកបំបាក់ ប៉ុន្តែបើយើងរឹងមាំ វាក៏គ្មាននរណាអាចបំបែកបានដែរ។ 

អ្នកវិភាគធ្លាប់លើកឡើងថា វាសនារបស់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិទាំងលោក កឹម សុខា និង លោក សម រង្ស៊ី នឹងពិបាកស្តារប្រជាប្រិយភាពរបស់ខ្លួនយកឈ្នះបក្សកាន់អំណាចបាន ប្រសិនបើចំណងរួបរួមរបស់អ្នកទាំងពីរបែកបាក់មែននោះ។ មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំបក្សប្រឆាំងទាំងពីរនេះ ក៏នឹងគ្មានវាសនាដឹកនាំប្រទេសបានឡើយ រីឯលោកហ៊ុន សែន នៅមានឱកាសក្តោបក្តាប់អំណាចតែម្នាក់ឯង ហើយអាចសម្រេចបំណងអំណាចស្នងត្រកូលរបស់ខ្លួនបានយ៉ាងជោគជ័យថែមទៀត៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.