37 C
Phnom Penh

ក្រុមប្រឹក្សាជាតិបោះឆ្នោតនៃប្រទេស Bolivia ប្រឈមនឹងការរំលាយ ករណីបន្លំតួលេខបោះឆ្នោតអោយជនផ្ដាច់ការធ្លាក់ពីអំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅទីបំផុត ក្រុមស៊ើបសង្កេតមួយដែលជំនាញខាងកិច្ចការបោះឆ្នោត មកពីអង្គការនៃសហរដ្ឋអាមេរិក OAS បានរកឃើញថា ល្បិចកិច្ចកលនៃការចូលកែនិងបន្លំតួលេខនៃលទ្ធផលបោះឆ្នោត កន្លងមកក្នុងការបោះឆ្នោត ប្រធានាធិបតីនៃប្រទេស Bolivia ដែលនាំអោយ ក្រុមប្រឹក្សាជាតិបោះឆ្នោត ឬហៅថា Tribunal Supremo Electoral នៃប្រទេសនៃទ្វីបអាមេរិកខាងត្បូងមួយនេះ អាចប្រឈមនឹងការរំលាយ ហើយមានការរៀបចំសមាសភាពថ្មីឡើងវិញ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា ការដាក់បង្ហាញលទ្ធផលនៃរបាយការណ៍ស៊ើបអង្កេតនេះ គឺនៅឯវេទិកាតំបន់នៃអង្គការរដ្ឋ អាមេរិក OAS ធ្វើឡើងនៅទីក្រុង SANTIAGO នៃប្រទេសឈីលី កាលពីថ្ងៃពុធទី៤ធ្នូ ។

របាយការណ៍នេះ បានហៅការបន្លំលទ្ធផលបោះឆ្នោត នៅប្រទេសBolivia ក្រោមរជ្ជការរបស់លោក Evo Morales ប្រធានាធិបតីធ្លាក់ពីអំណាច ដោយកម្លាំងប្រជាជន ថាជាតួលេខបំប៉ោង ដ៏អាក្រក់ធ្វើឡើងដើម្បីអោយលោកMorales បន្តកាន់អំណាចមួយអាណត្តិទៀត។ នេះគឺជាការរៀបចំដោយមន្ត្រីជាន់ខ្ពស់និងក្រុមជំនាញនៃ ក្រុមប្រឹក្សាជាតិបោះឆ្នោតនៃប្រទេស Bolivia ។

របាយការណ៍នេះ មានកម្រាស់១០០ទំព័រ បានរកឃើញការរំលោភបំពាន ធ្ងន់ធ្ងររបស់ស្ថាប័នជាតិមួយនេះ ដែលបានប្រើប្រាស់ ប្រព័ន្ធផ្ទុកទិន្នន័យក្លែងក្លាយ ដើម្បី កែនិងបន្លំតួលេខនៃលទ្ធផលបោះឆ្នោត។ របាយការណ៍នេះ ក៏បានរកឃើញ មួយទៀត គឺការធ្វើអោយខូចសុពលភាពរបស់ ឈ្មោះអ្នកបោះឆ្នោត ដែលជាអ្នកគាំទ្របក្សប្រឆាំង។

ក្រុមស៊ើបអង្កេតនេះ នឹងដាក់បញ្ជូន លទ្ធផលនៃការស្រាវជ្រាវនេះទៅ លោកស្រី Jeanine Anez ប្រមុខរដ្ឋស្ដីទី ដើម្បីស្នើអោយពិនិត្យឡើងវិញ សមាសភាពនៃក្រុមប្រឹក្សាជាតិបោះឆ្នោតនៃប្រទេស Bolivia ដែលអ្នកសង្កេតការណ៍គិតថា ស្ថាប័ននេះ អាចនឹងប្រឈមនឹងរំលាយឬរុះរើឡើងវិញ។ លោកស្រី Jeanine Anez ដែលស្ម័គ្រចិត្តធ្វើជាប្រមុខរដ្ឋស្ដីទី បានប្រកាស សន្យាពិនិត្យឡើង កិច្ចការ និងមន្ត្រីជាន់ខ្ពស់របស់ ក្រុមប្រឹក្សាជាតិបោះឆ្នោត Bolivia ហើយថា ការបោះឆ្នោតប្រធានាធិបតីឡើងវិញ នឹងធ្វើឡើងនៅឆ្នាំ២០២០។

លោកEvo Morales  បានឈ្នះជាថ្មីម្ដងទៀតនៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី២០តុលាដែលបានមកពីលទ្ធផល បោះឆ្នោតគ្មានភាពសុចរឹត និងត្រឹមត្រូវឡើយ។

ក្រុមប្រឆាំង បានបះបោរ ប្រឆាំងលទ្ធផលបោះឆ្នោត គឺបានផ្ទុះឡើងនៅទូទាំងប្រទេស ហើយនៅទីបំផុត ពួកកងទ័ពក៏បានចូលរួម ធ្វើបាតុកម្មដោយបង្ខំអោយ  លោកEvo Morales  រត់ឡើងយន្តហោះ ទៅជ្រកកោន នៅប្រទេសម៉ីចស៊ីកូ ជាមួយនឹងការទំលាក់លិខិតលាលែងពីតំណែង។ លោកEvo Morales  បានកាន់អំណាច តាំងពីឆ្នាំ២០០៦ ។ លោកបានរត់ទៅនៅប្រទេស ម៉ីចស៊ីកូនៅថ្ងៃទី១១វិច្ឆិកាអំឡុង កុប្បករបានឡោមព័ន្ធ គេហដ្ឋានរបស់ លោក និងឡោមព័ន្ធវិមានប្រធានាធិបតីនៅទីក្រុងSucre ជាប់រយៈពេល៣សប្ដាហ៍។

នៅក្នុងការបោះឆ្នោត ប្រជាមតិមួយ កាលពីឆ្នាំ២០១៦ ចង់ដឹងថាតើ ប្រជាជន Bolivia គួរបន្តអោយលោក Morales  បន្តកាន់អំណាចមួយអាណត្តិទៀតឬទេ គឺលទ្ធផល បង្ហាញថា ប្រជាជនមិនបានគាំទ្រលោក បន្តធ្វើជាប្រធានាធិបតី ទៀតឡើយ។ តែសម្រាប់លោកMorales  បានធ្វើមិនដឹងមិនលឺ និងមិនទទួលយកលទ្ធផលនោះទេ។ លោកថា លោកចង់បន្តរក្សាសន្តិភាព ជូនប្រជាជនជន Bolivia បន្តទៀត។ តែយ៉ាងណា ជនផ្ដាច់ការរូបនេះ ប្រាថ្នាចង់វិលមកប្រទេសវិញ ដើម្បីឈរឈ្មោះជាបេក្ខជនបោះឆ្នោត ជាថ្មី្មម្ដងទៀតព្រោះលោកគិតថា អ្នកគាំទ្រលោក នៅតែត្រូវការលោកជានិច្ច។  

ប៉ុន្តែលោកមិនអាចវិលមកប្រទេសបានឡើយ ដោយសារតែរដ្ឋាភិបាល របស់ លោកស្រី Jeanine Anez បានទទួលដីកាចាប់ខ្លួន ពីប៉ូលីសអន្តរជាតិរួចហើយ ប្រឆាំងរូបលោកក្នុងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ។ មួយវិញទៀត លោកMorales  ក៏រងបទចោទ ប្រកាន់រួចហើយដែរពីតុលាការនៃប្រទេស Bolivia ពីបទពុករលួយ បំពានអំណាចរដ្ឋ និង បទឧក្រិដ្ឋមួយចំនួន ដែលលោកប្រព្រឹត្តអំឡុង១៣ឆ្នាំ នៃការកាន់អំណាចជាប្រធានាធិបតី៕ 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស