28 C
Phnom Penh

ក្រុមអ្នកឃ្លាំមើលជំរុញ ឲ្យមានការផ្សះផ្សារនិងការបង្រួបបង្រួមជាតិតាមគោលការណ៍ប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លិខិតជូនការីនិពន្ធ ដែលរៀបរៀងដោយ លោក ហឿន វឿក ប្រធាន អង្គការសម្លេងខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ (KVD) ក្នុងទីក្រុងតាកូម៉ា រដ្ឋវ៉ាស៊ីនតុន សហរដ្ឋអាមេរិក ដែលជំរុញឲ្យមានការផ្សះផ្សារនិងការបង្រួបបង្រួមជាតិតាមគោលការណ៍ប្រជាធិបតេយ្យគឺជាជំរើសតែមួយគត់ដែលមានប្រយោជន៍សំរាប់ជាតិខ្មែរទាំងមូល។

ប្រវត្តិសាស្ត្រខ្មែរបានផ្តល់នូវបទពិសោធន៍គ្រប់គ្រាន់និងច្បាស់លាស់សំរាប់ជនជាតិខ្មែរ អំពីជំរើសនៃដំណោះស្រាយនយោបាយដើម្បីសន្តិភាព និងការកសាងជាតិពិតប្រាកដ។

មុនកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ខ្មែរបានច្បាំងគ្នាឥតឈប់ឈរ បង្ករអសន្តិសុខ សេចក្តីឈឺចាប់ខ្លោចផ្សារ និងភាពក្រីក្រក្នុងសង្គម ហើយពេលខ្លះខ្មែរស្លាប់ស្ទើរដាច់ពូជ។ ដោយសារតែផលប្រយោជន៍គ្រួសារនិងបក្សពួក អ្នកនយោបាយខ្មែរសុខចិត្តដាក់ជាតិក្រោមការការគ្រប់គ្រង ឬការបញ្ជាររបស់បរទេសដើម្បីជាថ្នូរអោយគេជួយការពារអំណាចរបស់ខ្លួនដែលដឹកនាំប្រទេសដោយមធ្យោបាយ ផ្តាច់ការ។

ថ្វីបើការគ្រប់គ្រងបែបផ្តាច់ការនោះបានផ្តល់សន្តិភាពក្នុងសង្គមនាសមយ័កាលខ្លះមែន ប៉ុន្តែយើងតែងតែឃើញថា សន្តិភាពនិងការអភិវឌ្ឍន៍ជាតិនាពេលនោះ ពុំមានភាពឋិតថេរឡើយ ដោយសារតែប្រជាពលរដ្ឋមានការឈឺចាប់នឹងអំពើអយុត្តិធម៌សង្គម ហើយការឈឺចាប់នោះបានជំរុញអោយមានការតស៊ូដោយហឹង្សារដើម្បីផ្លាស់ប្តូររបប។

ការច្បាំងគ្នារវាងខ្មែរ និងខ្មែរបានបន្តរហូតដល់ដើមទសវត្សឆ្នាំ១៩៩០ ដែលបានផ្តល់ឧិកាសដល់ប្រទេសវៀតណាមគ្រប់គ្រងប្រទេសខ្មែរពេញទំហឹងតាមរយៈរដ្ឋាភិបាលលោក ហ៊ុន សែន អស់រយៈពេលមួយទសវត្ស។

សង្គ្រាមរវាងខ្មែរ និងខ្មែរចុងក្រោយនេះបានបង្ហាញនូវភាពមិនចាញ់មិនឈ្នះរវាងខ្មែរនិងខ្មែរ និងជាមេរៀនមួយដែលបង្ហាញថា ខ្មែរមិនអាចប្រើមធ្យោបាយហឹង្សាដើម្បីដោះស្រាយបញ្ហាជាតិបានឡើយ។ ហេតុដូច្នេះហើយទើបខ្មែរគ្រប់ភាគីយល់ព្រមចូលតុចចារបង្កើតបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកាលពីខែតុលា ឆ្នាំ១៩៩១ ដែលជាមូលដ្ឋានសំរាប់ខ្មែរបង្រួបបង្រួមនិងផ្សះផ្សារជាតិដោយឈរលើគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្យ។

តាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ ប្រជាពលរដ្ឋខ្មែរទទួលបាននូវពន្លកប្រជាធិបតេយ្យបណ្តើៗដោយបានប្រើសិទ្ធិចូលរួមក្នុងគណបក្សនយោបាយ និងការបោះឆ្នោតជ្រើសរើសតំណាង ឬគណបក្សដែលខ្លួនពេញចិត្ត អ្នកនយោបាយខ្មែរខិតខំបង្ហាញទស្សនៈបំរើប្រជាពលរដ្ឋ ហើយសហគមន៍អន្តរជាតិបានផ្តល់ជំនួយអភិវឌ្ឍន៍គ្រប់វិសយ័ ដោយរួមទាំងប្រព័ន្ធអនុគ្រោះពន្ធដូចជា EBA និងGSP  ជាដើម។

កត្តាទាំងអស់នេះជាមូលដ្ឋានជំរុញអោយប្រទេសកម្ពុជាមានកំនើនសេដ្ឋកិច្ចប្រមាណ៧ខ្ទង់ជារៀងរាល់ឆ្នាំ ប៉ុន្តែមូលដ្ឋានទាំងនេះត្រូវបានបំផ្លាញតាមរយៈការចាប់លោក កឹម សុខា និងរំលាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧កន្លងទៅ និងបានដាក់ប្រទេសកម្ពុជា លើផ្លូវឆ្ពោះទៅរកវិបត្តិសង្គមសារជាថ្មី។

ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ននេះ តើលោក ហ៊ុន សែន គួរបន្តរុញកម្ពុជាទៅរកភាពជូចត់ដូចក្នុងប្រវត្តិសាស្ត្រ ឬគួររៀនសូត្រពីប្រវត្តិសាស្ត្រដើម្បីបង្រួបបង្រួម និងផ្សះផ្សារជាតិ? ចំលើយនៃសំណួរនេះគឺគេត្រូវរង់ចាំមើលលោក ហ៊ុន សែន ថា តើគាត់ចង់ក្លាយជាវិរជនបរទេសដោយបំផ្លាញជាតិឯងដូចស្តេចជយ័ជេដ្ឋាទី២? ឫ ជាវិរជនជាតិដោយការពារជាតិខ្លួនឯងដូចព្រះបាទជយ័វរ្មន័ទី៧?

តាមពិតទៅ ខ្មែរមានមូលដ្ឋានគ្រប់គ្រាន់ដើម្បីបង្រួបបង្រួមនិងផ្សះផ្សារជាតិ។ ក្នុងពេលប្ចុប្បន្ននេះ ប្រធានគណបក្សសង្គ្រោះជាតិ គឺ លោក កឹម សុខា ដែលតំណាងអោយភាគីប្រឆាំងដ៏ធំបំផុតនៅកម្ពុជា ធ្លាប់បានប្រកាសជាច្រើនលើកច្រើនសារថា លោកសុខចិត្តឈឺចាប់ដើម្បីអោយខ្មែរបានសុខ លោកមិនគុំគួនសងសឹក និងមិនយកខ្មែរណាធ្វើជាសត្រូវ ហើយប្រកាន់យកមាគ៌ាអហឹង្សាដើម្បីបង្រួបបង្រួមនិងផ្សះផ្សាជាតិ ។

រីឯប្រទេសអាមេរិកដែលលោក ហ៊ុន សែន ចោទថា ឃុបឃិតជាមួយលោក កឹម សុខា ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់គាត់នោះ ក៏ធ្លាប់បានបញ្ជាក់តាមរយៈលិខិតចុះថ្ងៃទី១ ខែវិច្ឆិកា របស់លោកប្រធានាធិបតី   ដូណាល់ ត្រាំ ថា សហរដ្ឋអាមរិកមិនគាំទ្រអោយមានការផ្លាស់ប្តូររបបនៅកម្ពុជានោះទេ។

អត្ថនយ័នៃលិខិតនេះមានភាពច្បាស់លាស់ថា អាមេរិកមិនមានផែនការគាំទ្របដិវត្តពណ៌ ដូចដែលលោក ហ៊ុន សែន បានចោទប្រកាន់មកលើលោក កឹម សុខា នោះទេ។ 

រីឯក្នុងប្រវត្តិសាស្ត្រវិញ ព្រះបាទជយ័វរ្មន័ទី៧បានបញ្ចប់ជំលោះសាសនារវាងព្រហ្មញសាសានា និងព្រះពុទ្ធសាសនា តាមរយៈការផ្តល់សេរីភាពអោយប្រជារាស្ត្រជ្រើសរើសជំនឿតាមបំណងរៀងៗខ្លួន ហើយព្រះអង្គខ្លួនឯងក៏បានធ្វើជាគំរូដោយទទួលយក និងគោរពសាសនាទាំងពីរ។ ជាមួយគ្នានេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក៏ជាឧទាហរណ៍ជាក់ស្តែងមួយទៀត។

ដូចអ្វីដែលបានលើកឡើងមកនេះ លោក ហ៊ុន សែន គួរតែពិចារណាងាកមករកផ្លូវបង្រួបបង្រួម និងផ្សះផ្សារជាតិ បើសិនជាលោក ហ៊ុន សែន នៅគិតពីប្រជាពលរដ្ឋខ្មែរ ព្រោះជាលទ្ធផលនៃការបង្រួបបង្រួមនិងផ្សះផ្សារជាតិម្តងៗ ជាតិខ្មែររមែងទទួលបានការរីកចំរើន ដូចជាឧទាហរណ៍នៃសមយ័ព្រះបាទជយ័វរ្មន័ទី៧ និងសមយ័ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៕

សូមបញ្ជាក់ថាខ្លឹមសារនៃលិខិតរបស់ លោក ហឿន វឿក ប្រធាន អង្គការសម្លេងខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ (KVD) ក្នុងទីក្រុងតាកូម៉ា រដ្ឋវ៉ាស៊ីនតុន សហរដ្ឋអាមេរិក ដែលជំរុញឲ្យមានការផ្សះផ្សារនិងការបង្រួបបង្រួមជាតិតាមគោលការណ៍ប្រជាធិបតេយ្យគឺជាជំរើសតែមួយគត់ដែលមានប្រយោជន៍សំរាប់ជាតិខ្មែរទាំងមូលនោះ មិនបានឆ្លុះបញ្ចាំងទស្សនៈរបស់សាព័ត៌មាន The Cambodia Daily នោះទេ។

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស