ពិតជាកំណត់ត្រាប្រវត្តិសាស្ត្រមែន ក្រោយពីអស់អំណាច កុំថាឡើយ បុគ្គលម្នាក់ឯងត្រូវមានទោស ជាប់ខ្លួន សូម្បីមិត្តភ័ក្តគ្រួសារ ប្រពន្ធកូន ក៏មានទោស ដែរ គឺយ៉ាងតិចណាស់អតីតគណៈរដ្ឋមន្ត្រី និងមន្ត្រី ជាង១០០នាក់ ត្រូវបានឃុំខ្លួន ពីបទពុករលួយ និងបទឧក្រិដ្ឋសឹងតែរាប់មិនអស់។
នេះ សម្រាប់ជនផ្ដាច់ការនៃប្រទេសូដង់ Omar Hassan al-Bashir ដែលប្រជាជនបានដេញទំលាក់ពីអំណាច កាលខែមេសា ឆ្នាំ២០១៩នេះ។ បន្ថែលើរឿងដ៏អាម៉ាស់នេះ គឺដល់ពេលបក្សរបស់ខ្លួន គឺបក្សសមាជជាតិ ធ្លាប់កាន់អំណាច ៣០ឆ្នាំក៏ត្រូវបានរំលាយចោលផងដែរក្រោមបទចោទជាច្រើន ក្នុងនោះ មានបទឧក្រិដ្ឋធំៗមួយចំនួន ពាក់ព័ន្ធនឹងការរំលោភសិទិ្ធមនុស្សនិងការសម្លាប់ក្រុមប្រឆាំងក្រៅប្រព័ន្ធ។
កាលពីថ្ងៃទី៣០វិច្ឆិកា រដ្ឋាភិបាលអន្តរកាលនៃក្រុមប្រឹក្សាស្រោចស្រង់ជាតិបានចេញសេចក្ដីសម្រេច បន្ទាប់ពីបានឆ្លងកាត់ការប្រជុំរយៈពេល ១៤ម៉ោង ដោយប្រកាសរំលាយបក្សសមាជជាតិ NCP ដោយរកឃើញថាគណបក្ស របស់អតីតជនផ្ដាច់ការ al-Bashir ជាអ្នកបង្កបញ្ហារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនឹងតាក់តែងច្បាប់ទាំងឡាយដើម្បីបម្រើតែបក្សនិងក្រុមរបស់ខ្លួនប៉ុណ្ណោះ។ នេះបើយោងតាមគេហទំព័រសារព័ត៌មានThe guardian ។
តាមប្រភពដដែលគេបានរកឃើញកំហុសរបស់គណបក្សសមាជជាតិគឺទី១ ជាអ្នកបង្កឱ្យមានការបះទង្គិចផ្នែកសាសនា។ ទី២ ការបំបិទសិទ្ធិសេរីភាពរបស់ស្រ្ដី ក្រោមច្បាប់របស់ឥស្លាមនិងទី៣ គឺច្បាប់ទាំងឡាយដែលមានចែងក្នុងក្រមព្រហ្មទណ្ឌគឺជាការបំបិទ សេរីភាពយ៉ាងធ្ងន់ធ្ងរទៅលើពលរដ្ឋស៊ូដង់។
នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលអន្ដរកាលគឺលោកAbala Hamdokបានហៅច្បាប់ដែលតាក់តែងឡើងដោយគណបក្សរបស់ជនផ្ដាច់ការ al-Bashir ថាជាឧបករណ៍នៃការបំផ្លាញភាពរស់រៀនមានជីវិតរបស់មនុស្សជាតិ រំលោភសិទ្ធិពលរដ្ឋដែលផ្ទុយនឹងច្បាប់ អន្ដរជាតិ។
ចំណែក លោក Seif Magango មកពីអង្គការលើកលែងទោសអន្ដរជាតិបាននិយាយថានេះជាការបោះជំហានដ៏ធំមួយឆ្ពោះទៅរកការលើកតម្កើងសិទ្ធិនិងសេរីភាពពលរដ្ឋស៊ូតង់ជាពិសេសគឺសិទ្ធិស្រ្ដី។
លោកថា ការទុកជាមោឃៈនៃច្បាប់សន្ដិសុខសាធារណៈដែលដាក់ចុះដោយអតីតបក្សកាន់អំណាចរបស់លោក al-Bashir គឺជាការឆ្លើយតបនឹងស្ថានភាពនយោបាយប្រទេសស៊ូដង់ឆ្ពោះទៅរកការដឹកនាំមួយបែបប្រជាធិបតេយ្យឡើងវិញ។
លោកបន្តថាច្បាប់របស់រដ្ឋាភិបាលអតីតប្រធានាធិបតី al-Bashir ធ្វើទុក្ខបុកម្នេញគាបសង្កត់ជាពិសេសទៅលើសិទ្ធិស្រ្ដីដោយយកច្បាប់សាសនាឥស្លាមធ្វើជាយន្ដការរបស់ខ្លួនហើយប្រឆាំងស្រ្ដីមិនឱ្យចូលពាក់ព័ន្ធនឹងរឿងបញ្ហាសង្គមឡើយ។
ដោយការរំលាយ អតីតបក្សកាន់អំណាចរដ្ឋាភិបាលអន្ដរកាលនៃប្រទេសស៊ូដង់ត្រូវបានមើលឃើញថាត្រូវបង្ខំចិត្តធានាថារបបផ្ដាច់ការលោក al-Bashir ពិតជាត្រូវបានរំលាយទាំងស្រុងព្រោះតែបក្សបង្កបទឧក្រិដ្ឋធំៗ ប្រឆាំងនឹងមនុស្សជាតិ។
លោក Nick Chesseman អ្នកជំនាញកិច្ចការនយោបាយអាហ្វ្រិកនៅសកលវិទ្យាល័យBriminham យល់ឃើញថាការរំលាយគណបក្សនៃអតីតគណបក្សកាន់អំណាចរបស់លោក al-Bashir គឺជា ការសាកល្បងមួយដ៏រស៊ើបរបស់រដ្ឋាភិបាលស្រោចស្រង់ជាតិដែលជាការប្រឆាំងនឹងមហិច្ឆិតារបស់អ្នកនយោបាយនៃអតីតគណបក្សធ្លាប់កាន់អំណាចជាង៣ទសវត្សរបស់ជនផ្ដាច់ការម្នាក់នេះ ដែលឡើងកាន់អំណាចដំបូងតាមរយៈរដ្ឋប្រហារនៅឆ្នាំ១៩៨៩។
The guardian បានឱ្យដឹងថាអតីតគណបក្សកាន់អំណាចរបស់ប្រធានាធិបតី al-Bashir ក៏រងការរឹបអូសទ្រព្យសម្បត្តិនិងហិរញ្ញវត្ថុរបស់គណបក្សនេះផងដែរ។
លោករដ្ឋមន្រ្ដីក្រសួងយុត្តិធម៌Nasredden Abdulbarhi បានបញ្ជាក់បន្ថែមថាទ្រព្យសម្បត្តិរបស់គណបក្សនេះនឹងត្រូវបានរឹបអូសហើយបក្សនេះត្រូវបានរំលាយចោលទាំងស្រុង។
តែសម្រាប់មេដឹកនាំម្នាក់របស់គណបក្សសមាជជាតិនេះគឺអអតីតរដ្ឋមន្រ្ដីការបរទេIbrahim Ghandorបានប្រឆាំងដាច់ខាត ដោយបានហៅសេចក្ដីសម្រេចរបស់រដ្ឋាភិបាលស្រោចស្រង់ជាតិនេះថាបានរំលោភធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញនិងប្រឆាំងមាគ៌ាប្រជាធិបតេយ្យរបស់ជាតិ។
លោកថាគណបក្សរបស់លោកនឹងតស៊ូមតិប្រឆាំងដាច់ខាតចំពោះសេចក្ដីសម្រេចនៃការរំលាយគណបក្សរបស់លោក។
លោកបានដាក់ជាសំណួរថាតើឯណាទៅដែលគេថាជាអ្នកបង្កើតឱ្យមានសេរីពហុបក្សនិងប្រជាធិបតេយ្យនោះ។ប៉ុន្ដែរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌បានបញ្ជាក់ ថាការរំលាយគណបក្សសមាជជាតិនេះមិនមែនជាការសងសឹង ផ្នែកនយោបាយនោះទេ។លោកថា បក្សនេះមានជាប់រឹសគល់ស៊ីជម្រៅនៃបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ។
គណបក្សសមាជជាតិរបស់ជនផ្ដាចការ al-Bashir ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩២ក្រោយពីបុរសខ្លាំងរូបនេះឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារឆ្នាំ១៩៨៩។
ប្រជាជនស៊ូដង់ដែលជាអ្នកស្រលាញ់ប្រជាធិបតេយ្យនិងសេរីភាពបានអបអរសា ទរជាខ្លាំងចំពោះសេចក្ដីសម្រេចនៃការរំលាយគណបក្សដែលធ្លាប់កាន់អំណាចដោយការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនេះ។
ក្រុមអ្នកការពារសិទ្ថិមនុស្សនិងសមាគមវិជ្ជាជីវៈនៃប្រទេសស៊ូដង់ដែល និយាយថា ការរំលាយគណបក្សនេះព្រោះបក្សនេះជាអ្នកបង្កឱ្យមានការរើសអើងក្នុងសង្គមព្រោះការតាក់តែងច្បាប់ទាំងឡាយគ្រាន់តែជាការរៀបចំដើម្បីការពារបក្សរបស់ខ្លួននិងអំណាចបក្សនេះតែប៉ុណ្ណោះ។
ស្របពេលនេះដែរ ប្រជាជនស៊ូដង់ភាគច្រើនដែលបាត់បង់សាច់ញាតិរបស់ខ្លួននៅក្រោមការដឹកនាំរបស់លោក al-Bashir នៅតែ គាបសង្កត់លើរដ្ឋាភិបាលថ្មីអោយបញ្ចូនខ្លួន លោក al-Bashir ទៅតុលាការឧក្រិដ្ឋកម្មអន្ដរជាតិICCដើម្បីឱ្យបុរសនេះប្រឈមមុខនឹងការកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងការសម្លាប់បាតុករជាង១០០នាក់ដែលបានស្លាប់នៅក្នុងការធ្វើបាតុកម្មរយៈពេលបីខែរហូតដល់ការបញ្ចប់អំណាចលោក al-Bashir បានទាំងស្រុងកាលពីខែមេសាឆ្នាំ២០១៩។
លោក al-Bashir មកដល់ពេលនេះ លោក ត្រូវបានតុលាការឧក្រិដ្ឋកម្មអន្ដរជាតិICC ចេញដីការនាំខ្លួន ៣លើកមកហើយ អោយនាំខ្លួនលោកទៅកាន់ក្រុងឡាអេ ដើម្បីបើកសំនុំរឿងក្ដីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ប្រឆាំងនឹងលោក ដែលបង្កសង្រ្គាមស៊ីវិលនៅតំបន់ដាហ្វ័រ ដោយសម្លាប់រង្គាល លើជនស៊ីវិល ក្នុងសង្រ្គាម រវាងឆ្នាំ ១៩៨៣ ដល់ឆ្នាំ២០០៥ ។
ជនផ្ដាច់ការរូបនេះ បានទទួលដីកាលើកទី៣ ពីICC គឺជាដីកាប្រឆាំងនឹងលោកពីបទ សម្លាប់បាតុករ ស្លាប់ជាង១០០នាក់ មុនលោកត្រូវបានផ្ដួលរំលំ។ តែរដ្ឋាភិបាល អន្តរកាលបានអះអាងថា លោក al-Bashir ត្រូវកាត់ទោស នៅក្នុងប្រទេសជាមុន សិន ក្នុងករណីពុករលួយ ដែលគេបានរកឃើញលុយរាប់ម៉ឺនដុល្លារនៅពេល កងទ័ពចូលឆេកឆេរភូមិគ្រឹះរបស់លោក នៅរដ្ឋធានីKhartoum កាលពីថ្ងៃទី១១មេសា ដើម្បីនាំខ្លួនមកដាក់គុកយោធានៃប្រទេសនេះ៕