ក្រុមប្រជាសហគមន៍មានជម្លោះដីធ្លីនៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំបាននាំគ្នាយកឱកាសនៃការរៀបចំប្រារពន្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧១ នាឆ្នាំនេះ អំពាវនាវឱ្យតុលាការដោះលែងតំណាងរបស់ពួកគាត់ពីរនាក់ រួមមានលោក សែម សាង និងលោក ផុន ឈឿន ឱ្យមានសេរីភាពឡើងវិញ។
ការអំពាវនាវនេះធ្វើឡើង នៅព្រឹកនេះ ក្នុងសហគមន៍ភូមិស្រែប្រាំងជាទីតាំងពលរដ្ឋនៅតំបន់នោះ និងពលរដ្ឋពីរភូមិផ្សេងទៀតកំពុងមានបញ្ហាជម្លោះដីសហគមន៍ជាមួយក្រុមហ៊ុនចិន ឈ្មោះ ហាមូនីវេនអ៊ិនវេសមេន (Harmony Investment)។
ប្រជាសហគមន៍នៅឃុំត្រពាំងព្រីងនាព្រឹកនេះ នាំគ្នាលើករូបថត ដែលជាតំណាងសហគមន៍របស់ពួកគេ ដែលត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនទាំងអយុត្តិធម៌ កាលពីខែវិច្ឆិកា ក្រោយពេលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនមួយនេះ។
ប្រជាសហគមន៍មួយរូប និងជាប្អូនរបស់លោក សែម សាង គឺ លោក សែម ចំណាន បានអំពាវនាវឱ្យលោកតុលាការឬ រដ្ឋាភិបាលដោះលែង និងទម្លាក់ចោលការចោទប្រកាន់លើតំណាងសហគមន៍របស់ពួកគាត់ទាំងពីរនាក់ ដោយលោកហៅការចាប់ខ្លួន និងចោទប្រកាន់លើអ្នកទាំងពីរថាធ្វើឡើងដោយគ្មានការស៊ើបអង្កេតច្បាស់លាស់។
ប្រភពដដែល ហៅការឃុំខ្លួនតំណាងសហគមន៍របស់ខ្លួនថាធ្វើឡើងដោយអយុត្តិធម៌។
បញ្ហាជម្លោះដីធ្លីរវាងប្រជាសហគមន៍នបីភូមិរួមមានភូមិស្រែប្រាំង ភូមិបុស្នោរ និងភូមិជីទ្រុន ឃុំត្រពាំងព្រីង ស្រុកតំបែរខេត្តត្បូងឃ្មុំ ជាមួយក្រុមហ៊ុនចិន ឈ្មោះ ហាមូនីវេនអ៊ិនវេសមេន (Harmony Investment)កើតឡើងក្រោមពេលអាជ្ញាធរមូលដ្ឋានកាលពីឆ្នាំ២០១១ បានប្រាប់ឱ្យពលរដ្ឋផ្តិតមេដៃលក់ដីជាថ្នូរ ទៅនឹងការបានប្រាក់មួយគ្រួសារ ២លានរៀល ប៉ុន្តែពលរដ្ឋអះអាងថាអាជ្ញាធរពេលនោះមិនបានបញ្ជាក់ថាដីនៅតំបន់ណានោះឡើយ។
បច្ចុប្បន្នក្រុមហ៊ុននេះ ទទួលបានដីសម្រាប់ធ្វើកសិកម្មមានទំហំប្រមាណ១ពាន់ហិកតា ប៉ុន្តែសង្គមស៊ីវិលធ្លាប់លើកឡើងថាការទទួលបានដីរបស់ក្រុមហ៊ុននេះ ជារឿងខុសច្បាប់ ត្បិតមិនមែនទទួលបានតាមរយៈផ្តល់សម្បទានសេដ្ឋកិច្ចពីរដ្ឋឡើយ តែជាការប្រមូលទិញដី សហគមន៍របស់ពលរដ្ឋទៅវិញ។
ពលរដ្ឋអះអាងថា បច្ចុប្បន្នតំបន់ដីមានជម្លោះនៅមិនទាន់បានដោះស្រាយចប់នៅឡើយ ដែលធ្វើឱ្យពលរដ្ឋទៅដាំដុះដំណាំ តែងរងការបំផ្លាញពីសំណាក់ខាងក្រុមហ៊ុន រហូតធ្វើឱ្យមានជម្លោះកាន់តែខ្លាំងនៅដើមខែធ្នូនេះ។
ពលរដ្ឋស្នើឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាជម្លោះដីធ្លីនេះ ដោយយកដីទាំងនោះមករក្សាជាដីសមូហភាពវិញ ជាជាងបានទៅលើដីក្រុមហ៊ុន ដែលបង្កការលំបាកដល់ពលរដ្ឋតំបន់នោះ ដូចជាពិបាកធ្វើដំណើរកាត់តាមដីក្រុមហ៊ុន និងពិបាកចូលរកផលអនុផលព្រៃឈើ ឬ នេសាទនៅតំបន់នោះជាដើម៕