Sanna Marin វ័យ៣៤ឆ្នាំ បានកំពុងឈោងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេស ហ្វាំងឡង់ ជាស្ត្រីដែលមានវ័យក្មេងជាងគេ លើពិភពលោក។ អ្នកស្រីនឹងត្រូវបង្ហាញខ្លួនដើម្បីសុំការទុកចិត្តពីសមាជិកសភាដើម្បីអោយអ្នកស្រីបង្កើតគណៈរដ្ឋមន្ត្រីថ្មី។
អ្នកស្រី ត្រូវបានបោះឆ្នោតគាំទ្រ ពីក្រុមប្រឹក្សាគណបក្សរបស់អ្នកស្រី គឺគណបក្ស សង្គមប្រជាធិបតេយ្យ កាលពីថ្ងៃអាទិត្យទី៨ ខែធ្នូ ។
ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានចុះផ្សាយថា អ្នកស្រី Sanna Marin ឡើងកាន់តំណែងនេះ ជំនួស លោក Antti Rinne ដែលបាន លាលែងពីតំណែង ហើយចំណែកអ្នកស្រី Sanna Marin នឹងស្បថចូលកាន់តំណែងនៅថ្ងៃទី១០ ខែធ្នូចំទីវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧១ តែម្តង។
លោកស្រី Sanna Marin ទទួលបានការគាំទ្រយ៉ាងប្រកៀកប្រកិតនៅក្នុងការបោះឆ្នោតផ្ទៃក្នុងបក្សសង្គមប្រជាធិបតេយ្យគឺមានសំឡេង៣២ ទល់ ២៩ ។ បក្សនេះ មានសំឡេងច្រើនក្នុងសម្ព័ន្ធភាពចម្រុះ៥ក្រុម កំពុងកាន់អំណាច។
លោកស្រី Sanna Marinត្រូវបន្តដឹកនាំរដ្ឋាភិបាល ពីលោក Antti Rinne ដែលបានដាក់ពាក្យលាលែងបន្ទាប់ពីលោក បាត់បង់ទំនុកចិត្តពីបក្សកណ្ដាលនិយមកាលពីសប្ដាហ៍មុន ដោយសារមិនអាចដោះស្រាយបានបញ្ហាកុប្បកម្មរបស់យុវជននៃក្រុមហ៊ុនប្រៃសណីយ៍។
លោក Rinne ដែលដឹកនាំរដ្ឋាភិបាលចាប់ពីខែមិថុនាមក ស្ថិតការសង្ស័យថា បានគាំទ្រគម្រោងកាត់បន្ថយបុគ្គលិកក្រុមហ៊ុនប្រៃសណីយ៍ហ្វាំងឡង់ចំនួន៧០០នាក់។ ចំណុចគុណវិបត្តិនេះ ទើបបក្សកណ្ដាលនិយមសរបស់លោកម្រេចដកសេចក្ដីទុកចិត្តពីរូប លោក។
ប៉ុន្តែ បញ្ហាចម្បងដែលអ្នកស្រី Marin ត្រូវដោះស្រាយជាបន្ទាន់ គឺការតវ៉ាជាច្រើនថ្ងៃរបស់បុគ្គលិកប្រៃសណីយ៍ ។
នាយករដ្ឋមន្ត្រីវ័យក្មេងជាងគេនៃប្រទេសប្រជាធិបតេយ្យជឿនលឿន អ្នកស្រី Marin បាននិយាយប្រាប់ អ្នកសារព័ត៌មានថាអ្នកស្រីមិនដែលគិតពីអាយុ និងភេទរបស់អ្នកស្រីម្ដងណាឡើយ។
នៅលើពិភពលោកនេះ មានរឿងចម្លែកគួរ ចងចាំចំពោះមេដឹកនាំនៃបណ្ដាប្រទេសមួយចំនួន ។ ប្រទេសខ្លះ មានមេដឹកនាំចង់បន្តអាណត្តិ នៃការដឹកនាំបន្តបន្ទាប់ រហូតទាល់តែមានការបណ្ដេញពីអំណាចដោយ កម្លាំងប្រជាជន និងកងទ័ព។ លោក រូបើតមូហ្គាបេ ប្រធានាធិបតីនៃប្រទេសហ្សិបបាវ៉េ ត្រូវ បានប្រជាជននិងកងទ័ពទំលាក់ពីអំណាចកាលពីចុងឆ្នាំ២០១៧ ក្នុងអាយុ៩៣ឆ្នាំ។
ចំណែកមេដឹកនាំនៃប្រទេសខ្លះទៀត ទោះជាខ្លួនមានវ័យជិត១០០ឆ្នាំ ក៏មានមហិច្ឆតា ដឹកនាំ រដ្ឋាភិបាលដែរ ដូចជា មេដឹកនាំកំពុងកាន់តំណែងមានវ័យចំណាស់ជាងគេ គឺនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី មហាធៀ មហាម៉ាត់ ដែលមានវ័យ៩៤ឆ្នាំ។ តែលោកមហាធៀឡើងកាន់តំណែង ជាថ្មីនេះ តាមរយៈការបោះឆ្នោត។ សម្រាប់អ្នកស្រី Sanna Marin នៅតែជាស្ត្រីនាយករដ្ឋមន្ត្រីកេ្មងជាងគេ នៅលើពិភពលោក គឺក្មេងជាងនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក អូលីសី ហន់ចារុក (Oleksiy Honcharuk) ដែលមានវ័យ៣៥ឆ្នាំ។ សម្រាប់ជនផ្ដាច់ការកូរ៉េខាងជើងគីមជុងអ៊ុន បានស្នងតំណែងពីឪពុក គឺបច្ចប្បន្នមានវ័យ៣៦ឆ្នាំ។ នៅពេលលោកកាន់តំណែងគឺលោកមានអាយុ ២៩ឆ្នាំ ជាមេដឹកនាំផ្ដាច់ការក្មេងជាងគេបង្អស់លើពិភពលោក។
ចំណែកប្រទេស El Salvador គឺប្រធានាធិបតីអាយុ ៣៨ឆ្នាំ គឺលោក ណាយីប ប៊ូគេឡេ (Nayib Bukele) ។
សម្រាប់ អ្នកស្រី Sanna Marinនឹងក្លាយជានាយករដ្ឋមន្ត្រី ពេញសមត្ថភាពក្រោយពីសភា បោះឆ្នោត គាំទ្រ គណៈរដ្ឋមន្ត្រីរបស់អ្នកស្រី ។
រដ្ឋសភាប្រទេសហ្វាំងឡង់ មានអាសនៈសរុប ២០០ អាសនៈ។សម្រាប់បក្សចម្រុះ របស់អ្នកស្រី មានសំឡេងភាគច្រើនដល់ទៅ ១១៧អាសនៈ។
សព្វថ្ងៃអ្នកស្រី មានស្វាមី និងមានកូនម្នាក់។ លោកស្រីបានរៀនចាប់ថ្នាក់បរិញ្ញាប័ត្រ វិទ្យាសាស្ត្ររដ្ឋបាល សាធារណៈ ក្រោយពីអ្នកស្រី បានក្លាយជាក្រុមប្រឹក្សាក្រុងនៅឆ្នាំ២០១២។ នៅឆ្នាំ២០១៣ អ្នកជាប់ជាប្រធានក្រុមប្រឹក្សា និង២០១៧ ជាប់ឆ្នោត ក្នុងតំណែងនេះដដែល។ តែនៅឆ្នាំ២០១៤ អ្នកស្រីSanna Marin ត្រូវបានបោះឆ្នោត ជាប់ជាអនុប្រធាននៃគណបក្ស សង្គមប្រជាធិបតេយ្យ ។ នៅឆ្នាំ២០១៥ អ្នកស្រីជាប់ឆ្នោតជាសមាជិកសភា ហើយនៅខែមិថុនា ឆ្នាំ២០១៩នេះ អ្នកស្រីត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងទូរគមនាគមន៍ប្រៃសណីយ៍។
បច្ចុប្បន្ន ប្រទេសហ្វាំងឡង់ ជាប្រធានប្រចាំឆ្នាំ នៃសហភាពអឺរ៉ុប រហូតដល់ចុងឆ្នាំនេះ។ សមាជិកសភា នៃប្រទេសហ្វាំងឡង់ នឹងបោះឆ្នោតអនុម័ត សេចក្ដីទុកចិត្តលើបេក្ខភាពនិង គណៈរដ្ឋថ្មីរបស់អ្នកស្រីភ្លាមៗនេះ ដើម្បីអោយអ្នកស្រី ទៅចូលរួមជំនួបកំពូល សហភាពអឺរ៉ុប នៅថ្ងៃទី១២ -១៣ ធ្នូ នៅទីក្រុងព្រុចហ្សែល ប្រទេសប៊ែលហ្សិកដែលអ្នកស្រី ជាប្រធាននៃជំនួបកំពូលនោះថែមទៀត៕