ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ធន់ សារ៉ាយ បានលើកឡើងថា ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឱ្យបានត្រឹមត្រូវ ពុំមែនជាការធ្វើឱ្យបាត់បង់អធិបតេយ្យភាព ឯករាជ្យរបស់ជាតិ ឬជាការអោនក្បាលដាក់បរទេសនោះឡើយ។ ប៉ុន្តែលោកថាការគោរពសិទ្ធិមនុស្ស និងដើរលើផ្លូវគន្លងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គឺជាការអនុវត្តតាមរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិ យ៉ាងពិតប្រាកដ ដែលមានចែងតាំងពីឆ្នាំ១៩៩៣មកម្លេះ។
តែយ៉ាងណាលោក ធន់ សារ៉ាយ ថា ការដឹកនាំប្រទេសដែលធ្វើឱ្យបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប ដោយសារតែការអនុវត្តមិនបានត្រឹមត្រូវនូវគោលការណ៍គោរពសិទ្ធិមនុស្ស សិទ្ធិការងារ និងលទ្ធិប្រជាធិបតេយ្យ ដែលជាការអនុវត្តច្បាប់កម្ពុជាទៅវិញទេ ដែលជារឿងអាម៉ាស់ និងសោកស្តាយបំផុតសម្រាប់ប្រវត្តិសាស្ត្ររបស់កម្ពុជា។
ប្រធានសមាគមសិទ្ធិមនុស្សរូបនេះ ថា ប្រសិនបើ EBA បាត់បង់ ផលប៉ះពាល់ សេចក្តីឈឺចាប់នឹងកើតមានចំពោះពលរដ្ឋក្រីក្រ ពលរដ្ឋទន់ខ្សោយដែលមានចំនួនយ៉ាងច្រើននៅកម្ពុជានាពេលបច្ចុប្បន្ន។
លោកធន់ សារ៉ាយ បានចោទជាសំណួរថាអ្នកដឹកនាំនឹងមានការឈឺចាប់ជាមួយពលរដ្ឋដែលមានឈាមជ័រជាខ្មែរដែរឬទេ ? ឬ ទាល់តែប៉ះពាល់សាច់ឈាមរបស់ខ្លួនឯង ទើបអស់លោកអ្នកដឹកនាំនយោបាយទាំងនោះមានការឈឺចាប់?
លោកថា ពិតណាស់ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងមិនប៉ះពាល់អ្នកមានអំណាចឬ សែស្រឡាយអ្នកធំ អ្នកមាន ព្រោះពួកគេមានប្រាក់ មានទ្រព្យសម្បត្តិវាល់លានទៅហើយ ប៉ុន្តែសំណួរមួយទៀតនោះ លោកថា តើអស់លោកអ្នកដឹកនាំនយោបាយអាចសប្បាយរីករាយលើគំនរទុក្ខវេទនារបស់ពលរដ្ឋទន់ខ្សោយឬ ក្រីក្រកើតដែរឬទេ? ឬ ក៏យករាស្ត្រគ្រាន់តែជាឧបករណ៍ ឬ ជាឈ្នាន់ដើម្បីសម្រេចបំណងប្រាថ្នាក្តោបក្តាប់អំណាច និងទ្រព្យសម្បត្តិមហាសាលរបស់ខ្លួនប៉ុណ្ណោះទេ?
លោក ធន់ សារ៉ាយ ក៏បានស្នើឱ្យអ្នកដឹកនាំនយោបាយបញ្ឈប់ចិត្តអស្មិមនៈ ដោយចង់ចាញ់ចង់ឈ្នះតែខ្មែរគ្នាឯង ឥតឈប់ឈរ ហើយសុខចិត្តយកចិត្តយកថ្លើមបរទេស ដោយយកគេជាមិត្ត ប៉ុន្តែយកខ្មែរឯងជាសត្រូវនោះ។
លោក ស្នើឱ្យអ្នកនយោបាយវិលមករកកិច្ចចរចា ដើម្បីការពារផលប្រយោជន៍ ជាតិនិងប្រជាជនឡើងវិញ។
ស្របគ្នានេះ ដែរ កាលពីថ្ងៃទី៣ ខែធ្នូ អង្គការ ខ្មែរ-អារិកកាំងដើម្បីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានផ្ញើលិខិតចំហមួយទៅកាន់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលមានកាតព្វកិច្ចដោះស្រាយ និងធ្វើតាមសំណូមពររបស់សហភាពអឺរ៉ុប។
អង្គការនេះ បានស្នើឱ្យរដ្ឋាភិបាលលោកហ៊ុន សែន ស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាពសារព័ត៌មាន ដោះលែងលោក កឹម សុខា និងអ្នកនយោបាយជាប់ឃុំផ្សេងទៀត។ បន្ថែមពីនេះ ផ្តល់សិទ្ធិឱ្យគណបក្សសង្រ្គោះជាតិអាចរស់ឡើង និងរៀបចំការបោះឆ្នោតឡើងវិញប្រកបដោយភាពយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យផងដែរ។
អង្គការដដែលនេះ សង្ឃឹមថាប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន នឹងពិចារណាស៊ីជម្រៅ និងមានចក្ខុវិស័យវែងឆ្ងាយគិតអំពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដល់ប្រទេសកម្ពុជានិងប្រជាពលរដ្ឋក្រីក្រ មានប្រមាណ៣លាននាក់ ដែលនឹងរងគ្រោះដោយការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុបនាពេលខាងមុខ។
យ៉ាងណាក៏ដោយលោក ហ៊ុន សែន ធ្លាប់បានអះអាងហើយថា នឹងមិនអោនក្បាលដាក់បរទេសជាថ្នូរនឹងការអនុគ្រោះអ្វីនោះឡើយ ហើយរដ្ឋាភិបាលរបស់លោកក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធណាមួយកើតឡើងទៀតផង។
យ៉ាងនេះក្តី សម្រាប់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបបានផ្តល់ឱ្យកម្ពុជាទទួលផលចំណេញដោយការនាំទំនិញទៅអឺរ៉ុបដោយមិនយកពន្ធ លើកលែងតែអាវុធ ក្នុងមួយឆ្នាំ ជិត៧ រយលានដុល្លារសហរដ្ឋអាមេរិក។
ទំហំទឹកប្រាក់នេះ អ្នកជំនាញសេដ្ឋកិច្ចព្រមានថាជាការបាត់បង់ធំធេងសម្រាប់សេដ្ឋកិច្ចដូចកម្ពុជាបច្ចុប្បន្ន ដោយគិតជាមធ្យមកម្ពុជាត្រូវខាតបង់ក្នុងមួយថ្ងៃប្រមាណ២លានដុល្លារសហរដ្ឋអាមេរិក។
រដ្ឋាភិបាលមានរយៈពេល៣ ថ្ងៃទៀតប៉ុណ្ណោះ ក្នុងការឆ្លើយតបទៅនឹងរបាយការណ៍ស្រាវជ្រាវរបស់អឺរ៉ុប ហើយនៅខែកុម្ភៈឆ្នាំ ក្រោយគណៈកម្មការសហភាពអឺរ៉ុប នឹងសម្រេចជាផ្លូវការថាដកឬ មិនដកប្រព័ន្ធអនុគ្រោះពន្ធរបស់ខ្លួនមកលើកម្ពុជា។
បើតាមអ្នកជំនាញអះអាងថា ប្រសិនបើមានការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធនេះ កម្ពុជាត្រូវការពេលវេលាប្រមាណ១០ឆ្នាំ ទើបមានសិទ្ធិស្នើសុំភ្ជាប់ប្រព័ន្ធអនុគ្រោះពន្ធនេះឡើងវិញ៕