លោក ហ៊ុន សែន និង លោក កឹម សុខា ផ្ញើរសារអបអរទិវាសិទ្ធិមនុស្សអន្តរជាតិដោយអត្តន័យផ្សេងគ្នា

ក្នុងឱកាសខួបលើកទី៧១ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ «១០ធ្នូ» នៅថ្ងៃនេះ ថ្នាក់ដឹកនាំគណបក្សកាន់អំណាច និងថ្នាក់ដឹកនាំបក្សប្រឆាំង បានបញ្ចេញសារអបអរសាទរក្នុងអត្ថន័យផ្សេងគ្នា។

សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែមិនភ្លេចឡើយក្នុងការប្រៀបធៀបសិទ្ធិសេរីភាពកាលពីសម័យខ្មែរក្រហមចន្លោះពីឆ្នាំ១៩៧៥ ដល់១៩៧៩ និងសិទ្ធិសេរីភាពក្រោមការគ្រប់គ្រងរបស់លោកនាពេលបច្ចុប្បន្ន។

លោក ថា សម័យខ្មែរក្រហម ឬ ប៉ុលពត ពលរដ្ឋគ្មានសិទ្ធិអ្វីទាំងអស់ សូម្បីសិទ្ធិរស់រានមានជីវិត ប៉ុន្តែបច្ចុប្បន្នវិញពលរដ្ឋមានសិទ្ធិសេរីភាព រស់នៅ និងប្រកបការងារតូចធំ ជ្រើសរើសជំនឿសាសនា និងសិទ្ធិបោះឆ្នោតជ្រើសតាំងមេដឹកនាំដែលខ្លួនពេញចិត្តដោយសេរី ហើយសិទ្ធិសេរីភាពក៏បានធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើនជឿនលឿនទៅមុខ។

យ៉ាងនេះក្តី លោកហ៊ុន សែន មិនបានបង្ហើបអំពីមូលហេតុចម្បងនៃការដួលរំលំរបបនេះ គឺដោយសារតែពលរដ្ឋរងភាពអយុត្តិធម៌ រងការគាបសង្កត់ និងគ្មានសិទ្ធិសេរីភាពឬ ដោយសារតែសេរីភាពក្លែងក្លាយក្នុងរបបរបស់ពួកគេប្រាប់ពលរដ្ឋនោះឡើយ។

សម្រាប់ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា វិញ បានលើកឡើងលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិក្រោមពាក្យស្លោករបស់ខ្លួនថា «ការពារសិទ្ធិមនុស្ស គឺថែរក្សាសន្តិភាព»។

លោក កឹម សុខា ថ្លែងថា ការរំលោភសិទ្ធិមនុស្ស នាំមកនូវភាពអយុត្តិធម៌ បង្កការឈឺចាប់ បណ្តាលឲ្យមានការរើបម្រះ ហើយអាចនាំមកនូវអស្ថេរភាពសង្គម ដែលជាកត្តានាំឲ្យប៉ះពល់ដល់សន្តិភាពទាំង មូល។

លោកបញ្ជាក់ថា ខ្លឹមសារនៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលគោរពតាមគោលការណ៍សិទ្ធិមនុស្សជាសកលរបស់អង្គការសហប្រជាជាតិ គឺការការពារសិទ្ធិមនុស្ស ជាការចាំបាច់ដើម្បីចៀសវាងកុំឲ្យមនុស្សត្រូវបង្ខំចិត្តជ្រើសរើសយកការប្រឆាំងនឹងការគៀបសង្កត់ រំលោភបំពានណាមួយ ដោយពឹងផ្អែកលើការរើបម្រះបះបោរ។

លោកបន្តថា មនុស្សមួយចំនួនយល់ច្រឡំថា ដើម្បីរក្សាសន្តិភាព សង្គមមួយត្រូវបិទឬកាត់បន្ថយសិទ្ធិរបស់ប្រជាពលរដ្ឋ ប៉ុន្តែលោកថានេះជាការយល់ខុស។

លោកបន្តថា សង្គមមួយមានស្ថេរភាពទៅបានលុះត្រាតែមនុស្សគ្រប់រូបក្នុងសង្គមនោះទទួលបាននូវយុត្តិធម៌ ពោលគឺមានសិទ្ធិសេរីភាពនិងមិនត្រូវបានគេរំលោភបំពាន ហើយការចូលរួមលើកកំពស់និងការពារសិទ្ធិមនុស្ស មិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ពីសំណាក់បរទេសនោះឡើយ។

ការលើកឡើងរបស់អ្នកនយោបាយនេះ ស្របពេលដែលក្រុមអង្គការ សង្គមស៊ីវិល សហជីព ប្រជាសហគមន៍បានប្រមូលផ្តុំគ្នារៀបចំទិវានេះនៅទីលានប្រជាធិបតេយ្យថ្មី ក្នុងទីក្រុងភ្នំពេញកាលពីព្រឹកម៉ិញ។

ពួកគេបានស្នើឱ្យរដ្ឋាភិបាលផ្តល់សិទ្ធិសេរីភាពដល់ពលរដ្ឋគ្រប់រូប ឱ្យបានពេញលេញ ដោយពួកគេយល់ថាកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅតែរងការគាបសង្កត់ គំរាមកំហែង បំភិតបំភ័យ ទៅលើសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។

ជាក់ស្តែងរដ្ឋាភិបាលក៏បានសម្រេចលុបចោលទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូ ចេញពីការឈប់សម្រាកប្រចាំឆ្នាំរបស់ជាតិ ដែលធ្វើឱ្យពួកគេកាន់តែបារម្ភចំពោះការរឹតត្បិតបន្ថែមទៀត ហើយដែលនាំឲ្យការប្រារព្ធទិវានេះនៅឆ្នាំក្រោយៗទៀត នឹងកាន់តែជួបការលំបាក៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.