អតីតគណបក្សសង្រ្គោះជាតិមួយចំនួន ដែលទើបទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញពីលោក ហ៊ុន សែន នោះ គ្រោងបង្កើតគណបក្សនយោបាយថ្មីមួយ ដែលជាបក្សប្រឆាំងនឹងរដ្ឋាភិបាល។
លិខិតប្រកាសព័ត៌មានមួយនៅថ្ងៃនេះ ដែលមានឈ្មោះអតីតមន្ត្រីបក្សសង្រ្គោះជាតិមួយចំនួនរួមមាន លោក ជីវ កត្តា លោក កង គឹមហាក់ លោក ស៊ឹម សុវណ្ណនី លោក ខឺយ ស៊ីនឿន លោកអាន ភារ៉ា លោក សុខ នីមល លោក សៀវ បុត និង លោក ចាន់ នីន ផងដែរ។
សេចក្តីប្រកាសព័ត៌មាននេះ បញ្ជាក់ថា ផែនការបង្កើតគណបក្សនយោបាយថ្មីនេះ ក្រោយពេលពួកគេមើលឃើញអំពីស្ថានភាពនយោបាយ នាពេលបច្ចុប្បន្ន គឺមានការធ្លាក់ចុះសំឡេងមាននិន្នាការប្រឆាំងនឹងគណបក្សកាន់អំណាច។ បន្ថែមពីនេះ បក្សសង្រ្គោះជាតិក៏មានទិន្នាការបែកបាក់គ្នាកាន់តែខ្លាំងរវាងក្រុមអ្នកប្រកាន់លទ្ធិប្រជាធិបតេយ្យ និងក្រោយពេលពួកគេបានចុះជួបសកម្មជនឬពលរដ្ឋរយៈពេលជិត១ឆ្នាំមកនេះ។
លិខិតដដែលអះអាងថា ការបង្កើតគណបក្សថ្មីមួយនេះ គឺជាគណបក្សបន្តវេនពីគណបក្សប្រឆាំងមុនៗ ហើយប្រែក្លាយជាគណបក្សប្រឆាំងដែលរឹងមាំ ដើម្បីការពារនិងបម្រើនូវផលប្រយោជន៍ជាតិ ព្រមទាំងអ្នកគាំទ្ររបស់ខ្លួន។
លើសពីនេះវាក៏ជាយន្តការនយោបាយមួយសម្រាប់ចរចាជាមួយ គណបក្សកាន់អំណាចដើម្បីទាមទារសិទ្ធិសេរីភាពរបស់លោក កឹម សុខា ការពារផលប្រយោជន៍របស់បងប្អូនកម្មករ-កម្មការិនីរាប់លាននាក់ និងដោះស្រាយបញ្ហាធំៗរបស់ជាតិទាំងមូល។
គណបក្សសង្រ្គោះជាតិត្រូវបានតុលាការកំពូលរបស់លោកហ៊ុន សែន រំលាយកាលពីថ្ងៃទី ១៦ វិច្ឆិកា ឆ្នាំ ២០១៧ ហើយតំណែងរបស់មន្ត្រីបក្សប្រឆាំងតាំងពីថ្នាក់ឃុំ សង្កាត់ រហូតដល់ព្រឹទ្ធសភា និងរដ្ឋសភា ដែលមិនព្រមចុះចូលបក្សកាន់អំណាចត្រូវបានដកហូតយកទៅចែកគ្នាជាមួយបក្សកាន់អំណាចនិងបក្សផ្សេងទៀត។
លើសពីនេះ តុលាការកំពូលបានដាក់បម្រាមមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងចំនួន១១៨ រូបមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ប៉ុន្តែក្រោយមក មានតែអតីតមន្ត្រីគណបក្សសង្រ្គោះជាតិតែ៩ នាក់ប៉ុណ្ណោះ បានទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញពីលោក ហ៊ុន សែន។
បន្ទាប់ពីទទួលបានសិទ្ធិធ្វើនយោបាយរួចមកហើយ លោក រៀល ខេមរិន្ទ្រ បានសម្រចបង្កើតគណបក្សថ្មីមួយ និងទទួលស្គាល់ពីក្រសួងមហាផ្ទៃជាផ្លូវការកាលពីខែមេសា ដែលមានឈ្មោះថា គណបក្សខ្មែរអភិរក្សនិយម។
យ៉ាងណាក៏ដោយចុះសម្រាប់អ្នកឃ្លាំមើលបញ្ហានយោបាយវិញមើលឃើញថា ការបង្កើតបក្សថ្មីៗ ក្នុងស្ថានភាពបច្ចុប្បន្ននឹងមិនទទួលបានជោគជ័យឡើយ ត្បិតពលរដ្ឋដែលគាំទ្របក្សប្រឆាំង នៅតែមាន សណ្តានចិត្ត រង់ចាំគណបក្សសង្រ្គោះជាតិរស់ឡើងវិញ។
លើសពីនេះ ក្នុងចំណងមេត្រីភាពរវាងលោក កឹម សុខា និង សម រង្ស៊ី ប្រសិនបើមានការបង្កើតគណបក្សថ្មី ដោយគ្មានការចូលរួមឬ គាំទ្រពីអ្នកនយោបាយបក្សប្រឆាំងទាំងពីររូបនេះទេ នោះនយោបាយរបស់អ្នកទាំងពីរនឹងត្រូវបានគេមើលឃើញថាពិតជាបែកបាក់ប្រាកដ ហើយក៏មិនអាចយកឈ្នះ លោក ហ៊ុន សែនបានដែរ៕