34 C
Phnom Penh

រដ្ឋាភិបាលលោក ហ៊ុន សែន ទទួលស្គាល់ថាការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ពិតជាប៉ះពាល់ដល់ពលរដ្ឋរាប់លាននាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី១២ ខែធ្នូ បានទទួលស្គាល់ថាការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប នឹងបង្កផលប៉ះពាល់ដោយផ្ទាល់ដល់កម្មករ កម្មការិនី ជិតមួយលាននាក់ និង ប៉ះពាល់ដោយប្រយោលដល់ក្រុមគ្រួសារសាច់ញាតិរបស់ពួកគេជាច្រើនលាននាក់ទៀត។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាដែលចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ដែលជាថ្ងៃចុងក្រោយនៃការឆ្លើយតបនឹងរបាយការណ៍របស់សហភាពអឺរ៉ុប បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា បានដាក់របាយការណ៍ជូនគណៈកម្មការអឺរ៉ុបរួចហើយ នៅថ្ងៃទី១២ ខែធ្នូ នេះ ហើយសង្ឃឹមថា គណៈកម្មការអឺរ៉ុបនឹងពិចារណាលើកិច្ចខិតខំប្រឹងប្រែងប្រកបដោយសុឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តរាល់អនុសញ្ញាអន្តរជាតិទាំងអស់ ក្រោមលក្ខខណ្ឌអនុគ្រោះពន្ធ គ្រប់មុខទំនិញលើកលែងតែអាវុធ ឬ ហៅកាត់ថា EBA នេះ។

សេចក្តីថ្លែងការណ៍ដដែល អះអាងថា ការឆ្លើយតបចុងក្រោយនេះ ជារបាយការណ៍គ្រប់ជ្រុងជ្រោយអំពីសកម្មភាព និងវិធានការណ៍នានា ដែលរដ្ឋាភិបាល លោកហ៊ុន សែន បានអនុវត្ត ដើម្បីឆ្លើយតបទៅនឹងបញ្ហាទាំងឡាយ ដែលជាការព្រួយបារម្ភរបស់អឺរ៉ុប ដូចជាការរំលោភឬ រឹតត្បិតសិទ្ធិនយោបាយ សិទ្ធិការងារសិទ្ធិដីធ្លី សេរីភាពបញ្ចេញមតិ និងសេរីភាពបង្កើតសមាគម ព្រមទាំងការដើរប្រាសចាកពីគន្លងលទ្ធិប្រជាធិបតេយ្យជាដើម។

ការអះអាងនេះ ស្របពេលដែលសហភាពអឺរ៉ុបបានបញ្ចប់របាយការណ៍ស៊ើបអង្កេតរបស់ខ្លួនដំណាក់កាលទី២ ក្រោយរកឃើញថារដ្ឋាភិបាលលោក ហ៊ុន សែន មានការរំលោភសិទ្ធិមនុស្ស សិទ្ធិបញ្ចេញមតិ សិទ្ធិការងារ សិទ្ធិនយោបាយ សិទ្ធិដីធ្លី និងបំផ្លាញលទ្ធិប្រជាធិបតេយ្យ ដែលធ្វើឡើងជាប្រព័ន្ធទៀតផង។

របាយការណ៍នេះ អឺរ៉ុបក៏បានបញ្ជូនមករដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ១២ វិច្ឆិកា ហើយរដ្ឋាភិបាលមានពេល១ខែ ដើម្បីពិនិត្យ និងឆ្លើយតប ដោយគិតចាប់ពីថ្ងៃទទួលបានរបាយការណ៍នេះ ពោលគឺថ្ងៃនេះ ជាថ្ងៃចុងក្រោយក្នុងការឆ្លើយតបទៅអឺរ៉ុបតែម្តង។

យ៉ាងនេះក្តី ក្រសួងការបរទេស សង្ឃឹមថា គណៈកម្មការអឺរ៉ុប នឹង ពិចារណាលើវិធានការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA មកលើកម្ពុជា ដោយថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះ នឹងផ្តល់ផលប៉ះពាល់សង្គមធ្ងន់ធ្ងរ ពិសេសកម្មការិនីប្រមាណជិតមួយលាននាក់ដែលប៉ះពាល់ដោយផ្ទាល់ និងប៉ះពាល់ដោយប្រយោលដល់ក្រុមគ្រួសារសាច់ញាតិ ដែលរស់នៅពឹងផ្អែកលើប្រាក់ឈ្នួលរបស់ពួកគេ។

ការឆ្លើយតបរបស់ក្រសួងការបរទេសកម្ពុជានេះ ផ្ទុយគ្នាស្រឡះទៅនឹងជំហរបស់ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ដែលបានថ្លែងកាលពីថ្ងៃម្សិលមិញថា កម្ពុជាមិនខ្វល់នឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនោះឡើយ។ លោកហ៊ុន សែន ថាខ្លួនមិនយកអធិបតេយ្យភាពជាតិទៅដោះដូរនឹងការអនុគ្រោះពន្ធអ្វីនោះទេ ដោយលោកបានអួតអាងពីចំណូលពន្ធនៅឆ្នាំនេះ ព្រមទាំងទុនបម្រុងរបស់រដ្ឋនៅសល់រាប់ពាន់លានដុល្លារទៀតផង។

ជំហរបស់លោក ហ៊ុន សែន ប្រកាសមិនខ្វល់នឹងការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ មិនមែនធ្វើឡើងជាលើកទី១ទេ ប៉ុន្តែអ្នកវិភាគនយោបាយធ្លាប់លើកឡើងថាលោក ហ៊ុន សែន គ្មានចេតនារក្សាប្រព័ន្ធអនុគ្រោះពន្ធមួយនេះឡើយ។ 

អ្នកវិភាគនយោបាយ លោក គឹម សុខ ធ្លាប់លើកឡើងថាបើរក្សាទុកប្រព័ន្ធអនុគ្រោះពន្ធ EBA រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវវិលត្រឡប់ទៅគោរពលក្ខខណ្ឌរបស់សហភាពអឺរ៉ុប ពោលគឺត្រូវវិលទៅរកគន្លងប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្សពិតប្រាកដ ហើយដាក់ឱ្យគណបក្សសង្រ្គោះជាតិនិងមន្ត្រីជាន់ខ្ពស់បក្សនេះអាចដំណើរការនិងធ្វើនយោបាយឡើងវិញ ដែលបញ្ហានេះនឹងបង្កគ្រោះថ្នាក់ដល់អំណាចរបស់លោក និងផែនការអំណាចបន្តត្រកូលរបស់លោក ហ៊ុន សែន តែម្តង។

ក្រោយពីការឆ្លើយតបនឹងរបាយការណ៍របស់សហភាពអឺរ៉ុប សហគមន៍អន្តរជាតិមួយនេះនឹងសម្រេចជាផ្លូវការថា តើត្រូវដកឬ មិនដកប្រព័ន្ធអនុគ្រោះពន្ធ EBA មកលើកម្ពុជានៅខែកុម្ភៈឆ្នាំ២០២០ ខាងមុខ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស