34.8 C
Phnom Penh

រដ្ឋាភិបាលអះអាងថា មិនអនុញ្ញាតឱ្យមានតំបន់អបគមន៍ពាក់ព័ន្ធការផ្តល់ដី៤០ហិកតាឱ្យពលរដ្ឋនៅខេត្តកំពង់ឆ្នាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលតាមរយៈអាជ្ញាធរខេត្តកំពង់ឆ្នាំងបានអះអាងថា កម្ពុជានឹងមិនអនុញ្ញាតឱ្យមានការបង្កើតរដ្ឋក្នុងរដ្ឋ ឬ ហៅថាតំបន់អបគមន៍ជាដាច់ខាត ទោះបីរដ្ឋាភិបាលបានសម្រេចផ្តល់ដី៤០ហិកតាដល់ពលរដ្ឋដែលបម្លាស់ទីពីការរស់នៅលើទឹកទន្លេសាប មករស់នៅលើគោកវិញយ៉ាងណាក៏ដោយ។

ការអះអាងនេះធ្វើឡើង ក្រោយពេលពលរដ្ឋមួយចំនួន ចេះតែបារម្ភចំពោះការបម្លាស់ទីពលរដ្ឋរស់នៅលើទឹកបឹងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំង ជាពិសេសជនជាតិវៀតណាម ឱ្យមករស់នៅលើគោក ថានឹងបង្កជាគ្រោះធំនៅថ្ងៃអនាគត ត្បិតប្រវត្តិសាស្ត្រកម្ពុជាធ្លាប់បង្ហាញថាកម្ពុជាបានបង់ទឹកដីយ៉ាងច្រើនដោយសារការផ្តល់ដីឱ្យវៀតណាម កាលជំនាន់ព្រះបាទជ័យជេដ្ឋាទី២ ក្នុងសម័យឧដុង្គ។ លើសពីនេះ ពលរដ្ឋខ្មែរអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកក៏បានបង្ហាញក្តីបារម្ភថា ទីតាំងផ្តល់ឱ្យជនជាតិវៀតណាមនឹងមិនអាចជាកន្លែងសាធារណៈសម្រាប់ពលរដ្ឋខ្មែរ ចេញចូល ដូចគ្នាទៅនឹងទីតាំងដីសម្បទានរបស់វៀតណាមមួយចំនួនដែលពលរដ្ឋខ្មែរមិនអាចចេញឬ ចូលដោយសេរីបាន។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី អំពីផែនការបម្លាស់ទីប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្ដែតទឹក ឱ្យឡើងរស់នៅលើគោកវិញនៅលើផ្ទៃដី ៤០ហិកតា ក្នុងខេត្តកំពង់ឆ្នាំង អភិបាលរងខេត្តនេះ គឺលោក ស៊ុន សុវណ្ណរិទ្ធិ អះអាងថា ពលរដ្ឋដែលនឹងផ្លាស់ពីការរស់នៅលើទឹក ទៅរស់នៅលើដីគោកទំហុំ៤០ហិកតានេះ គឺ មានជនជាតិខ្មែរ ជនជាតិវៀតណាម និង ជនជាតិខ្មែរ-ឥស្លាមផងដែរ។

លោកបន្តថា ផែនការនេះ គឺ មានការយល់ព្រមពីរដ្ឋាភិបាល ពុំមែនធ្វើឡើងតែអាជ្ញាធរខេត្តកំពង់ឆ្នាំងនោះទេ។ ដូច្នេះលោកថា រដ្ឋាភិបាលនឹងមិនបណ្តោយឱ្យតំបន់នេះ ក្លាយជាតំបន់អបគមន៍ ឬ រដ្ឋ ក្នុងរដ្ឋ ដែលបង្កឡើងដោយជនជាតិណាមួយ ដូចការព្រួយបារម្ភមួយចំនួននោះទេ។

លោកបញ្ជាក់ថា ដី៤០ហិកតានេះគ្រប់គ្រងដោយវិស័យឯកជន ដែលមាន ឈ្មោះ រស់ ចំរើន ជាជនជាតិខ្មែរជាម្ចាស់ដី ហើយដីទាំងនេះជាការធ្វើអនុប្បយោគពីដីឯកជនរបស់រដ្ឋ ទៅជាដីសាធារណៈរបស់រដ្ឋ ដោយមានរចនាសម្ព័ន្ធមេឃុំ មេស្រុក ជាខ្មែរ។ 

យ៉ាងណាក៏ដោយចុះ កាលពីថ្ងៃទី២ ខែធ្នូ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានជំរុញទៅរដ្ឋាភិបាលឱ្យដោះស្រាយបញ្ហាប្រគល់ដីឱ្យជនបរទេសនេះ ដោយតម្លាភាព ពិសេស រដ្ឋាភិបាលរដ្ឋាភិបាលកម្ពុជាមិនត្រូវផ្ដល់ដីធ្លីដល់ជនអន្តោប្រវេសន៍វៀតណាមណាម្នាក់ធ្វើជាលំនៅឋានដាច់ខាត។ ក្រុមប្រឹក្សាឃ្លាំមើលនេះព្រមានថា ជនជាតិវៀតណាមដែលទទួលបានសញ្ជាតិខ្មែររួចហើយ ពួកគេត្រូវតែរកលទ្ធភាពទិញ ឬជួលផ្ទះសម្រាប់ស្នាក់នៅដោយខ្លួន‍‍‍‍‍ឯងបាន ហើយបើជនជាតិវៀតណាមនោះរស់នៅដោយខុសច្បាប់ត្រូវបញ្ជូនពួកគេទៅប្រទេសកំណើតរបស់ពួកគេវិញជាបន្ទាន់។

រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ដីទំហំ ៤០ហិកតា នៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឱ្យប្រជាពលរដ្ឋចំនួន ជាង៤ពាន់គ្រួសារ(៤,៥៦៣) ដែលរស់នៅលើផ្ទះបណ្តែតទឹកលើដងទន្លេសាប ដោយក្នុងចំណោមពលរដ្ឋទាំងនោះ គឺមានពលរដ្ឋជនជាតិវៀតណាមចំនួនជាង២ពាន់គ្រួសារ(២,៤៨០) ឬស្មើនឹងចំនួនប្រជាជនវៀតណាមជាង១ម៉ឺននាក់(១០,៣១១) ដែលអាជ្ញាធរខេត្តកំពង់ឆ្នាំងអះអាងថាភាគច្រើនជាអន្តោប្រវេសន៍ស្របច្បាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស