34 C
Phnom Penh

អង្គការ Human Rights Watchនិង អង្គការមាត្រា១៩ ស្នើឱ្យរដ្ឋាភិបាល ពិនិត្យឡើងវិញនូវសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ Human Rights Watch និងអង្គការមាត្រា១៩ (Article 19) បានជំរុញឱ្យរដ្ឋាភិបាលឯកបក្ស ត្រូវការពិនិត្យឡើងវិញនូវសេចក្តីព្រាងច្បាប់ ហើយត្រូវធ្វើវិសោធនកម្មច្បាប់មួយចំនួនដើម្បីអនុលោមតាមស្តង់ដារអន្តរជាតិ។ ការស្នើនេះ ធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនមួយដែលធ្វើឡើងកាលពីថ្ងៃម្សិលមិញ។

អង្គការ Human Rights Watch និងអង្គការមាត្រា១៩ បានលើកឡើងថា រដ្ឋាភិបាលគួរតែធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននូវចំណុចខ្លះ ដើម្បីឆ្លុះបញ្ចាំងពីស្តង់ដារអន្តរជាតិទាក់ទងនឹងសិទ្ធិទទួលបានព័ត៌មាននេះ។ 

អង្គការអន្តរជាតិទាំងពីរនេះ  មើលឃើញថាការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការជំរុញឱ្យមានច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះ ថាជាជំហានមួយដើរលើផ្លូវត្រឹមត្រូវ ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ ការលើកកម្ពស់គណនេយ្យភាពនិងធ្វើឱ្យមានការចូលរួមជាសាធារណៈនៅក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តជាផ្លូវការរបស់រដ្ឋាភិបាល ។

ទោះជាយ៉ាងណាក៏ដោយ អង្គការសិទ្ធិមនុស្សទាំងពីរនេះ  កត់សម្គាល់ថារដ្ឋាភិបាលនៅមិនទាន់បញ្ចូលអនុសាសន៍សំខាន់ៗរបស់ភាគីពាក់ព័ន្ធក្នុងសេចក្តីព្រាងច្បាប់នោះនៅឡើយទេ បើទោះបីជាដំណើរការពិគ្រោះយោបល់មានរយៈពេលយូរយ៉ាងណាក៏ដោយ ។

ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះ មានសារៈសំខាន់ដោយសារតែវាធានាឱ្យសាធារណជនគ្រប់រូបនូវសិទ្ធិ និងសេរីភាពក្នុងការទទួលបានព័ត៌មាន ដែលរដ្ឋាភិបាលមានកាតព្វកិច្ចផ្ដល់ឱ្យ និងផ្សព្វផ្សាយព័ត៌មានជាសាធារណៈ ដោយអនុលោមតាមរដ្ឋធម្មនុញ្ញកម្ពុជា និងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស