រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងថា ប្រព័ន្ធ បច្ចេកវិទ្យាអ៊ិនធឺណិត ឬហៅថាប្រព័ន្ធអនឡាញ តាមរយៈការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបានក្លាយជាបញ្ហាថ្មីមួយទៀត ក្នុងការជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទ។
ថ្លែងនៅក្នុងឱកាសធ្វើជាអធិបតីភាពក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្សលើកទី ១៣ កាលពីថ្ងៃទី ១២ ធ្នូ ម្សិលមិញ លោក ស ខេង លើកឡើងថាទំនោរនៃការប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណេត កាន់តែខ្លាំង ក៏ជាក្តីបារម្ភថ្មីមួយទៀតរបស់សមត្ថកិច្ច ទោះជាឧក្រិដ្ឋជនបានយកឱកាសនេះ ទាក់ទាញជនរងគ្រោះ ក្នុងទម្រង់នៃការជួញដូរមនុស្ស ការរំលោភបំពានផ្លូវភេទ ដែលងាយស្រួលក្នុងការលាក់បាំងទង្វើទាំងនោះពីសមត្ថកិច្ចទៀតផង។
យ៉ាងនេះក្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ ប្តេជ្ញាក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សតាមគ្រប់រូបភាព ដើម្បីលើកកម្ពស់ដល់សុវត្ថិភាពពលរដ្ឋកម្ពុជាគ្រប់រូប និងសន្តិសុខសង្គម ព្រមទាំងលើកកម្ពស់ការគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ របស់មនុស្សគ្រប់រូប។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រទេសជាមិត្ដទាំងអស់ឲ្យពង្រឹងកិច្ចសហការជ្រោមជ្រែងសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឲ្យកាន់តែខ្លាំងក្លា ខណៈអំពើជួញដូរមនុស្សនៅតែកើតឡើងតាមរូបភាពផ្សេងៗគ្នានាពេលបច្ចុប្បន្ន។
លោក ស ខេង បានកត់សម្គាល់ឃើញថា អំពើជួញដូរមនុស្សនៅតែមានកើតឡើងតាមរយៈការនាំមនុស្សឆ្លងដែនដោយជនល្មើសបានប្រើវិធីផ្សេងៗ បន្លំភ្នែកសមត្ថកិច្ចក្នុងគោលដៅធ្វើអាជីវកម្មតាមរូបភាពដូចជា អាពាហ៍ពិពាហ៍ ផ្ទុយពីឆន្ទៈ ការជួញដូរទារក និងការស្វែងរកការងារធ្វើដោយខុសច្បាប់ ជាដើម។
កាលពីដើមឆ្នាំនេះ សហរដ្ឋអាមេរិក បានផ្ដល់ចំណាត់ថ្នាក់លេខ២ដល់កម្ពុជា ដែលកម្ពុជាទទួលបាន៣ឆ្នាំជាប់ៗគ្នាមកហើយ មានន័យថារដ្ឋាភិបាលកម្ពុជាពុំទាន់អាចលុបបំបាត់ទាំងស្រុងនូវការជួញដូរមនុស្សនៅ ឡើយ។
របាយការណ៍ប្រចាំឆមាសដើមឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា សមត្ថកិច្ចបង្ក្រាបបទល្មើសជួញដូរមនុស្ស មាន៧៨ករណី ពោលគឺកើនឡើង១៦ករណី ឬស្មើនឹង២៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕