29 C
Phnom Penh

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ប្តេជ្ញាការពារនិងពង្រឹងវិជ្ជាជីវៈអ្នកសារព័ត៌មាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា ប្តេជ្ញាជួយប្រឹក្សា ការពារ និងពង្រឹងវិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា ដែលកំពុងបំពេញការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈលើវិស័យមួយនេះ។

ការប្តេជ្ញានេះ ក្រោយពេលសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានដាក់ដំណើរការជាផ្លូវការ នៅព្រឹកនេះ ដោយមានអ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល អង្គទូត និងតំណាងមន្ត្រីរដ្ឋាភិបាលចូលរួមផងដែរ។

ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី មានប្រសាសន៍ឱកាសនោះថា ស្ថាប័នអ្នកសារព័ត៌មាននេះដើម្បីចូលរួមចំណែកលើកស្ទួយវិស័យសារព័ត៌មានរបស់កម្ពុជាឱ្យកាន់តែប្រសើរ។ បន្ថែមពីនេះ ខេមបូចា ក៏នឹងជួយពង្រឹងវិជ្ជាជីវៈអ្នកសារព័ត៌មានឱ្យកាន់តែប្រសើរ ព្រមទាំងជួយផ្តល់កិច្ចគាំពារដល់អ្នកសារព័ត៌មានដែលរងគ្រោះដោយការបំពេញវិជ្ជាជីវៈរបស់ខ្លួន ដូចជាប្រឹក្សាយោបល់ផ្នែកច្បាប់ និងផ្លូវចិត្ត រួមទាំងផ្តល់ជាមេធាវីជួយដល់ពួកគេពេលមានបញ្ហាប្រឈមផងដែរ។

បន្ថែមពីនេះ ខេមបូចា នឹងរួមចំណែកលើកស្ទួយសេរីភាពសារព័ត៌មាន ផ្តល់ព័ត៌មានប្រកបដោយវិជ្ជាជីវៈទៅកាន់ពលរដ្ឋ និងរដ្ឋាភិបាលដើម្បីជាការជំរុញឱ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរ៍ភាព។

លោក ណុប វី កត់សម្គាល់ថាកន្លងមក ពេលអ្នកសារព័ត៌មានរងគ្រោះដោយសារបំពេញវិជ្ជាជីវៈរបស់ខ្លួននោះ ជាពិសេសបុគ្គលិកសារព័ត៌មានឯករាជ្យ ដែលពួកគេទាំងនោះហាក់ឯកា និងគ្មានអ្នកជួយ                      ជ្រោមជ្រែង។ លើសពីនេះ អ្នកសារព័ត៌មានឯករាជ្យក៏រងការរើសអើង ការគំរាមកំហែង ព្រមទាំងប្រឈមការពិបាករកស្ថាប័នដែលប្រកាន់ភ្ជាប់វិជ្ជាជីវៈដើម្បីបម្រើការងារជាដើម។

ថ្លែងក្នុងឱកាសនោះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាសហភាពសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ បានសម្តែងការស្វាគមន៍ និងគាំទ្រចំពោះគំនិតផ្តួចផ្តើម និងគោលដៅរបស់ ខេមបូចា។

លោកសង្ឃឹមថា ស្ថាប័នអ្នកសារព័ត៌មានមួយនេះ នឹងអាចរក្សានិរន្តន៍ភាពបានយូរអង្វែង ទោះបីលោកសង្កេតឃើញថាមានសមាគមអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលមួយចំនួន លែងមានសកម្មភាពដោយសារបញ្ហាមួយចំនួនដូចជា ហិរញ្ញវត្ថុ បញ្ហាផ្ទៃក្នុង និងកង្វះការគាំទ្រពីមជ្ឈដ្ឋានខាងក្រៅជាដើម។

ប្រធានក្រុមប្រឹក្សាភិបាលរូបនេះ លើកឡើងទៀតថា សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជានេះ ក៏មានគេហទំព័ររបស់ខ្លួនមួយទៀត ដោយប្រើឈ្មោះថា CamboJaNews.Com ដោយមានផ្សាយនូវអត្ថបទបែបស៊ីជម្រៅ និងបែបស៊ើបអង្កេតជាដើម។

លោក ណុប វី មើលឃើញថា ក្នុងរយៈពេលចុងក្រោយនេះទំហំសេរីភាពស្ថាប័នសារព័ត៌មានឯករាជ្យ កាន់តែរួមតូច។ ជាក់ស្តែងការបិទការិយាល័យកាសែត The Cambodia Daily និងការបិទការិយាល័យវិទ្យុអាស៊ីសេរី ដោយបញ្ហាវិធានការពន្ធដារនិងរដ្ឋបាលពីរដ្ឋាភិបាល។

ការបិទស្ថានីយ៍វិទ្យុផ្សាយបន្តវិទ្យុសំឡេងសហរដ្ឋអាមេរិក វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី ជាង៣០ កាលពីឆ្នាំ២០១៧ជាដើម។ បន្ថែមពីនេះ អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ពីររូបគឺ លោក អួន ឈិន និងលោក យាង សុធារិន្ទ ត្រូវបានចាប់ឃុំខ្លួនកាលពីចុងឆ្នាំ២០១៧ ក្រោមបទចោទផលិតព័ត៌មានឱ្យរដ្ឋបរទេស ប៉ុន្តែក្រោយមកនៅ ខែសីហា ឆ្នាំ២០១៨ ពួកគេត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន បើទោះបីជាតុលាការមកទល់ពេលនេះរកមិនទាន់ឃើញធាតុផ្សំនៃបទល្មើសពាក់ព័ន្ធនឹងការផលិតព័ត៌មានឱ្យរដ្ឋបរទេសដូចការចោទប្រកាន់នោះយ៉ាងណាក៏ដោយ។

ការចាប់ឃុំខ្លួន និងមិនព្រមទម្លាក់ចោលបទចោទប្រកាន់លើអតីតអ្នកយកព័ត៌មានអាស៊ីសេរី ទាំងពីររូបនេះ ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិចាត់ទុកថាបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេរីភាពសារព័ត៌មាននៅកម្ពុជា។  មិនតែប៉ុណ្ណោះធ្វើឱ្យអ្នកសារព័ត៌មានដែលកំពុងបំពេញវិជ្ជាជីវៈនៅមានការព្រួយបារម្ភ និងធ្វើការងារដោយការភ័យខ្លាច ដែលជាហេតុធ្វើឱ្យវិស័យសារព័ត៌មាននៅកម្ពុជាកាន់តែដើរថយក្រោយ។

របាយការណ៍ស្ដីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៩ បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាក្នុងលំដាប់លេខ១៤៣ លើ១៨០ ដោយចំណាត់ថ្នាក់នេះគឺធ្លាក់ចុះមួយលេខទៀតបើប្រៀបធៀបទៅនឹងកាលពីឆ្នាំ២០១៨  ដែលបង្ហាញថាសេរីសារព័ត៌មាននៅក្នុងប្រទេសនេះស្ទើរតែគ្មានសេរីភាពទាល់តែសោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស