34 C
Phnom Penh

ជ័យជម្នះរបស់បក្សអភិរក្សនិយម របស់លោក Boris Johnson នាំអោយសភាអង់គ្លេសឯកភាព ចាកចេញពីសហភាពអឺរ៉ុប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការបោះឆ្នោត សភានៃប្រទេសអង់គ្លេស កាលពីថ្ងៃទី១២ ធ្នូ ដែលជ័យជម្នះបានទៅលើ គណបក្ស អភិរក្សនិយម ដឹកនាំដោយនាយករដ្ឋមន្ត្រី Boris Johnson បានបង្ហាញពីសញ្ញានៃការចាកចេញពីសមាជិកភាពនៃសហភាពអឺរ៉ុប មានភាពងាយស្រួល ក្នុងការរកសំឡេងក្នុងរដ្ឋសភា។

បណ្ដាញផ្សាយព័ត៌មាន BBC ឲ្យដឹងថា លទ្ធផលត្រូវបានបង្ហាញជាសាធារណៈ គឺគណបក្សអភិរក្សនិយម ទទួលបាន អាសនៈសមាជិកសភា៣៦៤ ដែលជាគណបក្សឈ្នះលំដាប់ទីមួយ គណបក្សពលករ ដណ្ដើមបាន ២០៣ អាសនៈ គណបក្ស SNP បាន៤៨អាសនៈ             គណបក្ស ប្រជាធិបតេយ្យសេរីនិយមបាន ១១អាសនៈ  គណបក្ស DUP បាន៨អាសនៈ គណបក្ស Sinn Fein បាន ៧អាសនៈ បក្ស Plaid Cymru បាន ៤អាសនៈ និងគណបក្ស SDLP បាន២ អាសនៈ ។ ចំណែកបក្ស Green Party និងបក្ស Alliance Partyបានតែមួយអាសនៈ ដូចៗគ្នា។ រដ្ឋសភានៃប្រទេសអង់គ្លេស មាន ៦៥០អាសនៈ។.

គណបក្សអភិរក្សនិយម ដែលបានឈ្នះឆ្នោត សំឡេងភាគច្រើននេះ គឺជាលើកដំបូង ចាប់តាំងពីឆ្នាំ ១៩៨៧ ដែលអតីតនាយករដ្ឋមន្ត្រី Margaret Thatcher បានឈ្នះដូចនេះដែរ។

លោកនាយករដ្ឋមន្ត្រី Johnson បង្ហាញមោទនភាពជាខ្លាំង ។ លោកបានប្រាប់អ្នកសារព័ត៌មានថា លោកសូមអរគុណ ម្ចាស់ឆ្នោត ដែលនៅបន្តគាំទ្រ បក្សអភិរក្សនិយម ទទួលបានជ័យជម្នះ ជាខ្លាំង ។

ការបោះឆ្នោតនេះ គេអាចនិយាយបានថា ជាល្បែងដ៏ផុយស្រួយមួយរបស់លោក Johnson ។ ប៉ុន្តែលទ្ធផលនេះ នាំអោយអង់គ្លេសស្ថិតលើផ្លូវដើរចេញពីសមាជិកភាពនៃសហភាពអឺរ៉ុបដោយគ្មានឧបសគ្គ។ថ្ងៃដែលសហភាពអឺរ៉ុបតម្រូវអោយអង់គ្លេស ចាកចេញចុងក្រោយ គឺថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ។

ជាមួយនឹងជ័យជម្នះនេះ លោក Johnson  ដែលអាចក្លាយជានាយករដ្ឋមន្ត្រីចុងក្រោយរបស់អង់គ្លេស ក្នុងនាមជាសមាជិកសហភាពអឺរ៉ុប អាចធ្វើតាមការសន្យា ដែលនាំអង់គ្លេសចាកចេញពីសហគមន៍នេះតាមថ្ងៃកំណត់នេះបានដោយជោគជ័យ ។

ចាប់ពីពេលនេះទៅ លោក Johnson អាចមានលទ្ធភាពបើកការចរចាជាមួយសហភាពអឺរ៉ុបលើទំនាក់ទំនងអនាគតជាពិសេស អំពីការចាកចេញពីសហភាពអឺរ៉ុប ដែលបានខកខានជាច្រើនលើកមកហើយ ដោយសារមិនអាចរកសំឡេង គ្រប់គ្រាន់នៅក្នុងរដ្ឋសភា។ មួយថ្ងៃក្រោយការបោះឆ្នោត លោក Johnson បានហៅលទ្ធផលនេះថា ជាការទទួលបានអាណត្តិដ៏មានឥទ្ធិពលពីប្រជាជនអង់គ្លេស ក្នុងការសម្រេចឲ្យបាននូវការចាកចេញពីសហភាពអឺរ៉ុប និងការបង្រួបបង្រួមជាតិ។

ជ័យជម្នះរបស់បក្សអភិរក្សនិយម បានក្លាយជាព្រឹត្តិការណ៍ គួរឲ្យសាទរ សម្រាប់សហភាពអឺរ៉ុប ដែលចង់ឃើញ អង់គ្លេសមានការឯកភាពជាតិដើម្បី ជាប្រយោជន៍នៃការសម្រេចចុងក្រោយពីការលះបង់សមាជិកភាពនៃសហភាពអឺរ៉ុប។

នាយករដ្ឋមន្ត្រីស៊ុយអែត Stefan Lofven បាននិយាយថា លទ្ធផលនេះ បានបង្ហាញយ៉ាងច្បាស់ ដែលអនុញ្ញាតឲ្យភាគីទាំងពីរគឺអង់គ្លេស និងសហភាពអឺរ៉ុប អាចចរចានឹងគ្នា អំពីអនាគតនៃទំនាក់ទំនង ទ្វេភាគី។

នៅក្នុងបោះឆ្នោតប្រជាមតិកាលពីថ្ងៃទី២៣មិថុនា ឆ្នាំ២០១៦ ប្រជាជនអង់គ្លេស ចង់អោយប្រទេសរបស់ពួកគេចាកចេញពីសហភាពអឺរ៉ុប ដោយសំឡេង គាំទ្រ ជាង៥០ភាគរយ។ តាមរយៈលទ្ធផលនៃការបោះឆ្នោត សភា កាលពីថ្ងៃទី១២ធ្នូ បញ្ជាក់ថា ប្រជាជនអង់គ្លេសនៅតែបន្តប្ដេជ្ញាចិត្ត ចង់ចាកចេញពី សមាជិកភាពនៃសហភាពអឺរ៉ុប៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស