34 C
Phnom Penh

បុរសខ្លាំងនៅស្រុកខ្មែរអះអាងថា នឹងមានសមយុទ្ធយោធាតាម ព្រំដែនជាមួយ ឡាវ និងថៃបន្តទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរសខ្លាំងនៅក្នុងស្រុកខ្មែរអះអាងថា សមយុទ្ធតាមព្រំដែនរវាងកម្ពុជានឹងវៀតណាមនៅភូមិសាស្ត្រខេត្តស្វាយរៀង និងខេត្តឡុងអាន របស់វៀតណាម គឺធ្វើឡើងតាមការស្នើសុំរបស់កម្ពុជា។

លោកអះអាងថា សមយុទ្ធយោធានេះឱ្យឈ្មោះថា សមយុទ្ធសង្គ្រោះគ្រោះមហន្តរាយរវាងកម្ពុជា និងវៀតណាម ហើយសមយុទ្ធនេះមិនមែនតែជាមួយវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែនឹងមានជាមួយប្រទេសថៃ និងឡាវផងដែរ។

ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រជូននិស្សិតពេទ្យកាលពីព្រឹកម៉ិញនេះ លោកហ៊ុន សែន បានថ្លែងថា សមយុទ្ធនេះធ្វើឡើង ដើម្បីជួយ                  សង្គ្រោះប្រជាពលរដ្ឋនៅតាមព្រំដែនចេញពីគ្រោះមហន្តរាយផ្សេងៗ ដោយសហការគ្នារវាងកងកម្លាំងកម្ពុជា ជាមួយប្រទេសមានព្រំដែនជាប់គ្នា។

ជាមួយគ្នានេះលោក ស្នើកុំឱ្យមានការយល់ច្រឡំលើរឿងសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយរវាងកម្ពុជា និងវៀតណាម ដែលនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ។

លោក ហ៊ុន សែន អះអាងថា គម្រោងសមយុទ្ធនេះជាការផ្ដល់នូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរនៅពេលដែលមានគ្រោះមហន្តរាយកើតមានឡើងដូចជាភ្លើងឆេះព្រៃ និងទឹកជំនន់ជាដើម។ លោកបន្តថាការអនុវត្តសមយុទ្ធនេះ គឺតម្រូវឲ្យកងទ័ពកម្ពុជាត្រូវចូលទៅកាន់ទឹកដី វៀតណាម ហើយកងទ័ពវៀតណាមត្រូវចូលមកកាន់ទឹកដីកម្ពុជា ដើម្បីជៀសវាងដល់ការយល់ច្រឡំគ្នា នឹងធ្វើឲ្យមានការយល់ដឹងដោយទូលំទូលាយផងដែរ។

នាយករដ្ឋមន្ត្រី បន្ថែមថា កន្លងមកកម្ពុជាធ្លាប់រៀបចំធ្វើសមយុទ្ធយោធាជាមួយប្រទេសលោកសេរី រួមមានសហរដ្ឋអាមេរិក អូស្ត្រាលី និង ប្រទេសកុម្មុយនីស្ត ចិនផងដែរ។

សមយុទ្ធយោធារវាងកម្ពុជា-វៀតណាមពេលនេះ  ត្រូវបានគេមើលឃើញថាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែជិតស្និតឡើងវិញ ក្រោយទំនាក់ទំនងប្រទេសទាំងពីរនេះកាន់តែធូរលុង បន្ទាប់ពីកម្ពុជាបានបោះពួយកាន់តែខ្លាំងទៅរកប្រទេសចិន ដែលជាប្រទេសសត្រូវរបស់វៀតណាមបច្ចុប្បន្ន ពិសេសលើជម្លោះសមុទ្រចិនខាងត្បូង។

កម្ពុជាបានចាប់យកសមយុទ្ធយោធា ជាមួយប្រទេសកុម្មុយនីស្តជាបន្តបន្ទាប់ ពិសេសជាមួយប្រទេសចិន ខណៈកម្ពុជាបានលុបចោលនូវសមយុទ្ធយោធាជាមួយ សហរដ្ឋអាមេរិកដែលមានឈ្មោះថាឆ្មាំអង្គរ និងសមយុទ្ធយោធាជាមួយប្រទេសអូស្ត្រាលី ដែលមានឈ្មោះថា                   គោព្រៃ កាលពីឆ្នាំ ២០១៧ ដោយយកលេសថាកម្ពុជា ជាប់រវល់រៀបចំព្រឹត្តិការណ៍បោះឆ្នោតព្រឹទ្ធសភា និងបោះឆ្នោតជាតិ ឆ្នាំ២០១៨ ប៉ុន្តែក្រោយការរៀបចំបោះឆ្នោតទាំងនោះរួចមក កម្ពុជានៅមិនទាន់កំណត់ពេលជាក់លាក់ដើម្បីធ្វើសមយុទ្ធយោធាជាមួយប្រទេសលោកសេរីទាំងពីរនេះឡើងវិញនៅឡើយទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស