32 C
Phnom Penh

លោក ហ៊ុន សែន ថា ជំងឺប៉េសជ្រូកអាហ្វ្រិកកើតឡើងនៅកម្ពុជា ដោយសារការប្រែប្រួលអាកាសធាតុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បានលើកឡើងថាការផ្ទុះឡើងនូវជំងឺប៉េសជ្រូកអាហ្វ្រិកគឺជាការកើតឡើងដោយសារការប្រែប្រួលអាកាសធាតុ។

ជាងនេះទៅទៀត លោកបានជំរុញឱ្យក្រុមគ្រួសារពេទ្យពង្រឹងចំណេះដឹងរបស់ខ្លួនបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុដែលនាំឱ្យមានជំងឺថ្មីៗកើតឡើង។ ជាមួយនោះ លោកអះអាងថា ជំងឺប៉េសជ្រូកអាហ្វ្រិកកើតឡើងនៅកម្ពុជាមិនមែនដោយការឆ្លងពីណាពីណីមកនោះទេ ប៉ុន្តែជាការកើតឡើងដោយសារការប្រែប្រួលអាកាសធាតុ។

ដើរតួនាទីជានាយករដ្ឋមន្ត្រីផង និងជាអ្នកជំនាញផងនោះ លោកហ៊ុន សែន បានលើកជាឧទាហរណ៍ជាក់ស្តែងថាដូចករណីជំងឺប៉េសជ្រូកអាហ្វ្រិកដែលបានផ្ទុះឡើងនៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ដោយថាភូមិសាស្ត្រនៅតំបន់នេះមិនមានការនាំជ្រូកចេញចូលទេ ហើយជំងឺនេះកើតឡើង គឺដោយសារការប្រែប្រួលអាកាសធាតុតែម្តង។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសជាផ្លូវការកាលពីដើមខែកក្កដា ដោយថាជំងឺប៉េសជ្រូកអាហ្វ្រិកបានផ្ទុះឡើងនៅឃុំក្រាំងយ៉ូវ ហើយបានឆ្លងរាលដាលទូទាំងឃុំ ក្នុងចំណោមភូមិចំនួន១៩ និងបានបណ្តាលឱ្យជ្រូកងាប់ និងសម្លាប់ចោលជាង១ពាន់ក្បាល។

ទោះជាយ៉ាងយ៉ាងណាក៏ដោយ ក្រុមប្រជាពលរដ្ឋអះអាងថាករណីជ្រូកពួករបស់គាត់ឆ្លងជំងឺប៉េសនេះ គឺអាចបណ្តាលមកពីការនាំចូលជ្រូកពីខាងក្រៅ ពិសេសខេត្តតាកែវ ដែលមានភូមិសាស្ត្រជាប់គ្នានឹង ខេត្តតាកែវ ដែលមានជ្រូកជាច្រើនត្រូវបានគេនាំចូលពីប្រទេសវៀតណាម ។

ជំងឺប៉េសជ្រូកអាហ្វ្រិកនេះ មានដើមកំណើតពីប្រទេសចិន ហើយបានឆ្លងរាលដាលចូលដល់ប្រទេសវៀតណាម។ ក្រោយពេលវៀតណាមបានប្រកាសពីការផ្ទុះជំងឺនេះ មិនបានប៉ុន្មានខែផង ជំងឺនេះក៏បានឆ្លងរាលដាលចូលដល់ប្រទេសកម្ពុជា ដោយចាប់ផ្តើមផ្ទុះនៅខេត្តរតនៈគិរីមុន។

ជំងឺនេះ ត្រូវបានកសិករអ្នកចិញ្ចឹមជ្រូកអះអាងថា មានប្រភពឆ្លងមកពីប្រទេសវៀតណាមតែម្តង ត្បិតកម្ពុជាបានបន្តនាំជ្រូកពីប្រទេសវៀតណាមចូលមកកម្ពុជារហូតមក បើទោះបីជាក្នុងអំឡុងពេលវៀតណាមផ្ទុះជំងឺនេះស្ទើរពេញទូទាំងប្រទេសក្តី សូម្បីតែនៅពេលបច្ចុប្បន្នករណីនាំជ្រូកចូលលួចលាក់ពីវៀតណាមនៅតែកើតមានឡើងដដែល។

កាលពីខែកក្កដា មន្រ្តីក្រសួងកសិកម្មអះអាងថា ជំងឺនេះបានផ្ទុះឡើងនៅខេត្តចំនួន៥ រួមមានខេត្តរតៈគិរី ខេត្តត្បូងឃ្មុំ ស្វាយរៀង តាកែវ និងខេត្តកណ្តាល ដោយគិតជាជ្រូកងាប់និងជ្រូកត្រូវបំផ្លាញចោលមានចំនួនជាង២ពាន់ក្បាល ហើយគិតជាខាតបង់ទឹកប្រាក់ប្រមាណកន្លះលានដុល្លារសហរដ្ឋអាមេរិក។

ខេត្តដែលផ្ទុះជំងឺប៉េសមាន៥ ខេត្ត ប៉ុន្តែបើតាមពលរដ្ឋចិញ្ចឹមជ្រូក សង្ស័យថាជំងឺនេះក៏បានផ្ទុះឡើងនៅខេត្តផ្សេងទៀត ដូចជាខេត្តកំពង់ចាម ជាដើម ដែលជ្រូករបស់កសិករជាច្រើនងាប់ស្ទើរគ្មានសល់នៅតាមស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកកងមាសជាដើម ប៉ុន្តែព័ត៌មាននៃការផ្ទុះជំងឺនេះមិនត្រូវបានផ្សព្វផ្សាយនោះទេ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស