មិនថាតែសហភាពអឺរ៉ុបទេ ដែលសភាសហគមន៍អន្តរជាតិដ៏ធំមួយនេះ នឹងអនុម័តច្បាប់ Magnitsky ដោយយកគំរូតាមសហរដ្ឋអាមេរិក ដែលបានអនុវត្តបណ្ដើរៗហើយ ទៅលើមន្ត្រី និងបុគ្គលមានអំណាច នៃប្រទេសដទៃ ដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងពុករលួយ ក្នុងនោះ បានអនុវត្តទៅលើ មន្ត្រីនៃប្រទេសរុស្ស៊ី វេណេហ្សូអេឡា និងប្រទេសកម្ពុជា។
ទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយនាពេលថ្មីៗនេះ ដោយស្រង់សំដីរដ្ឋមន្ត្រីការបរទេស អង់គ្លេស លោក Dominic Raab ថា ចក្រភពអង់គ្លេស នឹងអនុវត្តច្បាប់ពិសេសនេះ បន្ទាប់ពី ចាកចេញពីសមាជិកភាពនៃសហភាពអឺរ៉ុប ដែលច្បាប់នេះ នឹងដាក់ទណ្ឌកម្ម លើបុគ្គលពាក់ព័ន្ធនឹងរងបទចោទធ្ងន់ធ្ងរ នៃការរំលោភសិទ្ធិមនុស្ស។
នៅទីក្រុង Manchester ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ របស់បក្សអភិរក្សនិយម ដែលទើបឈ្នះឆ្នោត នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី១២ ខែធ្នូ លោករដ្ឋមន្ត្រី Raab បានថ្លែងថា អង់គ្លេស នឹងដាក់អោយអនុវត្តច្បាប់ Magnitsky នេះ ហើយ ក្រោយមកនឹងពិនិត្យមើល បុគ្គលមានអំណាច នៃប្រទេសមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ធ្ងន់ធ្ងរ ដោយបិទទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិបុគ្គលនោះ។
ប្រភពដដែលនេះឲ្យដឹងថា វិសោធនកម្មច្បាប់ Magnitsky Act ត្រូវបាន សភានៃប្រទេសអង់គ្លេសអនុម័ត កាលពីឆ្នាំ២០១៨។ ការធ្វើវិសោធនកម្មច្បាប់នេះ បានបញ្ចូលមាត្រាមួយចំនួនស្តីពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការប្រឆាំងនឹងការលាងលុយកង្វក់ ដោយផ្ដល់អំណាចអោយ រដ្ឋាភិបាលអង់គ្លេសយកទៅប្រើប្រាស់ដើម ដាក់ទណ្ឌកម្ម និងបង្កកទ្រព្យរបស់ប្រទេស និងបុគ្គលដែលពាក់ព័ន្ធនៃការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ច្បាប់ Magnitsky ត្រូវបានអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់អូបាម៉ា ចុះហត្ថលេខា នៅឆ្នាំ២០១២ ដែលអាមេរិកបានដាក់មុនគេទៅលើ មន្ត្រីនៃប្រទេសរុស្ស៊ី ដោយហាមការចូលទឹកដីអាមេរិក រឹបអូស និងបង្កកសម្បត្តិរបស់មន្រ្តីនោះ។
ច្បាប់នេះ មានប្រភពនៃឈ្មោះដើមរបស់វា គឺជាឈ្មោះ លោក Sergei Magnitsky ដែលជាជនជាតិរុស្ស៊ី។ លោក Sergei Magnitsky គឺជាមេធាវីការពារផលប្រយោជន៍របស់អ្នកវិនិយោគទុនលោកខាងលិច ដែលត្រូវបានសម្លាប់នៅក្នុងគុកមួយកន្លែងនៅក្រុងម៉ូស្គូកាលពីឆ្នាំ២០០៩ បន្ទាប់ពីអាជ្ញាធររុស្ស៊ីចាប់ខ្លួនលោកនៅឆ្នាំ២០០៨ ។ ដោយឡែកសហភាពអឺរ៉ុប ដែលមានសមាជិកចំនួន ២៨ប្រទេស ក្នុងនោះ ប្រទេសអង់គ្លេស ដែលបំរុញនឹងចាកចេញពីសមាជិកភាព នៅថ្ងៃទី៣១ មករា ឆ្នាំ២០២០ នឹងអនុវត្ត ច្បាប់នេះ ដោយបង្កកទ្រព្យសម្បត្តិមន្ត្រីប្រទេសដទៃ ករណីរំលោភសិទ្ធិមនុស្ស ដូចច្បាប់សហរដ្ឋអាមេរិក Magnitsky នេះដែរ។
តាមសារព័ត៌មានរបស់អាមេរិក The Wall Street Journal ឲ្យដឹងថាក្រុមរដ្ឋមន្ត្រីការបរទេស សហភាពអឺរ៉ុប ដែលបានជួបប្រជុំជាមួយគ្នា កាលពីថ្ងៃ ថ្ងៃទី៩ធ្នូ បានយល់ព្រមថា ច្បាប់នេះ អាចយកទៅប្រើប្រាស់ដើម្បី ដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលនិង បុគ្គលណាជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ទោះជានៅប្រទេសណាក៏ដោយ។
អ្នកការទូតម្នាក់របស់សហភាពអឺរ៉ុប បានអោយដឹងថា សេចក្ដីព្រាងច្បាប់នេះ កំពុងសិក្សាបន្តដោយ រដ្ឋជាសមាជិកសហភាព អឺរ៉ុប។ ជាការពិតប្រទេស កាណាដា និងរដ្ឋនៅសមុទ្របាល់កង់ បានអនុម័តរួចហើយ នូវច្បាប់ Magnitsky នេះ។
កាលពីថ្ងៃទី៩ធ្នូសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មដោយបង្កកទ្រព្យសម្បត្តិ មន្រ្តីនៃប្រទេសមួយចំនួននៅក្នុងទ្វីបអឺរ៉ុប អាស៊ី និងអាមេរិកឡាទីន ដោយពួកគេ រងបទចោទពីបទ ពូករលួយ និងរំលោសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ច្បាប់នេះកំពុងដំណើរការបង្កទ្រព្យសម្បតិ្តមន្ត្រីមួយចំនួន នៃរបបផ្ដាច់ការ នៅវេណេហ្សូអេឡា និងមានមន្ត្រីកម្ពុជា៣រូប ផងដែរ។
នៅពេលអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុប គឺអង់គ្លេសនឹងក្លាយជាប្រទេសឈានមុខគេនៅ អឺរ៉ុប ដែលមានអនុវត្តច្បាប់ Magnitsky ដោយយកគំរូតាមសហរដ្ឋអាមេរិក ។ ការនេះនឹងនាំអោយអង់គ្លេសមិនមានឧបសគ្គច្រើន ដូចសហភាពអឺរ៉ុបដែលមានសមាជិក២៧ប្រទេសនោះទេ។ អង់គ្លេស បានសន្យាថា នឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើ ប្រទេសមួយចំនួន ដោយយកលំនាំតាមគំរោងអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបផងដែរ៕