38 C
Phnom Penh

សមាជិកតំណាងរាស្ត្រសហរដ្ឋអាមេរិកព្រមានដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបន្ថែមទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្រ្តសហរដ្ឋអាមេរិក ព្រមានថា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលោក ហ៊ុន សែន នឹងបន្តទទួលរងទណ្ឌកម្មបន្ថែមទៀត ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនព្រមស្តារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញឲ្យទាន់ពេលវេលាទេនោះ។

ប្រធានអនុគណៈកម្មាការទទួលកិច្ចការបរទេស និងជាសមាជិកសភាសហព័ន្ធសហរដ្ឋអាមេរិក លោក ថិត យ៉ូហូ បានប្រាប់សារព័ត៌មានThe Cambodia Daily កាលពីថ្ងៃម្សិលមិញថាក្រុមមន្រ្តីជាន់ខ្ពស់ និងក្រុមឧកញ៉ា កំពូលៗរបស់លោក ហ៊ុន សែន នឹងបន្តទទួលរងទណ្ឌកម្មបន្ថែមទៀត ដរាបណារដ្ឋាភិបាលមួយនេះព្រមស្តារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញ។

កាលពីថ្ងៃទី ៩ ធ្នូ ក្រសួងរតនាគារសហរដ្ឋអាមេរិកសម្រេចដាក់ទណ្ឌកម្មលើអតីតនាយឧត្តមសេនីយ៍ផ្តាយមាសបួន និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក គន់ គីម និងសមាជិកគ្រួសារចំនួន៣រូប ព្រមទាំងឧកញ៉ាល្បីល្បាញរឿងរកស៊ីឈើនៅស្រុកខ្មែរ គឺលោកទ្រី ភាព។

បុគ្គលទាំង៥ រូប រួមទាំងក្រុមហ៊ុនរកស៊ីរបស់ពួកគេចំនួន១៦ ក៏ត្រូវបានដាក់ក្នុងបញ្ជីទណ្ឌកម្មនោះដែរ។ ទណ្ឌកម្មនេះ អនុវត្តឡើងតាមច្បាប់អាមេរិកមួយឈ្មោះថា Global Magnitsky Act ដោយទណ្ឌកម្មនេះមានដូចជាបង្កក ឬរាំងខ្ទប់ទ្រព្យសម្បត្តិរបស់ពួកគេ បិទទិដ្ឋាការឬ វីសារមិនឱ្យជាន់ដីអាមេរិក ហាមពលរដ្ឋអាមេរិកមិនឱ្យរកស៊ីជាមួយពួកគេទាំងពីររូបនេះជាដើម។

ការសម្រេចនេះ ក្រោយពេលក្រសួងសហរដ្ឋអាមេរិករកឃើញថា នាយឧត្តមសេនីយ៍ផ្កាយមាសបួន និងឧកញ៉ាល្បីល្បាញរឿងបំផ្លាញព្រៃឈើស្រុកខ្មែររូបនេះ បានប្រព្រឹត្តអំពើពុករលួយ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដូចជាការកិបកេងទ្រព្យសម្បត្តិរដ្ឋ ការរឹបអូសយកទ្រព្យសម្បត្តិឯកជនមកធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ការប្រព្រឹត្តិអំពើពុករលួយទាក់ទងនឹងការអនុវត្តកិច្ចសន្យាជាមួយរដ្ឋាភិបាល អំពើកេងប្រវ័ញ្ចលើធនធានធម្មជាតិ ឬអំពើសូកប៉ាន់ជាដើម។

សហរដ្ឋអាមេរិកបានរកឃើញថា លោក គន់ គីម បានបណ្តេញពលរដ្ឋចេញពីលំនៅដ្ឋានដោយបង្ខំដើម្បីយកដីឱ្យទៅក្រុមហ៊ុនចិននៅខេត្តកោះកុង និងការទទួលបានលាបសក្ការៈយ៉ាងច្រើនពីក្រុមហ៊ុនចិន តែក្រោយមកលោក គន់ គីម ត្រូវបានរដ្ឋាភិបាលលោកហ៊ុន សែន ដកចេញពីតំណែងជាន់ខ្ពស់យោធាដោយសារមិនបានបែងចែកផលលាភទៅកាន់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលផ្សេងទៀត។

ដោយឡែក លោកទ្រី ភាព មានខ្នងគ្រាក់ៗក្នុងជួររដ្ឋាភិបាល ហើយបានរៀបចំជាប្រព័ន្ធពុករលួយដើម្បីរកស៊ីឈើដោយខុសច្បាប់នាំចេញទៅក្រៅប្រទេស ដែលមានទីផ្សារធំៗ រួមមានវៀតណាម ចិន អឺរ៉ុប និងរុស្ស៊ីជាដើម។

កាលពីឆ្ន២០១៨ ប្រធានកងអង្គរក្សរបស់លោក ហ៊ុន សែន គឺ នាយឧត្តមសេនីយ៍ផ្កាយមាសបួន ហ៊ីង ប៊ុនហៀង ក៏ត្រូវបានក្រសួងរតនាគារសហរដ្ឋអាមេរិកសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិនិងបិទទិដ្ឋាការមិនឱ្យជាន់ដីអាមេរិកដែរ ប៉ុន្តែលោក ហ៊ីង ប៊ុនហៀង ធ្លាប់ថ្លែងប្រាប់អ្នកសារព័ត៌មានថាលោកគ្មានទ្រព្យសម្បត្តិនៅក្រៅប្រទេសទេ ហើយលោកក៏គ្មានមិនចង់ជាន់ដីអាមេរិកដែរ។

ក្រោយពីសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិនិងបិទទិដ្ឋាការលោក ទ្រី ភាព លោក គន់ គីម ក្នុងក្រុមគ្រួសារបានមួយថ្ងៃ ក្រសួងការបរទេសកម្ពុជា ក៏បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយចាត់ទុកទណ្ឌកម្មការសម្រេចរបស់អាមេរិកនេះ ធ្វើឡើងដោយ បំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ស្មើភាពនៃអធិបតេយ្យ និងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិដទៃទៀត។

ក្រសួងការបរទេសបញ្ជាក់ទៀតថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកនេះ ធ្វើឡើងដោយគ្មានមូលដ្ឋាន និងមិនគោរពដល់ឯករាជ្យនៃច្បាប់ និងយុត្តិធម៌របស់កម្ពុជាទៀតផង។

ទោះជាយ៉ាងណាក៏ដោយក្រុមអ្នកឃ្លាំមើលចាត់ទុកដាក់ទណ្ឌកម្មជាបុគ្គលរបស់សហរដ្ឋអាមេរិកមកលើមន្រ្តីជាន់ខ្ពស់របស់កម្ពុជាទាំងនេះ មានប្រសិទ្ធិភាពបំផុតក្នុងការបង្ខំឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន គោរពលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សពិតបា្រកដ ហើយថាការដាក់ទណ្ឌកម្មនេះគ្មានអ្វីប៉ះទង្គិចដល់អធិបតេយ្យភាពរបស់កម្ពុជានោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស