37.6 C
Phnom Penh

អតីតជនផ្តាច់ការ នៅប្រទេសប៉ាគិស្ថាន ត្រូវបានកាត់ទោសដោយទោសប្រហារជីវិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតមេបញ្ជាការជាន់ខ្ពស់នៃប្រទេស ប៉ាគីស្ថាន លោកឧត្តមសេនីយ៍ Pervez Musharraf ដែលជាមេដឹកនាំរដ្ឋប្រហារ ទំលាក់រដ្ឋាភិបាលជាប់ឆ្នោត កាលពីឆ្នាំ១៩៩៩ ត្រូវបានផ្តន្ទាទោស ដោយទោសប្រហារជីវិតពីបទក្បត់ជាតិ ដោយបានប្រកាសប្រទេសដាក់ក្នុងគ្រាមានអាសន្នកាលពីឆ្នាំ២០០៧ ដែលជាការរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ។

សារព័ត៌មាន Independent បានចុះផ្សាយថា អតីតប្រធានាធិបតី Musharraf មិនបានចូលខ្លួនមកទទួលទោសដោយផ្ទាល់នោះទេ គឺលោក បានកំពុងរស់នៅនិរទេសខ្លួនក្នុងប្រទេស អារ៉ាប់អេមេរ៉េតខណៈលោកបានភៀសខ្លួនទៅកាន់ប្រទេសនេះតាំងពីឆ្នាំ ២០១៦នៅពេលរដ្ឋាភិបាលប៉ាគីស្ថាន បានអនុញ្ញតិអោយលោកទៅព្យាបាល ជំងឺនៅក្រុងឌុយបៃប្រទេសអារ៉ាប៊ីសាវអូឌិត។

យ៉ាងណាក៏ដោយ អាជ្ញាធរប៉ាគិស្ថានមិនអាចចាប់ខ្លួនអតីតមេរដ្ឋប្រហារនេះបានទេ ដោយសារតែប្រទេស អារ៉ាប់អេមេរ៉េតពុំមានបត្យាប័នផ្ទេរអ្នកទោស ជាមួយនឹងប៉ាគីស្ថាន។

តាមការចុះផ្សាយនៃបណ្ដាញផ្សាយព័ត៌មាន Aljazeera ឲ្យដឹងថាលោក Musharraf ពុំទាន់បានឆ្លើយតបអ្វីឡើយចំពោះដំណឹងកាត់ទោសប្រឆាំងនឹងរូបលោក។ ប៉ុន្តែលោកធ្លាប់បានច្រានចោលរាល់ការចោទប្រកាន់ទាំងនេះ។

ការជំនុំជម្រះក្ដីអំពីទោស ក្បត់ជាតិ ប្រឆាំងអតីតឧត្តមសេនីយ៍ Musharraf វ័យ ៧៦ឆ្នាំរូបនេះបានចាប់ផ្តើម តាំងពី២០១៤ ដែលបទចោទដំបូង ផ្អែកលើសកម្មភាពរបស់លោកក្នុងឆ្នាំ២០០៧ គឺជាភស្តុតាងដ៏រឹងមាំពាក់ព័ន្ធនឹងទោសក្បត់ជាតិ។ គេនៅចាំបានថា កាលពីថ្ងៃ ទី៣ ខែវិច្ឆិកា ឆ្នាំ២០០៧ មេបញ្ជាការយោធារូបនេះ បានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដោយបានព្យួររដ្ឋធម្មនុញ្ញ ព្រមទាំងបានឃុំឃាំងមេដឹកនាំនយោបាយជាន់ខ្ពស់ និងចៅក្រមជាច្រើនរូបដែលហ៊ានងើបឡើងប្រឆាំងនឹងរូបលោក។

ស្ថានការណ៍នយោបាយនៅប៉ាគីស្ថាន នៅក្នុងខែមីនា ឆ្នាំ២០០៧ កាន់តែធ្ងន់ធ្ងរទៀតនោះ ដោយសារ លោក Musharraf បានប៉ុនប៉ុងដកហូតតំណែងរបស់ប្រធាន តុលាការកំពូលប៉ាគីស្ថាន គឺលោក Iftikhar Muhammad Chaudhry ដែលគ្រានោះ ហើយក្រុមចៅក្រមតុលាការកំពូល និងអ្នកច្បាប់រាប់រយនាក់សាមគ្គីគ្នាប្រឆាំងនឹងលោក Musharraf ដោយចាត់ទុក បទបញ្ជាដាក់ប្រទេសក្នុងគ្រាមានអាសន្ន គឺជាការរំលោភធ្ងន់ធ្ងរទៅលើរដ្ឋធម្មនុញ្ញ ដែលទង្វើនេះហើយនាំអោយមានបទចោទប្រឆាំងអតីតមេរដ្ឋប្រហាររូបនេះ ពីបទក្បត់ជាតិ។

នេះជាលើកដំបូងហើយ នៃប្រវត្តិសាស្ត្ររបស់ប្រទេសប៉ាគីស្ថាន ដែលអតីតមេបញ្ជាការកងទ័ពម្នាក់ និងជារដ្ឋមេរដ្ឋប្រហារម្នាក់ទទួលទោស ប្រហារជីវិត។

រដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី Imran Khan បានជូនដំណឹងនេះ តាមរយៈក្រសួងព័ត៌មាន ទៅកាន់ប្រជាជនពីស្ថានទំងន់ទោស ប្រឆាំងអតីតប្រធានាធិបតី របស់ប្រទេសនេះ។

គេនៅចាំបានថា ដើម្បីបញ្ជៀស ពីការប្រឈមក្នុងជំលោះនយោបាយ លោក Musharraf បានសម្រេច លាលែងពីតំណែងនៅឆ្នាំ២០០៨ បន្ទាប់ពីក្រុមប្រឆាំង បានគាបសង្កត់រូបខ្លាំងក្លាអោយលោកចាកចេញពីតំណែងនេះ។ នៅឆ្នាំ២០១៣ អ្នកនយោបាយដែលធ្លាប់រងនូវការធ្វើរដ្ឋប្រហារទំលាក់ពីតំណែង គឺលោក Nawaz Sharif,  ក៏បានក្លាយជានាយករដ្ឋមន្ត្រីជាប់ឆ្នោត ម្ដងទៀត។ បុរសម្នាក់នេះហើយ ជាដើមចោទមួយទៀតប្រឆាំងនឹងលោក Musharraf ពីទោសក្បត់ជាតិ។

ប៉ុន្តែសម្រាប់លោក Sharif ផ្ទាល់ ក៏ត្រូវដកហូតតំណែងផងដែរនៅឆ្នាំ២០១៧ ដោយសារ គ្រួសាររបស់ លោកជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ លោកNawaz Sharif,  ដែលកំពុងស្ថិតនៅប្រទេសអង់គ្លេស ដោយសារលោកទទួលបានការសុំនៅក្រៅឃុំ បានប្រាប់តាមរយៈអ្នកនាំពាក្យរបស់លោកថា លោកសាទរចំពោះសាលក្រមនេះ ហើយថាអតីតជនផ្ដាច់ការរូបនេះ សមទទួលទោសក្នុងទំរង់ទោសដូចនេះ។

រដ្ឋធម្មនុញ្ញប៉ាគីស្ថានចែងថា ជនណាដែលមានទោសពីបទក្បត់ជាតិ គឺត្រូវដាក់អោយទទួលទោសប្រហារជីវិត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស