31 C
Phnom Penh

មេដឹកនាំដែលក្រាញអំណាចជាង៣០ឆ្នាំនៅកម្ពុជា អះអាងថាសមយុទ្ធចំនួន២ ត្រូវបានរៀបចំឡើងក្នុងន័យសង្គ្រោះពលរដ្ឋនិងទប់ទល់គ្រោះមហន្តរាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បានប្រកាសថា សមយុទ្ធចំនួនពីរដែលកំពុងធ្វើឡើងនៅតាមព្រំដែនកម្ពុជា វៀតណាម មានគោលដៅពីរដាច់ដោយឡែកពីគ្នា តែមានអត្ថន័យរួមដើម្បីសង្គ្រោះពលរដ្ឋ។

ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតនៅសាលកវិទ្យាល័យមួយនារាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៨ ខែធ្នូនេះ លោកនាយករដ្ឋមមន្ត្រីហ៊ុន សែន អះអាងថាសមយុទ្ធទាំងពីរនេះ រួមមានសមយុទ្ធយោធា រវាងកងទ័ពកម្ពុជា និងវៀតណាម ដែលធ្វើឡើងជាប់ព្រំដែនប្រទេសទាំងពីរ នៅភូមិសាស្ត្រខេត្តស្វាយរៀងរបស់កម្ពុជា និង ខេត្តឡុងអាន របស់វៀតណាម តាមការស្នើសុំរបស់លោក ដោយមានគោលបំណងឆ្លើយតបទៅនឹងវិធានការជួយសង្រ្គោះពលរដ្ឋពេលមានគ្រោះមហន្តរាយធម្មជាតិតាមព្រំដែន។

ដោយឡែក សមយុទ្ធមួយទៀតលោកថា ធ្វើឡើងនៅក្នុងខេត្តសៀមរាប ដើម្បីហ្វឹកហាត់សាកល្បង និងផ្តល់បទពិសោធន៍ដល់ស្ថាប័នពាក់ព័ន្ធនានាសំដៅដល់ការលើកកម្ពស់ការជួយសង្រ្គោះជនរងគ្រោះឱ្យបានទាន់ពេលវេលានៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះ ដែលកើតឡើងជាយថាហេតុ។

លោកនាយករដ្ឋមន្ត្រី បានប្រកាសប្រាប់ពលរដ្ឋថា សមយុទ្ធទាំងពីរ នឹងចាប់ផ្តើមនៅថ្ងៃនេះតែម្តង ហើយលោកស្នើសុំកុំឱ្យពលរដ្ឋមានការភ្ញាក់ផ្អើលឬ យល់ច្រឡំ។

ជាក់ស្តែងសមយុទ្ធយោធារវាងកងទ័ពកម្ពុជា-វៀតណាម នៅតំបន់ជាប់ព្រំដែន លោក អះអាងថាពុំមែនជាការឈ្លានពានរបស់វៀតណាមចូលកម្ពុជាអ្វីនោះទេ ព្រោះលោកថាសមយុទ្ធនេះ តម្រូវឱ្យកងទ័ពកម្ពុជាអាចចូលទឹកដីវៀតណាម ហើយកងទ័ពវៀតណាមអាចចូលមកទឹកដីកម្ពុជា ក្នុងភូមិសាស្ត្រដែលបានកំណត់រៀងខ្លួន។

លោកហ៊ុន សែន ធ្លាប់ឱ្យដឹងថា ទៅថ្ងៃមុខទៀត កម្ពុជានឹងមានសមយុទ្ធយោធានៅតាមព្រំដែន ដែលនឹងធ្វើឡើងជាមួយ កងទ័ពថៃ និង ឡាវ ដូចគ្នាទៅនឹងការធ្វើសមយុទ្ធយោធាជាមួយកងទ័ពវៀតណាមពេលនេះផងដែរ។

លោកថា គម្រោងសមយុទ្ធបែបនេះជាការផ្ដល់នូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរនៅពេលដែលមានគ្រោះមហន្តរាយកើតមានឡើងដូចជាភ្លើងឆេះព្រៃ និងទឹកជំនន់ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស