26 C
Phnom Penh

ថ្នាក់ដឹកនាំបក្សប្រឆាំងនៅវេណេហ្សូអេឡាមួយចំនួនចង់ត្រឡប់ទៅប្រទេសវិញ ដើម្បីចូលរួមបោះឆ្នោត ខណៈរបបម៉ាឌូរ៉ូសន្យាដកការរឹតបន្តឹងសេរីភាព របស់ពួកគេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅប្រទេសវេណេហ្សូអេឡា ដែលហែកហួរដោយ វិបត្តិសេដ្ឋកិច្ចនិងនយោបាយនោះ កំពុង ធ្វើដំណើរទៅរកការបោះឆ្នោតសភា មួយអាណត្តិទៀត នៅពាក់កណ្ដាលឆ្នាំ២០២០ ឬចុងឆ្នាំ២០២០ ខណៈថ្នាក់ដឹកនាំក្រុមបក្សប្រឆាំងដែលរស់និរទេសខ្លួនមួយចំនួន កំពុងរកពេលចូលប្រទេសវិញ ក្រោមស្ថានការណ៍ ធានាសេរីភាពឡើងវិញ។ នេះ បើតាមប្រធានសភាធម្មនុញ្ញ លោក Diosdado Cabello ដែលបានស្រង់សំដីដោយ សារព័ត៌មាន Prensa Latina របស់ប្រទេសវេណេហ្សូអេឡា។

លោក Cabello បានធានាថា ការបោះឆ្នោត សភា ពិតជាត្រូវធ្វើឡើងនៅឆ្នាំ២០២០ ទោះជានៅក្នុងខែណាមួយក៏ដោយ។ តែលោកថា ទោះជាមានការចរចានយោបាយក្ដី តែការបោះឆ្នោតប្រធានាធិបតីនៅមិនទាន់ជារបៀបវារៈឡើយ។

សេចក្ដីប្រកាសរបស់ ប្រធានសភាធម្មនុញ្ញវេណេហ្សូអេឡា ធ្វើឡើងដើម្បីឆ្លើយតប ទៅនឹងរដ្ឋមន្ត្រីការបរទេសនៃប្រទេសអេស្ប៉ាញ លោក Josep Borrell, ដែលអំពាវនាវ អោយមានការបោះឆ្នោត ប្រធានាធិបតីឡើងវិញនៅវេណេហ្សូអេឡា។

តែលោក Cabello បញ្ជាក់ថា ការជាប់គាំងនៃការចរចានោះគឺដោយសារក្រុមប្រឆាំងធ្វើពហិការ។ លោកបន្តថា មានតែការបោះឆ្នោតសភាប៉ុណ្ណោះ ដែលអាចធ្វើបានគឺនៅចុងឆ្នាំ២០២០យ៉ាងយូរ។

សភា នៃប្រទេសវេណេហ្សូអេឡា មាន ១៦៧ អាសនៈ ។ នៅក្នុងការបោះឆ្នោតឆ្នាំ២០១៥ គឺបក្សប្រឆាំងនៃក្រុមចម្រុះ ដឹកនាំដោយ ក្រុមលោក ហ៊ាន់កៃដូ ដែលជាប្រមុខរដ្ឋស្ដីទីមានការទទួល ស្គាល់ដោយ សហគមន៍អន្តរជាតិជាង៥០ប្រទេសរួមទាំង សហរដ្ឋអាមេរិក ដែលបានឈ្នះការបោះឆ្នោតរហូតដល់ ១០៩ អាសនៈ ហើយ៥៥ អាសនៈទៀតបានទៅលើគណបក្សសង្គមនិយមរបស់លោកម៉ាដូរ៉ូ។

លោក វ័នកៃដូ ទោះជាមិនបានអំពាវនាវអោយមានការលើកលែង ការរឹតត្បិត និងធ្វើទុកបុកម្នេញ លើក្រុមប្រឆាំងក៏ដោយ តែសម្រាប់លោកប្រធានាធិបតី ម៉ាឌូរ៉ូ និយាយថា លោកពិតជាចង់អោយការបោះឆ្នោត សមាជិកសភា ប្រព្រឹត្តទៅដោយ សន្តិវិធី និងគា្មនការភ័យខ្លាចឡើយដែលការណ៍នេះ ហើយ នាំអោយថ្នាក់ដឹកនាំក្រុមប្រឆាំងមួយចំនួនចង់វិលចូលប្រទេសវេណេហ្សូអេឡាវិញ ខណៈពួកគេបានរត់ភៀសខ្លួនទៅនៅប្រទេសជិតខាង។

ទោះជាយ៉ាងណាក៏ដោយក្រុមប្រឆាំងធ្លាប់បានបង្ហើបថា ទោះបីការបោះឆ្នោត ប្រធានាធិបតី ឬសភាក្ដី គឺត្រូវតែមានបរិយាកាស សេរីនិងគ្មានការគំរាមកំហែង។ ក្រុមនេះទទូចថា ការបោះឆ្នោតត្រូវតែមានអ្នកសង្កេតការណ៍អន្តរជាតិ ហើយការបោះឆ្នោតត្រូវតែតម្លាភាព។

សារព័ត៌មាន BNN Bloomberg បានធ្វើបទវិភាគ ថា នេះជាល្បែងរបស់ប្រធានាធិបតី ដែលអស់ប្រជាប្រិយ៍ភាពគឺលោកម៉ាឌូរ៉ូ ដែលចង់អូសក្រឡា ដើម្បីប្រមូលប្រជាប្រិយភាពរបស់លោកឡើងវិញ។

BNN Bloomberg វិភាគឃើញថា សម្រាប់លោកវ័នកៃដូ ក៏បានស្រុតចុះប្រជាប្រីយ៍ភាពបន្តិចដែរ ដោយសារក្រុមប្រឆាំងរបស់លោកនៅក្រៅប្រទេស មិនបានគ្រប់គ្រង ស្បៀងជំនួយមានតម្លាភាព ហើយម្យ៉ាង ក្រុមប្រឆាំងដែលស្មោះស្ម័គ្រនឹងលោកវ័នកៃដូ ភាគច្រើន បានរត់ទៅ នៅប្រទេសជិតខាងជិត ៤លាននាក់ឯណោះ។

ក្នុងរយៈពេលចុងក្រោយនេះ ក្រុមប្រឆាំងនៅរដ្ឋធានីការ៉ាកាស មិនសូវស្វាហាប់ ចូលរួមបាតុកម្ម ដឹកនាំដោយលោកវ័ន្តកៃដូ ដូចមុនទេ ដោយសារតែ អ្នកគាំទ្រ បានចាកចេញពីប្រទេសកាន់តែច្រើនឡើងៗ។

ប៉ុន្តែសម្រាប់អាមេរិក ជាអ្នកកំពុងរុញអោយមាន ការស្ថានការណ៍ប្រែសប្រួល នៅវេណេហ្សូអេឡា ដែលចង់អោយមានការបោះឆ្នោតប្រធានាធិបតី មុនអាណត្តិនៅតែបន្តដាក់ទណ្ឌកម្ម លើរបបលោកម៉ាឌូ រ៉ូ រហូតដល់មានមេដឹកនាំថ្មី ហើយសង្ឃឹមថា របបលោកម៉ាឌូរ៉ូនឹងមិនបន្តរស់បានយូរខែទៀតឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស