ក្រុមអង្គការសង្គមស៊ីវិល សហជីពជាតិ និងអន្តរជាតិ នៅតែបង្ហាញពីក្តីព្រួយបារម្ភចំពោះការធ្វើវិសោធនកម្មច្បាប់ស្តីពី សហជីព និងករណីចោទប្រកាន់តាមផ្លូវច្បាប់ប្រឆាំងនឹងថ្នាក់ដឹកនាំសហជីព។ បន្ថែមពីនេះ ពួកគេមើលឃើញថា ការធ្វើវិសោធនកម្មចុងក្រោយកាលពីថ្ងៃទី ៩ ខែធ្នូ ស្តីពីច្បាប់សហជីព នៅតែបន្តរឹតត្បិតសិទ្ធិការងារ និងសិទ្ធិមនុស្សដដែល ដោយមិនបានកែប្រែច្បាប់នេះឱ្យមានភាពប្រសើរនោះឡើយ។
ការអះអាងនេះ ធ្វើឡើងនៅក្នុងលិខិតផ្ញើជូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃពុធម្សិលមិញ ។
ក្នុងលិខិតនោះ ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិមានការព្រួយបារម្ភជាខ្លាំងចំពោះការស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីពដែលត្រូវបានអនុម័តដោយព្រឹទ្ធសភាកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩។
ពួកគេយល់ថា ការស្នើធ្វើវិសោធនកម្មមានចំនួន១០មាត្រា រួមមាន មាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩ គឺមិនបានអនុលោមទៅតាមបទដ្ឋានការងារអន្តរជាតិផ្នែកការងារ និងត្រូវបានអនុម័តដោយគ្មានដំណើរការពិគ្រោះយោបល់ឲ្យល្អិតល្អន់ជាមួយភាគីពាក់ព័ន្ធនោះទេ។
លិខិតដដែលលើកឡើងទៀតថា កិច្ចពិគ្រោះយោបល់ស្តីពីការធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីពចុងក្រោយ នៅតែបន្តការរឹតត្បិតសិទ្ធិការងារ និងសិទ្ធិមនុស្ស តាមរយៈការកម្រិតសិទ្ធិសេរីភាពផ្នែកសមាគម សិទ្ធិក្នុងការចងក្រង និងសិទ្ធិក្នុងការចរចារជាសមោហភាពជាដើម។
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ កត់សម្គាល់ថាមានការធ្វើវិសោធនកម្មតិចតួចទៅលើច្បាប់នេះលើសំណេរដើមកន្លងមក ដោយមិនទាន់គ្រប់គ្រាន់នៅទ្បើយ និងមិនត្រូវបានដោះស្រាយចំពោះបញ្ហាផ្សេងទៀត។
ជាមួយគ្នានេះ ពួកគេស្នើឱ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើការពិចារណាទៅលើបទប្បញ្ញាត្តិក្នុងច្បាប់ស្តីពីសហជីពទាំងអស់នេះទ្បើងវិញ និងពិចារណាដោយយកចិត្តទុកដាក់ចំពោះអនុសាសន៍ ដែលបានផ្តល់ដោយការិយាល័យស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងអង្គការពលកម្មអន្តរជាតិផ្នែកការងារ។
បន្ថែមពីនេះ ពួកគេស្នើឱ្យលោកហ៊ុន សែន ផ្តួចផ្តើមឲ្យមានការពិគ្រោះទ្បើងវិញប្រកបដោយតម្លាភាពទៅលើការធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីព នៅខែមករា ឆ្នាំ២០២០ ដើម្បីធានាថាច្បាប់នេះត្រូវ បានធ្វើវិសោធនកម្មអនុលោមពេញលេញទៅនឹងបទ្បដ្ឋានអន្តរជាតិផ្នែកការងារ និងសិទ្ធិមនុស្ស។
ពួកគេអះអាងថា កិច្ចពិគ្រោះយោបល់នេះគួរធ្វើទ្បើងដោយមានការចូលរួមពីការិយាល័យស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ អង្គការពលកម្មអន្តរជាតិផ្នែកការងារ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ជាពិសេសសហជីពឯករាជ្យ និងការដាក់លិខិតសម្រាប់ការអញ្ជើញចូលរួមគួរតែត្រូវបានចេញទុកមុន។
របាយការណ៍សរុប និងសេចក្តីព្រាងនៃការធ្វើវិសោធនកម្មចុងក្រោយចេញពីកិច្ចពិគ្រោះយោបល់គួរត្រូវបានផ្សព្វផ្សាយជាសាធារណៈ និងចែករំលែកជាមួយរដ្ឋសភាជាតិ និងព្រឹទ្ធសភាដើម្បីជម្រាបពីការកែប្រែទ្បើងវិញទៅលើការធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីព។
លើសពីនេះ ប្រមុខរដ្ឋាភិបាលត្រូវអន្តរាគមន៍ដោយជំរុញទម្លាក់រាល់បទចោទប្រកាន់ប្រឆាំងលើមេដឹកនាំសហជីព កម្មករនិយោជិត និងសកម្មជនតស៊ូមតិលើសិទ្ធិការងារ។ បញ្ឈប់រាល់ទម្រង់ការយាយីទៅលើមេដឹកនាំសហជីព កម្មករនិយោជិត និងសកម្មជនតស៊ូមតិលើសិទ្ធិការងារ។
តាមរយៈការធ្វើដូចនេះ រដ្ឋាភិបាលកម្ពុជាអាចធានាថាការកែប្រែបទប្បញ្ញតិ្តនៃច្បាប់ស្តីពីសហជីពទ្បើងវិញ ដើម្បីបញ្ជាក់ពីកាតព្វកិច្ចរបស់ខ្លួនស្ថិតក្រោមកតិការសញ្ញាស្តីពីសិទ្ធិមនុស្ស និងអនុសញ្ញាស្នូលអន្តរជាតិផ្នែកការងារនានាជាដើម។
ចំណែកការគាបសង្កត់ឬ រំលោភសិទ្ធិសេរីភាពផ្នែកការងារនេះដែរ ក៏ត្រូវបានសហភាពអឺរ៉ុបដាក់បញ្ចូលក្នុងរបាយការណ៍របស់ខ្លួន ហើយបានផ្ញើមកឱ្យរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី ១២វិច្ឆិកា ដើម្បីពិនិត្យនិងធ្វើការឆ្លើយតប មុននឹងពួកគេសម្រេចជាផ្លូវថាដកឬ មិនដកប្រព័ន្ធអនុគ្រោះ៕