មនុស្សជំនិត និងជាអតីតនាយខុទ្ទកាល័យលោក កឹម សុខា គឺ លោក មុត ចន្ថា អះអាងថា រដ្ឋាភិបាលកាណាដា នឹងតាមដានករណីសំណុំរឿងប្រធានរបស់ខ្លួនដោយយកចិត្តទុកដាក់។
ការអះអាងនេះ ធ្វើឡើងនៅលើគណនេយ្យរបស់លោក ក្រោយជំនួបរវាង ភារធារីនៃស្ថានទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជាគឺអ្នកស្រី Allison Stewart ជាមួយប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា នៅគេហដ្ឋានរបស់លោកកាលពីម្សិលមិញ។
លោក មុត ចន្ថា បញ្ជាក់ថា អ្នកស្រី Allison Stewart បានលើកឡើងថាប្រទេសកាណាដា នឹងបន្តជួយ និងគាំទ្រដំណើរការប្រជាធិបតេយ្យ ព្រមទាំងការលើកកម្ពស់នូវការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន នៅកម្ពុជា។ ទន្ទឹមគ្នានេះដែរ រដ្ឋាភិបាលកាណាដា នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាព និងករណីរបស់ លោក កឹម សុខា ជាពិសេស សវនាការ នៅពេលខាងមុខនេះទៀតផង។
មន្ត្រីជំនិតរបស់មេដឹកនាំបក្សប្រឆាំងដដែល ឱ្យដឹងថា លោក កឹម សុខា ក៏បានស្វាគមន៍និងអបអរសាទរនូវការពង្រឹង និងពង្រីកទំនាក់ទំនងល្អជាមួយបណ្តាប្រទេសនានា ដើម្បីជាផលប្រយោជន៍របស់ប្រទេស និងប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា។
នេះមិនមែនជាប្រទេសទី១ទេ ចាប់តាំងពីលោកមានសេរីភាពជាងមុនដោយបានជួបមន្ត្រីទូតប្រទេសលោកសេរីជាង១០ មកនេះ។ ពួកគេតែងអះអាងថា ខ្លួននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើសំណុំរឿងលោក កឹម សុខានេះ ពិសេសសហរដ្ឋអាមេរិក តែម្តង។
តុលាការក្រុងភ្នំពេញ បានសម្រេចបញ្ជូនសំណុំរឿង លោក កឹម សុខា ទៅជំនុំជម្រះ និងបើកសវនាការ នៅថ្ងៃទី ១៥ ខែមករា តាមការបង្ហើបជាមុនដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក កឹម សុខា ត្រូវបានអាជ្ញាធរលោកហ៊ុន សែន ចូលចាប់ក្នុងផ្ទះរបស់លោកទាំងយប់កាលពីថ្ងៃទី ៣ កញ្ញា ឆ្នាំ ២០១៧ ហើយបញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម ដោយពេលនោះ លោកហ៊ុន សែន បានចោទលោក កឹម សុខា ពាក់ព័ន្ធបទល្មើសក្បត់ជាតិ ហើយតុលាការក៏បានធ្វើតាមការចង្អុលបង្ហាញនោះដែរ។
ក្រោយការឃុំខ្លួនលោកកឹម សុខា បានជាង២ខែ តុលាការកំពូលសម្រេចរំលាយគណបក្សសង្រ្គោះជាតិចោលតែម្តង ស្របពេលតុលាការមិនទាន់រកឃើញថាតើប្រធានគណបក្សប្រឆាំងរូបនេះ មានទោសឬ គ្មានទោសនៅឡើយផង។ មិនត្រឹមតែរំលាយបក្សប្រឆាំងប៉ុណ្ណោះទេ តុលាការក៏បានដកហូតដំណែងមន្ត្រីបក្សប្រឆាំងតាំងពីថ្នាក់មូលដ្ឋានរហូតដល់រដ្ឋសភា ដែលមិនព្រមចុះចូលបក្សកាន់អំណាចយកទៅចែកគ្នា ព្រមទាំងដាក់បម្រាមមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងជាង១រយនាក់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំថែមទៀត។
កន្លងមក សហរដ្ឋអាមេរិកធ្លាប់អះអាងថា ការឃុំខ្លួនលោកកឹម សុខា ទាំងក្នុងពន្ធនាគារ និងនៅក្នុងផ្ទះអស់រយៈពេលជាង២ឆ្នាំមកនេះ ជារឿងអយុត្តិធម៌ និងគ្មានភស្តុតាងនោះឡើយ៕