រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានជំទាស់ទៅនឹងគម្រោងរបស់អាជ្ញាធរខេត្តបាត់ដំបង ដែលមានបំណងចង់រុះរើស្ពានថ្មចាស់ ដែលស្ថិតនៅខាងមុខសាលាខេត្តមួយនេះ។
យោងតាមលិខិតមួយច្បាប់របស់ អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ផ្ញើជូនទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរោបនីយកម្មនិងសំណង់ លោក ជា សុផារ៉ា ដើម្បីសុំកិច្ចអន្តរាគមន៍ចុះពិនិត្យរកដំណោះស្រាយមួយក្នុងការរក្សាទុកស្ពានថ្មនៅមុខសាលាខេត្តបាត់ដំបង ដែលបានបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង ខណៈស្ថាប័ននេះចាត់ទុកស្ពាននេះជាមរតកដ៏កម្រ។
សំណើរសុំកិច្ចអន្តរាគមន៍នេះ ក្រោយពេលក្រោយពីរដ្ឋបាលខេត្តបាត់ដំបងបានស្នើសុំគោលការណ៍អនុញ្ញាតធ្វើការរុះរើស្ពានចាស់មួយនេះ ក្រោមហេតុផលថាស្ពាននោះចាស់ទ្រុឌទ្រោមខ្លាំង ហើយរដ្ឋបាលខេត្តមានគម្រោងកសាងស្ពានថ្មថ្មីជំនួសវិញនៅឆ្នាំក្រោយ។
អ្នកស្រី ភឿង សកុណា បញ្ជាក់ក្នុងលិខិតនោះថា យើងពុំគួរធ្វើការរុះរើស្ពានចាស់សម័យបារាំងនោះទេ ដោយសារស្ពាននេះមានអាយុកាលដ៏ចំណាស់ជាង ១០០ ឆ្នាំមកហើយ ដែលបានកសាងនៅសម័យអាណានិគមបារាំងជាសំណង់បេតិកភណ្ឌទីក្រុងនៅសល់តែ ១ គត់នៅក្នុងខេត្តបាត់ដំបង និងនៅសល់តែ ១ គត់នៅកម្ពុជាដែលមានតម្លៃប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម នគរូបនីយកម្ម និងបរិស្ថានផង។
ប្រភពដដែលឱ្យដឹងថា ស្ពាននេះត្រូវបានចាត់ទុកជាមរតកដ៏កម្រមួយដែលបានបន្សល់ទុក ហើយគួរតែថែរក្សាទុក និងធ្វើការជួសជុលឡើងវិញ និងប្រើប្រាស់ជាស្ពានថ្មើរជើង។
រដ្ឋបាលខេត្ដបាត់ដំបង កាលពីថ្ងៃទី ១៣ ខែធ្នូ បានសម្រេចផ្អាកការធ្វើចរាចរណ៍លើស្ពានចាស់ឆ្លងកាត់ស្ទឹងសង្កែ ដោយបញ្ជាក់ថាស្ពាននេះមានសភាពចាស់ទ្រុឌទ្រោម និងបែកប្រេះស្រាំមិនអាចប្រើប្រាស់បន្តទៀតបានឡើយ ហើយជាការចាំបាច់គឺត្រូវបញ្ឈប់ការធ្វើដំណើរឆ្លងកាត់ស្ពាននេះតែម្ដង។
ស្ពានថ្មចាស់នេះ ត្រូវបានកសាងឡើងនៅក្នុងសម័យអាណាព្យាបាលបារាំងក្នុងអំឡុងឆ្នាំ១៩១៦ ដើម្បីឆ្លងកាត់ស្ទឹងសង្កែ។ ស្ពាននេះ ត្រូវបានពលរដ្ឋមួយចំនួននៅទូទាំងប្រទេស បានស្គាល់ និងបានឮ ពិសេសតាមរយៈបទចម្រៀងជាច្រើនរបស់កវីមួយរូប ដែលគេប្រសិទ្ធិនាមថាកវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន។
សំណង់បុរាណឬ សំណង់ដែលមានអាយុកាលរាប់សិបឆ្នាំជាច្រើននៅកម្ពុជា ដូចជាប្រាង្គប្រាសាទ ព្រះវិហារ សាលាឆាន់ ស្ពាន និងផ្ទះខ្មែរក្នុងសម័យបុរាណជាច្រើន បានរងការបំផ្លិចបំផ្លាញជាបន្តបន្ទាប់។ ការបំផ្លិចបំផ្លាញទាំងនោះ ត្រូវបានអ្នកជំនាញយល់ថាបណ្តាលមកពីការយល់ដឹងរបស់ពលរដ្ឋ និងអាជ្ញាធរមួយចំនួននៅមានកម្រិត៕