មន្ត្រីសមត្ថកិច្ចចម្រុះ ខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ពាក់ព័ន្ធការផលិតប៊ីចេងក្លែងក្លាយសញ្ញារូបវែកជិត២០តោននៅខេត្តសៀមរាប។
សារព័ត៌មានភ្នំពេញប៉ុស្តិ៍បានដកស្រង់សម្តីរបស់មន្រ្តីជំនាញមួយរូបចុះផ្សាយនៅថ្ងៃនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកមេខ្លោងនៅពីក្រោយទីតាំងផលិតប៊ីចេងក្លែងក្លាយដ៏ធំនៅកណ្តាលក្រុងសៀមរាបនេះ។
ការអះអាងនេះ ក្រោយពេលមានការសង្ស័យថា សំណុំរឿងនេះអាចមានអ្នកជាប់ពាក់ព័ន្ធមនុស្សផ្សេងទៀត ហើយក៏អាចមានការជាប់ទាក់ទិនគ្នានឹងសំណុំរឿងប៊ីចេងក្លែងក្លាយដែលត្រូវបានបង្ក្រាបនៅភ្នំពេញ ដោយចាប់ឃាត់ខ្លួនមនុស្ស ៣ នាក់កាលពីថ្ងៃទី ១០ ខែធ្នូ។
កាលពីថ្ងៃ១៨ ធ្នូ កម្លាំងសមត្ថកិច្ចខេត្តសៀមរាបសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ រួមទាំងមន្ត្រីតុលាការខេត្តសៀមរាបផង បានចុះពិនិត្យទីតាំងចែកចាយប៊ីចេង «សញ្ញរូបវែក» ១ កន្លែងនៅភូមិខ្នារ សង្កាត់ជ្រាវក្រុងសៀមរាប ដោយរកឃើញប៊ីចេងក្លែងក្លាយចំនួន ១៨ តោន។
ប្រភពដដែលលើកឡើងថា ប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់អាជីវកម្ម មានឈ្មោះ ហ៊ិម មនោរី ភេទស្រី អាយុ ៣៧ ឆ្នាំ ដើម្បីយកមកសាកសួរបន្ថែមនៅស្នងការដ្ឋាននគរបាលខេត្ត។
ក្រុមសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត អះអាងថា ក្រោយពេលសាកសួររួច នឹងរៀបចំឯកសារបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធី។
កាលពីថ្ងៃ ១០ ខែធ្នូ កម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃក៏បានចុះប្រតិបត្ដិការបង្ក្រាបទីតាំងស្ដុកទុក និងចែកចាយប៊ីចេងក្លែងក្លាយនេះផងដែរ ដោយបានដកហូតផលិតផលប៊ីចេងក្លែងក្លាយជាង ៤ តោនហើយក្នុងនោះមនុស្សចំនួន ៣ នាក់ត្រូវបានឃាត់ខ្លួន។
កាលពីខែកញ្ញា ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ឬ ហៅថា MOU គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EUROCHAM) បានប្រកាសរួមគ្នាជាលើកដំបូងដោយប្តេជ្ញាប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលចរាចរណ៍នៅលើទីផ្សារកម្ពុជា។
របាយការណ៍របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បង្ហាញថា កាលពីឆ្នាំ២០១៨ អាជ្ញាធរ បង្ក្រាបផលិតផលក្លែងក្លាយចំនួនជាង ២០ករណី។
គណៈកម្មាធិការនេះ បញ្ជាក់ថា ផលិតផលក្លែងក្លាយនៅកម្ពុជាសព្វថ្ងៃ រួមមាន ឱសថក្លែងក្លាយ ឱសខូចគុណភាព។ បញ្ហាចំណីអាហារខូចគុណភាព គ្រឿងសម្អាងមានផ្ទុកសារធាតុគីមីពុល ផលិតផលលួចចម្លង ការរំលោភកម្មសិទ្ធិបញ្ញាជាដើម ដោយផលិតផលក្លែងក្លាយខ្លះ ត្រូវបានផលិតនៅកម្ពុជា និងផលិតផលខ្លះនាំចូលពីបរទេស៕