34 C
Phnom Penh

លោក ហ៊ុន សែន បញ្ជាឱ្យស៊ើបអង្កេតរកអ្នកនៅពីក្រោយខ្នងដែលចាក់ដីលុបឆ្នេរសមុទ្រនៅខេត្តកោះកុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់ ព្រមទាំងអភិបាលខេត្តកោះកុង ស៊ើបអង្កេតករណីចាក់ដីលុបសមុទ្រ ក្នុងភូមិសាស្ត្រខេត្តនេះ ដោយលោកអះអាងថាមានជាប់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់យោធា។

ការបញ្ជានេះ ធ្វើឡើងនៅក្នុងឱកាសបើកពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទីពីរ ដែលប្រារព្ធធ្វើឡើងនៅក្នុងខេត្តកំពតនៅយប់ថ្ងៃទី២៣ ខែធ្នូនេះ។

លោកហ៊ុន សែន បញ្ជាក់ថា លោកហាក់ដូចជាមានព័ត៌មានថា នៅខេត្តកោះកុង ក៏នៅបន្តមានការចាក់ដីចូលទៅក្នុងសមុទ្រ ដោយគ្មានការអនុញ្ញាត។ ជាងនេះទៅទៀតលោកបានជំរុញឲ្យ លោក ជា សុផារ៉ា និងអភិបាលខេត្តកោះកុង អ្នកស្រី ភូថង មិថុនា ពិនិត្យជាបន្ទាន់លើបញ្ហានេះ ព្រមទាំងរកអ្នកនៅពីក្រោយខ្នងទៀតផង។

លោកគំរាមថាប្រសិនបើអ្នកជាប់ព័ន្ធជានាយទាហានរូបណាក៏ដោយ គឺលោកត្រូវតែដកមន្ត្រីយោធារូបនោះចោលតែម្តង ដោយមិនអនុញ្ញាតឱ្យពួកគេធ្វើរឿងបែបនេះទេ ព្រោះលោកថាវាជាការកសាងរដ្ឋ នៅក្នុងរដ្ឋឬ ជាតំបន់អបគមន៍។

ការលើកឡើងនេះ ក្រោយពេល សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មួយរូប គឺលោក ពេជ្រ ស្រស់ ដែលបានអះអាងថាខ្លួននឹងរៀបចំរបាយការណ៍ចំនួន ២ច្បាប់ ដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិឲ្យចាត់វិធានការលើលោក ទុន ដៀត ជាមន្ត្រីយោធាផ្កាយ ២ ក្រោយពេលលោករកឃើញថា មន្ត្រីយោធាផ្តាយពីររូបនេះ បានលួចបោះបង្គោល និងចាក់ដីលុបសមុទ្រដើម្បីវាតទីយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនមានទំហំជិត២ហិកតា ក្នុងភូមិសាស្ត្រ ភូមិស្មាច់ងាម សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

លោក ពេជ្រ ស្រស់ ថា អំពើរបស់លោក ទុន ដៀត នេះគឺជាអំពើខុសច្បាប់ និងទោសក្បត់ជាតិដោយបានលួចដីរដ្ឋ និងកេងប្រវញ្ច័ទ្រព្យសម្បត្តិរដ្ឋ ។ ដូច្នេះរដ្ឋាភិបាលគឺត្រូវបើកការស៊ើបអង្កេតលើបុគ្គលរូបនេះ ដើម្បីដាក់ទោសលើបុគ្គលណាដែលរំលោភយកដីរដ្ឋក្នុងគោលបំណងគោរពនីតិរដ្ឋនៃប្រទេសកម្ពុជាយើង និង ការពារទ្រព្យសម្បត្តិជាតិយើងផងដែរ។

ករណីចាក់ដីលុបសមុទ្រនេះ មិនមែនកើតឡើងតែនៅខេត្តកោះកុងនោះទេ ពោល  បញ្ហានេះបានកើតឡើងនៅខេត្តផ្សេងទៀតដូចជាខេត្តកែប កំពត ពិសេសគឺ ខេត្តព្រះសីហនុតែម្តង។

ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាបន្ទាន់មួយ ឲ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ចាត់វិធានការកាយដីចេញពីឆ្នេរព្រែកត្រែងស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុចេញវិញ។

បញ្ជាបន្ទាន់នេះធ្វើឡើង ក្រោយពេលរដ្ឋាភិបាលរកឃើញថា ឆ្នេរ សមុទ្រមួយនេះ ត្រូវបានចាក់ដីលុបពីសំណាក់ក្រុមហ៊ុនរបស់អ្នកស្រី ជឹង សុភាព ហៅយាយភូ ភរិយារបស់សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា លោក ឡៅ ម៉េងឃីន និងជាមនុស្សស្និតនឹងភរិយារបស់លោកហ៊ុន សែន អ្នកស្រី ប៊ុនរ៉ានី ហ៊ុន សែន ផងដែរ។

ប៉ុន្តែបញ្ជារបស់លោក ហ៊ុន សែន ពេលនោះ រហូតមកទល់សព្វថ្ងៃ គឺ គ្មានប្រសិទ្ធភាពឡើយ ត្បិតដីដែលចាក់លុបដោយក្រុមហ៊ុនរបស់ យាយភូ នោះ មិនទាន់ត្រូវបានកាយចេញពីតំបន់ឆ្នេរព្រែកត្រែងវិញនៅឡើយ។ រីអ្នកម្ចាស់ក្រុមហ៊ុន និងអ្នកពាក់ព័ន្ធ ក្នុងការរំលោភសម្បត្តិជាតិមួយនេះ ក៏មិនត្រូវបានចាប់ខ្លួនមកយកផ្តន្ទាទោសតាមច្បាប់នោះដែរ៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស