សមាជិកសភានៃប្រទេសវេណេហ្សូអេឡានឹងបោះឆ្នោតជ្រើសរើសប្រធានរដ្ឋសភារបស់ខ្លួននៅថ្ងៃទី៥ ខែមករាឆ្នាំ២០២០ ខាងមុខដែលគេហៅថាប្រធានរដ្ឋសភាប្រចាំឆ្នាំ ខណៈមានការសង្ស័យថា លោកប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូ ដែលប្រឈមនឹងការបណ្ដេញពីអំណាច កំពុងសូកប៉ាន់សមាជិកសភា បក្សប្រឆាំងក្នុងម្នាក់ៗ៥០ម៉ឺនដុល្លារ កុំអោយបោះឆ្នោតគាំទ្រ លោក វ័ន្តកៃដូ ម្ដងទៀត ហើយការបោះឆ្នោតនេះ ស្ថិតក្រោមការគំរាមកំហែងជាខ្លាំងទៅលើបក្សប្រឆាំង។
ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក Elliot Abram បាននិយាយថាបុរសខ្លាំងវេណេហ្សូអេឡានីកូឡាសម៉ាឌូរ៉ូបានកំពុង ចំណាយលុយរាប់លានដុល្លារដើម្បីទិញអ្នកតំណាងរាស្ត្រកុំបោះឆ្នោតឲ្យក្រុមបក្សប្រឆាំងនឹងបេក្ខជន វ័នកៃដូ។ នេះបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានអាមេរិក Washington Examiner ដែលបានចុះផ្សាយកាលពីថ្ងៃអាទិត្យទី២២ធ្នូ ។
ប្រេសិតអាមេរិកាំងរូបនេះបានអោយដឹងទៀតថារបបលោកម៉ាឌូរ៉ូក៏បានបន្ដចាប់ខ្លួនអ្នកតំណាងរាស្រ្ដក្រុមប្រឆាំងម្នាក់ទៀតកាលពីថ្ងៃសៅរ៍ទី២១ធ្នូ ដែលនាំឱ្យសមាជិកសភាបក្សប្រឆាំងកើនឡើងដល់ទៅ៨នាក់ហើយ ត្រូវបានចាប់ខ្លួនពីបទបង្កអសន្ដិសុខនិងក្បត់ជាតិ។
ប្រេសិតរូបនេះបានបញ្ជាក់ទៀតថាលោកម៉ាឌូរ៉ូព្យាយាមកាន់កាប់សភាឱ្យបាននៅក្នុងឆ្នាំ២០២០នេះគឺដើម្បីធ្វើឱ្យក្រុមបក្សប្រឆាំងចុះខ្សោយ។
លោកវ័ន្តកៃដូ គឺជាប្រធានរដ្ឋសភាប្រចាំឆ្នាំ២០១៩ ហើយជាប្រមុខរដ្ឋស្ដីទីនៃប្រទេសវេណេហ្សូអេឡាតំណាងឱ្យបក្សប្រឆាំង។
គណបក្ស ឆន្ទៈ ប្រជាជន បានដាក់បេក្ខភាព របស់លោកវ័នកៃដូ ជាថ្មីម្ដងទៀតជាបេក្ខជនប្រធានរដ្ឋសភាសម្រាប់ឆ្នាំ២០២០។
លោកម៉ាឌូរ៉ូបានព្យាយាមការពារអំណាចរបស់លោកយ៉ាងខ្លាំងក្នុងរយៈពេលមួយឆ្នាំមកនេះដែលពេលខ្លះលោកសឹងតែរបូតពីអំណាចនៅក្រោមសម្ពាធរបស់ក្រុមគណបក្សប្រឆាំងដែលបាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងរូបលោក។
លោកម៉ាឌូរ៉ូដែលត្រូវបានអ្នកសង្កេតការណ៍ហៅថាជាមេដឹកនាំអស់ប្រជាប្រិយភាពបានជាប់ឆ្នោតនៅក្នុងការបោះឆ្នោតកាលពីខែឧសភាឆ្នាំ២០១៨ដោយកម្ចាត់បេក្ខជនបក្សប្រឆាំងមិនឱ្យចូលរួមការបោះឆ្នោត។
សហរដ្ឋអាមេរិកដឹកមុខគេក្នុងចំណោមសហគមន៍អន្ដរជាតិប្រឆាំងនឹងជ័យជម្នះរបស់លោកម៉ាឌូរ៉ូដោយចាត់ទុកថាជាជ័យជម្នះក្លែងក្លាយមិនឆ្លើយតបនឹងឆន្ទៈរបស់ប្រជាជន។
យ៉ាងណាក៏ដោយរដ្ឋសភានៃប្រទេសវេណេហ្សូអេឡាបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមគណបក្សប្រឆាំងដឹកនាំដោយលោកវ័ន្តកៃដូ មានសមាជិកសភាសរុប១៦៧នាក់។ នៅក្នុងការបោះឆ្នោតសភា ឆ្នាំ២០១៥ បក្សប្រឆាំងដឹកនាំដោយ លោក Leopoldo López អ្នកទោស នយោបាយ ដ៏មានប្រជាប្រិយភាព បានឈ្នះនៅក្នុងការបោះឆ្នោតនេះ ដោយដណ្ដើមបាន ១០៩អាសនៈ។
ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិកElliot Abram និយាយថាស្ថានភាពក្នុងរដ្ឋសភាវេណហ្សូអេឡានៅពេលនេះ សម្រាប់គណបក្សប្រឆាំងមានភាពមិនរឹងមាំដូចមុនទៀតទេ ដោយសារតែសមាជិកសភាភាគច្រើនបាននិរទេសខ្លួន និងជិត១០នាក់ត្រូវបានចាប់ខ្លួន។
តែលោកថាប្រសិនបើក្រុមប្រឆាំងឈ្នះនៅក្នុងការបោះឆ្នោតផ្ទៃក្នុងរដ្ឋសភា គឺលោកវ័នកៃដូនឹងបន្ដកាន់តំណែងប្រធានរដ្ឋសភាមួយឆ្នាំទៀត។
លោកElliot Abramបន្តថា សហរដ្ឋអាមេរិក នៅតែរក្សាជំហររបស់ខ្លួនគឺថាលោកម៉ាឌូរ៉ូនឹងត្រូវចាកចេញពីតំណែងនៅពេលណាមួយ។ជាពិសេសលោកថាលោកម៉ាឌូរ៉ូនឹងមិនអាចក្រាញអំណាចបានទៀតទេនៅពេលដែលប្រទេសនេះមានការបោះឆ្នោតប្រធានាធិបតីឡើងវិញដែលលោកជឿជាក់ថាការបោះឆ្នោតលើកនេះ ត្រូវតែមានភាពសេរីត្រឹមត្រូវ នឹងយុត្តិធម៌។
ប្រធានគណបក្សឆន្ទៈប្រជាជនដែលកំពុងស្ថិតក្នុងនៅក្នុងស្ថានទូតអេស្ប៉ាញ នៃរដ្ឋធានីការ៉ាហ្គាសគឺលោក López បាននិយាយថាការបោះឆ្នោតជ្រើសរើសប្រធានរដ្ឋសភាដែលស្ថិតនៅក្រោមការគម្រាមកំហែង និងទិញទឹកចិត្តដ៏សម្បើមពីសំណាក់លោកម៉ាឌូរ៉ូជាអំពើខុសឆ្គងដ៏ធ្ងន់ធ្ងរម្ដងទៀតរបស់លោកម៉ាឌូរ៉ូ ហើយថា លទ្ធផលពីការបោះឆ្នោតនេះ នឹងមិនអាចទទួលយកបានឡើយ។
សហរដ្ឋអាមេរិកកំពុងសម្លឹងមើលលយ៉ាងយកចិត្តទុកដាក់ចំពោះការបោះឆ្នោតជ្រើសរើសប្រធានរដ្ឋសភានៃប្រទេសវេណេហ្សូអេឡាព្រោះធ្វើឡើងក្នុងបរិយាកាសគំរាមកំហែងយ៉ាងខ្លាំងទៅលើក្រុមប្រឆាំង។ សហរដ្ឋអាមេរិកបានប្រកាសថាខ្លួននឹងនៅតែបន្ដដាក់ទណ្ឌកម្មលើរបបលោកម៉ាឌូរ៉ូលុះត្រាតែបុរសខ្លាំងរូបនេះចាកចេញពីអំណាច។
លោក Elliot Abram អះអាងថា ឆ្នាំ ២០២០ ខាងមុខនេះ សហរដ្ឋអាមេរិក នឹងបន្ថែមទណ្ឌកម្មមួយកម្រិតទៀត ដែល ជាការហុំព័ន្ធទាំងស្រុងការបញ្ចេញប្រេងរបស់ប្រទេសវេណេហ្សូអេឡា ទៅក្រៅប្រទេស។
ចំណែក ប្រទេស រុស្ស៊ី និងចិនដែល ជាម្ចាស់បំណុលពាន់លានដុល្លារនិងជាខ្នងបង្អែក នៃរបបលោកម៉ាឌូរ៉ូ យ៉ាងសំខាន់ហាក់នៅស្ងប់ស្ងាត់នៅឡើយ ។ ប្រទេសទាំងពីរត្រូវបានរាយការណ៍មកថា កំពុងតែខាតបង់ប្រាក់រាប់រយលានដុល្លារដោយសារទណ្ឌរបស់អាមេរិក។
ប្រទេសចិន ត្រូវការប្រេងឆៅពីប្រទេសវេណេហ្សូអេឡា ក្នុងមួយថ្ងៃ ជាងបីសែន ធុង ។ តែការផ្ទត់ផ្គង់មានការធ្លាក់ចុះជាខ្លាំងចាប់តាំងពីអាមេរិកដាក់ទណ្ឌកម្មនៅចុងខែមេសាឆ្នាំ២០១៩។
ប្រទេសចិន ត្រូវបានរាយការណ៍មកថា ក៏ធ្លាប់ បញ្ចូនប្រេសិតរបស់ខ្លួនទៅចរចាជាមួយ តំណាងរបស់លោកវ័នកៃដូនៅ ក្រុងវ៉ាស៊ីនតុន កាលពីខែកញ្ញា ដើម្បី ទប់ស្កាត់ការបាត់បង់បំណុលរបស់ខ្លួន ប្រសិនបើលោកម៉ាឌូរ៉ូ ត្រូវបានទម្លាក់ពីអំណាច៕