28.4 C
Phnom Penh

អង្គការ Human Right Watch ទាមទារឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើអតីតអ្នកកាសែត The Cambodia Daily ពីររូប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិ Human Right Watch បានទាមទារឱ្យតុលាការ និងអាជ្ញាធរកម្ពុជា ទម្លាក់ចោលការចោទប្រកាន់ទាំងស្រុងទៅលើអតីតអ្នកកាសែត The Cambodia Daily ពីររូបជាបន្ទាន់។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃម្សិលមិញ Human Right Watch អះអាងថា ការបន្តនីតិវិធីជំនុំជម្រះក្តីអតីតអ្នកកាសែតទាំងពីររូបនោះ ថាជារូបភាពនៃការបំភិតបំភ័យ លើអ្នកសារព័ត៌មាននៅកម្ពុជា ហើយតុលាការគប្បីទម្លាក់ចោលសំណុំរឿងនេះ ដែលខ្លួនហៅថាជាការសំណុំរឿងក្លែងបន្លំ។

កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំនេះ សាលាដំបូងខេត្តរតនៈគិរីបានកំណត់យកថ្ងៃទី២៥ ខែធ្នូ ជាថ្ងៃជំនុំជម្រះសំណុំរឿងអតីតអ្នកកាសែត The Cambodia Daily ពីររូបគឺលោក អូន ភាព អាយុ ៥៥ ឆ្នាំ និងលោក Zsombor Peter មានវ័យ ៤១ ឆ្នាំ ដោយបច្ចុប្បន្នពួកគេទាំងពីររូបមិនមានវត្តមាននៅក្នុងប្រទេសកម្ពុជាទេ ក្រោយពេលពួកគេរត់គេចពីការតាមចាប់របស់រដ្ឋាភិបាលក្រុងភ្នំពេញ។

កាលពីខែសីហា ឆ្នាំ២០១៧ អ្នកកាសែត The Cambodia Daily ពីររូប គឺលោក អូន ភាព និងលោក Peter Zsombor ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើស តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា ដែលពួកគេអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ។ ការចោទប្រកាន់នេះ ក្រោយពេលអ្នកទាំងពីរបានធ្វើសេចក្ដីរាយការណ៍ព័ត៌មានជុំវិញការបោះឆ្នោត  ឃុំ-សង្កាត់ ឆ្នាំ២០១៧ នៅក្នុងខេត្តរតនគិរី ដោយអាជ្ញាធរមូលដ្ឋានចោទពួកគេថាបានសាកសួរពលរដ្ឋដោយមានបំណងឱ្យបោះឆ្នោតគាំទ្រគណបក្សសង្រ្គោះជាតិពេលនោះ។ 

នាយករងអង្គការឃ្លាំមើលសិទិ្ធមនុស្ស Human Right Watch ប្រចាំតំបន់អាស៊ីលោក Phil Robertson មានប្រសាសន៍ថា“ ការសម្រេចចិត្តបន្តនីតិវិធីលើសំណុំរឿងអតីតកាសែតទាំងពីររូបមកជំនុំជម្រះនេះ ហាក់មានចេតនាបំភិតបំភ័យអ្នកសារព័ត៌មានកម្ពុជាទាំងអស់។

លោកបន្តថា តុលាការ គួរទម្លាក់ការចោទប្រកាន់ក្លែងបន្លំទាំងនេះ ហើយរដ្ឋាភិបាល លោក ហ៊ុន សែន គួរតែបញ្ឈប់ការរឹតត្បិតសេរីភាពសារព័ត៌មាន ដែលហ៊ានរាយការណ៍ព័ត៌មានដោយឯករាជ្យបន្តទៀត។

ប្រភពដដែល បន្តថាកាលពីខែមិថុនាឆ្នាំ ២០១៧ លោកអូនភាព និងលោក Peter បានឈ្នះពានរង្វាន់របាយការណ៍ឆ្នើមស៊ើបអង្កេតពីសមាគមអ្នកបោះពុម្ពផ្សាយនៅអាស៊ីសម្រាប់ការរាយការណ៍អំពីការចូលរួមរបស់យោធាក្នុងការធ្វើពាណិជ្ជកម្មឈើខុសច្បាប់នៅកម្ពុជា។ ពួកគេទាំងពីរនាក់បានសរសេរជាញឹកញាប់អំពីការកាប់ឈើខុសច្បាប់និងអំពើពុករលួយរបស់រដ្ឋាភិបាលនៅក្នុងខេត្តរតនគិរីនិងខេត្តដទៃទៀតនៅក្នុងប្រទេសមួយនេះ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សនិយាយថាការយាយី ទៅលើអ្នកកាសែតឯករាជ្យពីសំណាក់រដ្ឋាភិបាលបានកើនឡើងក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ពោលគឺចាប់តាំងពីឆ្នាំ២០១៧មក ។

ជាក់ស្តែង រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានបង្ក្រាប និងបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឥតស្រាកស្រាន្ត ។ កាលពីកញ្ញាឆ្នាំ ២០១៧ កាសែតឌឹខេមបូឌាដេលី ដែលជាកាសែតក្នុងស្រុកឯករាជ្យដ៏យូរអង្វែងមួយក្នុងប្រទេសកម្ពុជា ត្រូវបង្ខំចិត្តបិទទ្វារការិយាល័យរបស់ខ្លួន ដោយរដ្ឋាភិបាលលោក ហ៊ុន សែន បង្ខំឱ្យបង់ពន្ធនូវទឹកប្រាក់ជាង ៦ លានដុល្លារអាមេរិក។

ប៉ុន្មានថ្ងៃក្រោយមក វិទ្យុអាស៊ីសេរី បានបង្ខំចិត្តបិទការិយាល័យរបស់ខ្លួននៅទីក្រុងភ្នំពេញកាលពីថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ២០១៧ បន្ទាប់ពីប្រតិបត្តិការអស់រយៈពេល ២០ ឆ្នាំនៅកម្ពុជា ក្រោយរងការគំរាមកំហែងពន្ធពន្ធដារ និងរដ្ឋបាល។ ពីរបីថ្ងៃបន្ទាប់ពីការបិទការិយាល័យវិទ្យុអាស៊ីសេរី ក្រសួងមហាផ្ទៃបានគំរាមអ្នកកាសែតដែលបានធ្វើការឱ្យវិទ្យុមួយនេះ ដោយមានវិធានការផ្លូវច្បាប់ ប្រសិនបើពួកគេបន្តរាយការណ៍ព័ត៌មានឱ្យវិទ្យុអាស៊ីសេរីបន្តទៀត។

ប្រមាណ២ខែក្រោយមកពីវិទ្យុនេះបិទការិយាល័យរួចមក អាជ្ញាធរបានចាប់ខ្លួនអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីពីររូប គឺ លោក អួន ឈិន និង លោក យាង សុជាមេត្តា ហើយតុលាការបានចោទប្រកាន់ពួកគេពីបទចារកម្ម។ Human Rights Watch  ចាត់ទុកថាជាការចោទប្រកាន់នេះ ធ្វើឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវ និងជាការឃុំខ្លួនតាមអំពើចិត្ត។

 អង្គការអន្តរជាតិដដែលនេះ លើកឡើងទៀតថា កាសែតក្នុងស្រុកឯករាជ្យចុងក្រោយបង្អស់គឺកាសែតភ្នំពេញប៉ុស្តិ៍ ត្រូវបានរដ្ឋាភិបាលបង្ខំឲ្យប្តូរម្ចាស់ គឺត្រូវបង្ខំចិត្តលក់ ទៅឱ្យពាណិជ្ជករជនជាតិម៉ាឡេស៊ីម្នាក់ ដែលមានទំនាក់ទំនងជិតស្និតជាមួយមន្ត្រីរដ្ឋាភិបាល និងសមាជិកគណបក្សប្រជាជនកម្ពុជាកាលពីខែឧសភាឆ្នាំ ២០១៨ ក្រោមហេតុផលពន្ធដារ នូវទឹកប្រាក់ជិត ៤លានដុល្លារសហរដ្ឋអាមេរិក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស