32 C
Phnom Penh

យោធាផ្កាយពីរមួយរូប អាចប្រឈមនឹងផ្លូវច្បាប់ ក្រោយរកឃើញថាជាប់ពាក់ព័ន្ធការព័ទ្ធនិងលុបដីចូលឆ្នេរសមុទ្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីយោធាផ្កាយពីរមួយរូប អាចនឹងប្រឈមការដាក់ទោសទណ្ឌតាមច្បាប់ ក្រោយរកឃើញថាមន្ត្រីរូបនេះ មានការជាប់ពាក់ព័ន្ធការព័ទ្ធ និងចាក់ដីលុបឆ្នេរសមុទ្រ នៅក្នុងភូមិសាស្ត្រក្រុងកោះកុង។

សារព័ត៌មានអនឡាញក្នុងស្រុកបានលើកឡើងដោយដកស្រង់ប្រសាសន៍របស់អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី នៅថ្ងៃនេះ ថា ទីតាំងឆ្នេរសមុទ្រ ដែលលោក ទុន ដៀត បានចាក់ដីលុបចូលឆ្នេរសមុទ្រនោះ  ក្រៅពីកាយដីចេញពីឆ្នេរសមុទ្រវិញ អាជ្ញារធរខេត្តបានហាមឃាត់ទីតាំងនោះ មិនឱ្យមានសកម្មភាពអ្វីឡើយ ព្រមទាំងរឹបអូសយកគ្រឿងចក្រមួយចំនួន និងបញ្ជាឱ្យដកបង្គោលដែលបោះនៅក្នុងសមុទ្រនោះថែមទៀតផង។

បន្ថែមពីនេះ មន្ត្រីតុលាការខេត្តនេះ កំពុងស្រាវជ្រាវករណីនិងអនុវត្តតាមផ្លូវច្បាប់ ចំពោះអ្នកប្រព្រឹត្តសកម្មភាពចាក់ដីលុបចូលឆ្នេរសមុទ្រនោះផងដែរ។

ក្នុងឱកាសបុណ្យសមុទ្រនៅខេត្តកំពត កាលពីថ្ងៃទី២១ធ្នូ ឆ្នាំ២០១៩ លោក ហ៊ុន សែន បានបញ្ជាឱ្យលោក ជា សុផារ៉ា និង អភិបាលខេត្តកោះកុង អ្នកស្រី ភូថង មិថុនា ចុះស្រាវជ្រាវជាបន្ទាន់ចំពោះករណីចាក់ដីលុបឆ្នេរសមុទ្រនៅខេត្តនេះ ដោយលោកថាអាចមានជាប់ពាក់ព័ន្ធនាយទាហានទៀតផង។ លោកបញ្ជាក់ថា ប្រសិនបើជារកឃើញ មាននាយទាហានរូបណាពាក់ព័ន្ធនឹងការចាក់ដីចូលសមុទ្រមែននោះ នឹងដកតំណែងចោល ដោយថាករណីនេះជាការបង្កើតរដ្ឋក្នុងរដ្ឋឬ តំបន់អបគមន៍ទៀតផង។

កាលពីថ្ងៃទីម្សិលមិញ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មួយរូប  លោក ពេជ្រ ស្រស់ បានអះអាងលើទំព័រហ្វេសប៊ុករបស់ខ្លួនថា លោកបានដាក់របាយការណ៍ ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួចហើយ ជុំវិញករណីលោក ទុន ដៀត ជាមន្ត្រីយោធាផ្កាយ ២ លួចបោះបង្គោល និងចាក់ដីលុបសមុទ្រដើម្បីវាតទីយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនមានទំហំជិត២ហិកតា ក្នុងភូមិសាស្ត្រ ភូមិស្មាច់ងាម សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

លោក ពេជ្រ ស្រស់ លើកឡើងនៅថ្ងៃនេះទៀតថា សាខារដ្ឋ រួមមានខេត្ត ស្រុកឬខណ្ឌ ឃុំ ឬ សង្កាត់ និង ភូមិផង គឺមានភារកិច្ចថែរក្សាទ្រព្យសម្បត្តិរដ្ឋដោយស្វ័យប្រវត្តិ មិនចាំបាច់មានបទបញ្ជាពីប្រមុខរដ្ឋនោះឡើយ។

ប៉ុន្តែលោកងឿងឆ្ងល់ថា ចុះហេតុអ្វីបានជាសាខារដ្ឋមួយចំនួនទាល់តែមាននូវបទបញ្ជា ពីប្រមុខរដ្ឋទើបទៅការពារទ្រព្យសម្បត្តិរដ្ឋយ៉ាងដូច្នេះទៅវិញ? ឬមួយក៏ក្រុមសាខារដ្ឋទាំងនោះ ក៏ជាអ្នកចូលរួមជាមួយអ្នកលួចទ្រព្យសម្បត្តិរដ្ឋដែរ បានជាមើលមិនឃើញចោរលួចទ្រព្យរដ្ឋយ៉ាងដូច្នេះ? ឬក៏មើលឃើញហើយ មិនហ៊ានបង្ក្រាបដោយសារខ្លួនមានចំណែកក្នុងផលទ្រព្យសម្បត្តិនោះដែរឬយ៉ាងណា? ករណីចាក់ដីលុបសមុទ្រនេះ មិនមែនកើតឡើងតែនៅខេត្តកោះកុងនោះទេ ពោល  បញ្ហានេះបានកើតឡើងនៅខេត្តផ្សេងទៀតដូចជាខេត្តកែប កំពត ពិសេសគឺ ខេត្តព្រះសីហនុតែម្តង។

ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាបន្ទាន់មួយ ឲ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ចាត់វិធានការកាយដីចេញពីឆ្នេរព្រែកត្រែងស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុចេញវិញ។

បញ្ជាបន្ទាន់នេះធ្វើឡើង ក្រោយពេលរដ្ឋាភិបាលរកឃើញថា ឆ្នេរសមុទ្រមួយនេះ ត្រូវបានចាក់ដីលុបពីសំណាក់ក្រុមហ៊ុនរបស់អ្នកស្រី ជឹង សុភាព ហៅយាយភូ ភរិយារបស់សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា លោក ឡៅ ម៉េងឃីន និងជាមនុស្សស្និតនឹងភរិយារបស់លោកហ៊ុន សែន អ្នកស្រី ប៊ុនរ៉ានី ហ៊ុន សែន ផងដែរ។

ប៉ុន្តែបញ្ជារបស់លោក ហ៊ុន សែន ពេលនោះ រហូតមកទល់សព្វថ្ងៃ គឺ គ្មានប្រសិទ្ធភាពឡើយ ត្បិតដីដែលចាក់លុបដោយក្រុមហ៊ុនរបស់ យាយភូ នោះ មិនទាន់ត្រូវបានកាយចេញពីតំបន់ឆ្នេរព្រែកត្រែងវិញឡើយរហូតមកទល់ពេលបច្ចុប្បន្ន។ រីអ្នកម្ចាស់ក្រុមហ៊ុន និងអ្នកពាក់ព័ន្ធ ក្នុងការរំលោភសម្បត្តិជាតិមួយនេះ ក៏មិនត្រូវបានចាប់ខ្លួនមកយកផ្តន្ទាទោសតាមច្បាប់នោះដែរ។

សាធារណជនក៏ កំពុងរង់ចាំចំណាត់ការកណ្តាប់ដៃដែករបស់លោក ហ៊ុន សែន   ចំពោះការចាក់ដីលុបឆ្នេរសមុទ្រពីសំណាក់ក្រុមហ៊ុន របស់យាយភូ និងអ្នកមានអំណាចផ្សេងទៀតនៅខេត្តព្រះសីហនុ ដើម្បីជាគម្រូដល់អ្នកដទៃទៀត៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស