27 C
Phnom Penh

លោក កឹម សុខា នឹងមានវត្តមានក្នុងសវនានៅថ្ងៃទី ១៥ មករា ឆ្នាំ ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហមេធាវីរបស់ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា ឱ្យដឹងថា មេបក្សប្រឆាំងរូបនេះ នឹងមានវត្តមានក្នុងសវនាជំនុំជម្រះរឿងក្តីរបស់ខ្លួន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាងមុខ។

សហមេធាវីរបស់ លោក កឹម សុខា មួយរូប គឺ លោក ចាន់ ចេន បានប្រាប់ក្រុមអ្នកសាព័ត៌មានថាកូនក្តីរបស់លោកគឺ លោក កឹម សុខា ជាអ្នកគោរពច្បាប់ គោរពទៅតាមនីតិវិធីតុលាការ ហើយតុលាការកោះហៅគាត់ឱ្យចូលសវនាការ ដូច្នេះគាត់មិនមានជម្រើសអ្វីក្រៅពីគោរពតាមដីកា ហើយគាត់នឹងអញ្ជើញចូលរួមក្នុងសវនាការនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាងមុខ។

ការអះអាងរបស់សហមេធាវីរបស់ លោក កឹម សុខា រូបនេះ ធ្វើឡើងក្រោយពេលសាលាដំបូងរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ បានប្រកាសបើកសវនាការជំនុំជម្រះលើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា នៅថ្ងៃទី១៥ ខែមករា។

ការសម្រេចសវនាការនេះ ក្រោយពេលមានការបង្ហើបពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយមានការសន្មត់ជាមុនថា មេបក្សប្រឆាំងរូបនេះ នឹងត្រូវយកទៅជំនុំជម្រះ ត្បិតមិនអាចលើកឡើងទោសបានឡើយ បើគ្មានការកាត់ទោសជាមុននោះ។

ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា ត្រូវបានអាជ្ញាធរលោកហ៊ុន សែន ចាប់ខ្លួនកាលពីយប់ឈានចូលថ្ងៃទី៣ កញ្ញា ឆ្នាំ២០១៧ ហើយលោកត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម។ មួយឆ្នាំក្រោយមកលោកត្រូវបានអាជ្ញាធរលោកហ៊ុន សែន ដដែលបង្គាប់ឱ្យនាំខ្លួនមកឃុំក្នុងផ្ទះរបស់លោក កឹម សុខា វិញ ក្រោមហេតុផលនៃសុខភាពរបស់មេបក្សប្រឆាំងរូបនេះ។ 

បន្ទាប់ពីគ្មានសេរីភាពអស់រយៈពេលប្រមាណ២ឆ្នាំ ទើបតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្រេចកែសម្រួលលក្ខខណ្ឌឃុំខ្លួនលោក កឹម សុខា ដោយតុលាការបានផ្តល់សេរីភាពឱ្យលោកកឹម សុខា ដើរបានឆ្ងាយជាងពីរឆ្នាំមុន ដោយលោកអាចជួបជាមួយបរទេសបាន ប៉ុន្តែតុលាការនៅតែដាក់កំហិតលោកមិនឱ្យចេញទៅក្រៅប្រទេសនិង មិនអាចធ្វើនយោបាយបានដដែល។

អង្គការជាតិ និងអន្តរជាតិ ពិសេសអង្គការសហប្រជាជាតិ អង្គការHuman Right Watch សហភាពអឺរ៉ុប និង សហរដ្ឋអាមេរិកជាដើមផង បានទាមទារឱ្យតុលាការ និងរដ្ឋាភិបាលលោកហ៊ុន សែន ផ្តល់សិទ្ធិសេរីភាពដល់លោក កឹម សុខា ឱ្យបានពេញលេញ ពិសេសសិទ្ធិជាពលរដ្ឋ សិទ្ធិនយោបាយ ដោយទាមទារឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ទាំងស្រុងមកលើមេបក្សប្រឆាំងរូបនេះ ព្រមទាំងអ្នកជាប់ឃុំនយោបាយផ្សេងទៀត ដែលត្រូវបានអាជ្ញាធរលោកហ៊ុន សែន ចាប់ឃុំខ្លួនតាមទំនើងចិត្ត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស