37 C
Phnom Penh

រដ្ឋាភិបាលជប៉ុនផ្តល់ប្រាក់ជិត២លានដុល្លារសហរដ្ឋអាមេរិកសម្រាប់សកម្មភាពដោះមីនដល់កម្ពុជារយៈពេល៤ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ឬហៅកាត់ថា JICA បានសម្រេចផ្តល់ប្រាក់ចំនួនជិត ២លានដុល្លាសហរដ្ឋអាមេរិកដល់រដ្ឋាភិបាលកម្ពុជាសម្រាប់សកម្មភាពកំចាត់មីនរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំក្រោយទៅ។

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាហៅកាត់ថាស៊ីម៉ាក់ (CMAC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៃរដ្ឋាភិបាលជប៉ុនកាលពីម្សិលមិញបានចុះហត្ថលេខារួមគ្នាស្តីពី កិច្ចសហប្រតិបត្តិការបច្ចេកទេសនៃគម្រោងពង្រឹងតួនាទីអង្គភាពស៊ីម៉ាក់ដោយផ្ដល់ជំនួយចំនួនជិត២លានដុល្លារសហរដ្ឋអាមេរិកសម្រាប់សកម្មភាពដោះមីននៅកម្ពុជាក្នុងរយៈពេល ៤ ឆ្នាំ ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៤។

មន្ត្រីរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិជប៉ុនអះអាងថា គម្រោងនេះនឹងពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសជួយកសាងសមត្ថភាពបច្ចេកទេសរបស់អង្គភាពស៊ីម៉ាក់ឲ្យកាន់តែល្អប្រសើរថែមទៀត។

សេចក្តីប្រកាសព័ត៌មានពីលទ្ធផលនៃការចូលរួមសន្និសីទពិនិត្យឡើងវិញលើកទី ៤ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ារបស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីនហៅកាត់ថា អាជ្ញាធរមីនចុះថ្ងៃទី៣០ ខែវិច្ឆិកាឲ្យដឹងថា កម្ពុជានៅសល់ផ្ទៃដីចំនួន ៨៩០ គីឡូម៉ែត្រក្រឡា ដែលមានការគំរាមដោយសារមីន និងត្រូវបោសសម្អាតឲ្យអស់នៅត្រឹមឆ្នាំ ២០២៥នេះ។

អាជ្ញាធរមីនបានដាក់ផែនការចាប់ពីឆ្នាំ ២០២០ រហូតដល់ឆ្នាំ ២០២៥ ក្នុង ១ ឆ្នាំកម្ពុជាត្រូវបោសសម្អាតតំបន់ដែលមានគ្រាប់មីន ១១០ គីឡូម៉ែត្រក្រឡា ហើយសំរាប់តំបន់ដែលមានគ្រាប់បែកចង្កោមត្រូវបោសសំអាតឲ្យបាន ៦២ គីឡូម៉ែត្រក្រឡា និងតំបន់ដែលមានយុទ្ធភណ្ឌមិនទាន់ផ្ទុះមាន ៤២ គីឡូម៉ែត្រក្រឡាដែលនឹងត្រូវការថវិកាសម្រាប់បោសសម្អាតចំនួន ៣៧៧ លានដុល្លារថែមទៀត។

របាយការណ៍របស់ CMAC បានឲ្យដឹងថាគិតចាប់ពីខែមីនា ឆ្នាំ ១៩៩២ ដល់ខែតុលា ឆ្នាំ ២០១៩ មានជាអាទិ៍បោសសម្អាតផ្ទៃដីចម្ការមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបជាង ១ពាន់ ០៦៤ គីឡូម៉ែត្រក្រឡា និងរុករកឃើញ និងកម្ទេចចោលគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទជិត ៣លានគ្រាប់ និងរកឃើញគ្រាប់បែកអាវុធគីមីនៅសេសសល់ចំនួន ៦៨ ទីតាំងទៀត។

ប្រភពដ៏គួរឲ្យជឿទុកចិត្តធ្លាប់បានប្រាប់សាព័ត៌មាន The Cambodia Daily ថា មីន ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះនឹងមិនអាចបោសសំអាតឲ្យអស់ចេញពីកម្ពុជានោះទេ ដោយសារមីនទាំងនោះដោះហើយ ដាក់វិញ ដើម្បីអំពាវនាវសុំលុយពីអន្តរជាតិធ្វើការបោសសំអាតបន្ថែម។ ទោះជាយ៉ាងណាក៏មន្រ្តីជាន់ខ្ពស់ខាងផ្នែកដោះមីនធ្លាប់បានបដិសេធលើការចោទប្រកាន់នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស