33 C
Phnom Penh

អតីតអ្នកកាសែត The Cambodia Daily ថាប្រកាសពន្យារពេលសំណុំរឿងរបស់ខ្លួនពីសំណាក់តុលាការខេត្តរតនគិរី ព្រោះខ្លាចការពិតត្រូវបានលាតត្រដាង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតអ្នកកាសែត The Cambodia Daily ម្នាក់ដែលកំពុងរស់នៅភៀសខ្លួនក្នុងសហរដ្ឋអាមេរិកអះអាងថា ប្រកាសពន្យារពេលសំណុំរឿងរបស់ខ្លួនពីសំណាក់តុលាការខេត្តរតនគិរី ព្រោះខ្លាចការពិតត្រូវបានលាតត្រដាង។ 

នេះជាការអះអាងរបស់លោក អូន ភាព ដែលធ្វើឡើងក្រោយពេលតុលាការខេត្តរតនគិរី ប្រកាសពន្យារពេលសវនាការលើសំណុំរឿងចោទប្រកាន់ទៅលើរូបលោក និងសហការីរបស់លោកម្នាក់ទៀតគឺ លោក ហ្សំប័រ ភីធើ( Zsombor Peter) ដោយគ្មានការកំណត់។

ការប្រកាសពន្យារពេលនេះ ធ្វើឡើងកាលពីថ្ងៃពុធម្សិលមិញ ក្រោមហេតុផលនៃការអវត្តមានរបស់ចៅក្រមមួយរូប។ 

អតីតអ្នកសារព័ត៌មានរបស់ The Cambodia Daily លោក អូន ភាព យល់ថាការពន្យារពេលនេះ ដោយតុលាការបារម្ភខ្លាចមេធាវី និងអ្នកកាសែតសាកសួរដើមបណ្តឹងបីរូបដែលអះអាងថាជាអ្នកប្តឹងពួកលោកនោះ ប៉ុន្តែលោកថាធាតុពិតដើមបណ្តឹង គឺជាអភិបាលខេត្តរតនៈគិរីលោក ថង សាវុន ទៅវិញទេដែលជាអ្នកប្តឹងពួកលោកនោះ។

លោកថា កន្លងមកមានដើមបណ្តឹងម្នាក់ក្នុងចំណោមបីនាក់ ត្រូវបានអ្នកកាសែតសាកសួរអំពីរឿងនេះ ប៉ុន្តែដើមបណ្តឹងរូបនោះបញ្ជាក់ថាគេមិនបានដឹងរឿង ប្តឹងផ្តល់នេះឡើយ។

លោក អូន ភាព យល់ថាករណីបណ្តឹងពួកលោកនោះ ដោយសារអាជ្ញាធរខេត្តនេះ មិនសប្បាយចិត្តនឹងពួកលោកដែលធ្លាប់បានធ្វើសេចក្តីរាយការណ៍អំពីភាពអសកម្មនៅខេត្តនេះ ដូចជាករណីជួញដូរឈើខុសច្បាប់ បទល្មើសព្រៃឈើ និងបញ្ហាអំពើពុករលួយដែលកើតមាននៅក្នុងខេត្តរតនគិរី។ លើសពីនេះ ពួកលោកកន្លងមកក៏ធ្លាប់រងការគំរាមកំហែងពីសំណាក់មន្ត្រីអាជ្ញាធរខេត្តនេះថែមទៀតផង។

អតីតអ្នកកាសែត The Cambodia Daily ដដែល ព្រមទាំងអតីតសហការីរបស់ខ្លួនម្នាក់ទៀត គឺ លោក Zsombor Peter បានសម្រេចចិត្តរួចហើយថា ទោះបីតុលាការប្រកាសបើកសវនាលើសំណុំរឿងរបស់ពួកគាត់យ៉ាងណាក្តី ក៏ពួកគាត់មិនចូលរួមឡើយ ព្រោះថាទោះចូលរួមក៏តុលាការខេត្តនេះមិនផ្តល់យុត្តិធម៌ដល់ពួកគាត់ឡើយ ក្រៅពីការចាប់ខ្លួនពួកគាត់តែប៉ុណ្ណោះ។

បច្ចុប្បន្នអតីតអ្នកាសែតទាំងពីររូបនេះ មិនមានវត្តមាននៅក្នុងប្រទេសកម្ពុជានោះឡើយ ដោយពួកគេបាត់ចាកចេញពីកម្ពុជាក្រោយពេលមានពាក្យបណ្តឹងប្រឆាំងនឹងពួកគេទាំងពីរនាក់នេះ។

កាលពីខែសីហា ឆ្នាំ ២០១៧ អ្នកកាសែត The Cambodia Daily ពីររូប គឺលោក អូន ភាព និងលោក  Zsombor Peter  ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើស តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា ហើយពួកគេអាចប្រឈមមុខជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ។

ការចោទប្រកាន់នេះ ក្រោយពេលអ្នកទាំងពីរបានធ្វើសេចក្ដីរាយការណ៍ព័ត៌មានជុំវិញការបោះឆ្នោត  ឃុំ-សង្កាត់ ឆ្នាំ២០១៧ នៅឃុំ ប៉ាតេ ដែលជាឃុំតែមួយគត់ក្នុងខេត្តរតនគិរី មានបេក្ខភាពមកពីគណបក្សសង្គ្រោះជាតិ បានជាប់ឆ្នោត អំឡុងការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១២។ អាជ្ញាធរមូលដ្ឋានចោទពួកគេថាបានសាកសួរពលរដ្ឋពេលនោះ មានបំណងឱ្យពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សសង្រ្គោះជាតិពេលនោះ។ 

ចំណែកលោក Zsombor Peter វិញបានប្រាប់សារព័ត៌មានកាណាដាមួយឈ្មោះ The Globe  and Mail ដែលចុះផ្សាយកាលពីថ្ងៃម្សិលមិញថា ការចោទប្រកាន់ទាំងឡាយគឺធ្វើឡើងដោយមិនត្រឹមត្រូវ និងគ្មានមូលដ្ឋានឬ ភស្តុតាងអ្វីទាំងអស់។

ជាមួយគ្នានេះ អតីតអ្នកកាសែត The Cambodia Daily ជនជាតិកាណាដារូបនេះចង់ដឹងអំពីមូលហេតុ ដែលរដ្ឋាភិបាលកាណាដាមិនបានបដិសេធជាសាធារណៈចំពោះរឿងក្តីដ៏ចម្រូងចម្រាស់នេះ ខណៈការបើកសវនាការជំនុំជម្រះសំណុំរឿងរបស់ខ្លួនបានធ្វើឡើងចំថ្ងៃបុណ្យណូអែល ដែលអង្គការអន្តរជាតិយល់ថាជាការរំលោភសិទ្ធិមនុស្សពីសំណាក់តុលាការកម្ពុជាក្តី។

កាលពីថ្ងៃច័ន្ទ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន នាយករងអង្គការឃ្លាំមើលសិទិ្ធមនុស្ស Human Right Watch ប្រចាំតំបន់អាស៊ីលោក Phil Robertson មានប្រសាសន៍ថា“ ការសម្រេចចិត្តបន្តនីតិវិធីលើសំណុំរឿងអតីតកាសែតជាភាសាអង់គ្លេសទាំងពីររូប មកជំនុំជម្រះ ហាក់មានចេតនាបំភិតបំភ័យអ្នកសារព័ត៌មានកម្ពុជាទាំងអស់” ។

លោកបន្តថា តុលាការ គួរទម្លាក់ការចោទប្រកាន់ក្លែងបន្លំទាំងនេះ ហើយរដ្ឋាភិបាល លោក ហ៊ុន សែន គួរតែបញ្ឈប់ការរឹតត្បិតសេរីភាពសារព័ត៌មាន ដែលហ៊ានរាយការណ៍ព័ត៌មានដោយឯករាជ្យបន្តទៀត។

ប្រភពដដែល បន្តថាកាលពីខែមិថុនាឆ្នាំ ២០១៧ លោក អូន ភាព និងលោក Zsombor Peter បានឈ្នះពានរង្វាន់របាយការណ៍ឆ្នើមស៊ើបអង្កេតពីសមាគមអ្នកបោះពុម្ពផ្សាយនៅអាស៊ីសម្រាប់ការរាយការណ៍អំពីការចូលរួមរបស់យោធាក្នុងការធ្វើពាណិជ្ជកម្មឈើខុសច្បាប់នៅកម្ពុជា។ ពួកគេទាំងពីរនាក់បានសរសេរជាញឹកញាប់អំពីការកាប់ឈើខុសច្បាប់និងអំពើពុករលួយរបស់រដ្ឋាភិបាលនៅក្នុងខេត្តរតនគិរីនិងខេត្តដទៃទៀតនៅក្នុងប្រទេសមួយនេះ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សនិយាយថាការយាយី ទៅលើអ្នកកាសែតឯករាជ្យពីសំណាក់រដ្ឋាភិបាលបានកើនឡើងក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ពោលគឺចាប់តាំងពីឆ្នាំ២០១៧មក ។

ជាក់ស្តែង រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានបង្ក្រាប និងបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឥតស្រាកស្រាន្ត។

កាលពីកញ្ញាឆ្នាំ ២០១៧ កាសែតឌឹខេមបូឌាដេលី ដែលជាកាសែតក្នុងស្រុកឯករាជ្យដ៏យូរអង្វែងមួយក្នុងប្រទេសកម្ពុជា ត្រូវបង្ខំចិត្តបិទទ្វារការិយាល័យរបស់ខ្លួន ដោយរដ្ឋាភិបាលលោក ហ៊ុន សែន បង្ខំឱ្យបង់ពន្ធនូវទឹកប្រាក់ជាង ៦ លានដុល្លារអាមេរិក។

ប៉ុន្មានថ្ងៃក្រោយមក វិទ្យុអាស៊ីសេរី បានបង្ខំចិត្តបិទការិយាល័យរបស់ខ្លួននៅទីក្រុងភ្នំពេញកាលពីថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ២០១៧ បន្ទាប់ពីប្រតិបត្តិការអស់រយៈពេល ២០ ឆ្នាំនៅកម្ពុជា ក្រោយរងការគំរាមកំហែងពន្ធពន្ធដារ និងរដ្ឋបាល។ ពីរបីថ្ងៃបន្ទាប់ពីការបិទការិយាល័យវិទ្យុអាស៊ីសេរី ក្រសួងមហាផ្ទៃបានគំរាមអ្នកកាសែតដែលបានធ្វើការឱ្យវិទ្យុមួយនេះ ដោយមានវិធានការផ្លូវច្បាប់ ប្រសិនបើពួកគេបន្តរាយការណ៍ព័ត៌មានឱ្យវិទ្យុអាស៊ីសេរីបន្តទៀត។

ប្រមាណ២ខែក្រោយវិទ្យុនេះបិទការិយារួចមក អាជ្ញាធរបានចាប់ខ្លួនអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីពីររូប គឺ លោក អួន ឈិន និង លោក យាង សុជាមេត្តា ហើយតុលាការបានចោទប្រកាន់ពួកគេពីបទចារកម្ម ដោយ Human Rights Watch  ចាត់ទុកថាជាការចោទប្រកាន់ដែលគ្មានមូលដ្ឋានត្រឹមត្រូវ និង ជាការចាប់និងឃុំខ្លួនតាមអំពើចិត្ត ប៉ុន្តែបន្ទាប់មកតុលាការសម្រេចដោះលែងពួកគេឱ្យនៅក្រៅឃុំបណ្តោះអាសន្នកាលពីខែសីហា ឆ្នាំ២០១៨ ក្រោយពេលឃុំខ្លួនអ្នកទាំងពីរជិត១ឆ្នាំ។

អង្គការអន្តរជាតិដដែលនេះ លើកឡើងទៀតថា កាសែតក្នុងស្រុកឯករាជ្យចុងក្រោយបង្អស់គឺកាសែតភ្នំពេញប៉ុស្តិ៍ ត្រូវបានរដ្ឋាភិបាលបង្ខំ រដ្ឋាភិបាល លោក ហ៊ុន សែន បង្ខំឲ្យប្តូរម្ចាស់ ពោលគឺត្រូវបង្ខំចិត្តលក់ ទៅឱ្យពាណិជ្ជករជនជាតិម៉ាឡេស៊ីម្នាក់ ដែលមានទំនាក់ទំនងជិតស្និតជាមួយមន្ត្រីរដ្ឋាភិបាល សមាជិកគណបក្សប្រជាជនកម្ពុជាកាលពីខែឧសភាឆ្នាំ ២០១៨ ក្រោមហេតុផលពន្ធដារ ជុំវិញទឹកប្រាក់ជិត៤លានដុល្លារសហរដ្ឋអាមេរិក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស