30 C
Phnom Penh

លោក ហ៊ុន សែន ឌឺដងឱ្យអ្នកវិភាគមួយចំនួនដែលស្អប់របបកុម្មុយនីស្ត ប៉ុន្តែចង់ឱ្យលោករៀបចំរបបទីផ្សារបែបកុម្មុយនីស្តទៅវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានឆ្លៀតឌឺដងទៅកាន់អ្នកវិភាគមួយចំនួន ដែលលោកថាតែងស្អប់ការដឹកនាំតាមបែបកុម្មុយនីស្ត ប៉ុន្តែបានណែនាំឱ្យរដ្ឋាភិបាលលោក រៀបចំប្រព័ន្ធទីផ្សារបែបកុម្មុយនិស្តទៅវិញ។

ការលើកឡើងនេះ ក្រោយពេលមានការលើកឡើងដោយជំរុញឱ្យរដ្ឋាភិបាលគប្បីកំណត់តម្លៃស្រូវដល់ឈ្មួញ ដើម្បីធានាថាការផ្តល់កញ្ចប់ថវិការដ្ឋប្រមាណ៥០លានដុល្លារសហរដ្ឋអាមេរិក នឹងផ្តល់ប្រយោជន៍ជូនកសិករពិតប្រាកដ។ អ្នកវិភាគមួយចំនួនធ្លាប់លើកឡើងថា ប្រសិនបើរដ្ឋមិនបានតាមដានរាល់ការទិញដូរស្រូវកសិករពីសំណាក់ឈ្មួញធំៗ ឈ្មួញកណ្តាលទេ ពួកគេនឹងទិញស្រូវតាមតែចិត្តរបស់ខ្លួន ដែលនឹងធ្វើឱ្យប៉ះពាល់ដល់កសិករដដែល។

ពួកគេថា ការចំណាយថវិការដ្ឋចំនួន៥០លានដុល្លារដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់ផ្តល់កម្ចីដល់ឈ្មួញធំៗ ដើម្បីប្រើប្រាស់ទិញស្រូវពីពលរដ្ឋយកមកស្តុកទុកនោះ នឹងក្លាយជារឿងឥតបានការតែប៉ុណ្ណោះ។

ថ្លែងនៅមុខនិស្សិតជិត៣ពាន់នាក់ ក្នុងឱកាសចែកសញ្ញាប័ត្រនៅសកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចកាលពីព្រឹកម៉ិញ នេះ លោក ហ៊ុន សែន មានប្រសាសន៍ថា មានមនុស្សមួយចំនួនស្អប់របបកុម្មុយនីស្ត តែបែរជាជំរុញឱ្យរាជរដ្ឋាភិបាលរៀបចំរបបទីផ្សារបែបកុម្មុយនិស្ត ដោយឱ្យប្រាប់ឱ្យលោកកំណត់តម្លៃស្រូវ ដែលផ្ទុយពីគោលការណ៍ទីផ្សារសេរីទៅវិញ។

លោកថាក្នុងរបបទីផ្សារសេរី ប្រមុខរដ្ឋាភិបាលបានត្រឹមតែអំពាវនាវមិនឱ្យឈ្មួញក្រឡុកកសិករ ឬទិញស្រូវពីកសិករក្នុងតម្លៃសមរម្យប៉ុណ្ណោះ ប៉ុន្តែយន្តការទីផ្សារសេរីមិនត្រូវឲ្យរដ្ឋធ្វើការកំណត់ថ្លៃនោះ            ទេ ។

លោក ហ៊ុន សែន  បានលើកឡើងថា ស្រូវមានគុណភាពល្អធម្មតា តម្លៃនៅតែរក្សាបានល្អដដែល។ ដោយឡែកស្រូវចុះថោកឬ ធ្លាក់ថ្លៃនោះ គឺជាប្រភេទស្រូវដែលអន់គុណភាព ពូជស្រូវមិនសុទ្ធល្អ ដែលធ្វើឲ្យអ្នកទិញជួបការលំបាកតម្រូវឲ្យកំណត់តម្លៃរាងទាបបន្តិច តែក៏មានការគាំពារខ្លះផងដែរ។

ការប្រមូលផលស្រូវរដូវវស្សានៅកម្ពុជាលោកនាយករដ្ឋមន្ត្រីថា ជិតនឹងបញ្ចប់ហើយ ដោយប្រមូលផលលើទំហំផ្ទៃដីបង្កបង្កើនផលជាង២លានហិកតា ក្នុងចំណោមផ្ទៃដីបង្កបង្កើនផលទាំងអស់ជិត៣លានហិកតា។ លោកប៉ាន់ប្រមាណថាទិន្នផលស្រូវក្នុងឆ្នាំនេះ អាចនឹងសល់ស្រូវលើសពីតម្រូវការរហូតដល់៦លានតោន សម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ។

កាលពីចុងខែកញ្ញា រដ្ឋមន្ត្រីក្រសួងកសិកម្មកាលបានចេញផ្សាយរបាយការណ៍សង្ខេបស្តីពីលទ្ធផលនៃការនាំចេញផលិតផលកសិកម្មក្នុងរយៈពេលជិត៩ខែដើមឆ្នាំ២០១៩ បង្ហាញថា រយៈពេលជិត៩ខែមកនេះ កម្ពុជានាំចេញស្រូវក្រៅផ្លូវការទៅវៀតណាមជាង១លាន៦សែនតោន។

ដោយឡែករបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា ដែលចេញផ្សាយកាលពីចុងខែកញ្ញា បង្ហាញថា កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារសហភាពអឺរ៉ុបធ្លាក់ចុះជាង៣២% ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០១៩ បន្ទាប់ពីអឺរ៉ុបប្រកាសអនុវត្តការយកពន្ធអង្ករពីកម្ពុជា និងភូមាកាលពីខែ                 មករា។

យ៉ាងនេះក្តី របាយការណ៍ដដែល បង្ហាញថា ការនាំអង្ករចេញទៅកាន់ប្រទេសចិនគឺមានកើនឡើងជាង៥៤ភាគរយវិញ។ ការធ្លាក់ចុះ និងការកើនឡើងនេះ គិតត្រឹមរយៈពេល៨ខែដើមឆ្នាំ ២០១៩ បើធៀបទៅនឹងការនាំចេញអង្ករពីកម្ពុជាទៅកាន់សហគមន៍អន្តរជាតិក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស