29 C
Phnom Penh

លោកហ៊ុន សែន បញ្ជាឱ្យអាជ្ញាធរធ្វើការជាមួយម្ចាស់ផ្ទះជួលដើម្បីទប់ស្កាត់ការតម្លើងថ្លៃផ្ទះជួលខ្ពស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថាការតម្លើងថ្លៃផ្ទះជួលខ្ពស់ នឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់កម្មករ កម្មការិនី ជាមិនខាន។

ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រជូននិស្សិតជិត៣ពាន់នាក់ នៃសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចក្នុងរាជធានីភ្នំពេញនាព្រឹកនេះ លោកហ៊ុន សែន បានក្រើនរំឭកជាថ្មីទៀតទៅអាជ្ញាធរមូលដ្ឋាន ឱ្យធ្វើការជាមួយម្ចាស់ផ្ទះជួល ដើម្បីទប់ស្កាត់មិនឱ្យមានការតម្លើងថ្លៃផ្ទះខ្ពស់ហួសហេតុ ដែលមិនឆ្លើយតបទៅនឹងការតម្លើងប្រាក់ខែគោលរបស់កម្មករនៅឆ្នាំក្រោយ។

ប្រតិកម្មរបស់លោក ហ៊ុន សែន នៅពេលនេះ ក្រោយពេលមានប្រតិកម្មពីកម្មករ កម្មការិនីមួយចំនួននៅរាជធានីភ្នំពេញទៅនឹងការប្រកាសតម្លើងថ្លៃផ្ទះជួលរបស់ពួកគេពីសំណាក់ម្ចាស់ផ្ទះ រហូតដល់១០ដុល្លារក្នុងមួយខែបន្ថែមទៀត ស្របពេលដែលប្រាក់ខែគោលរបស់រដ្ឋាភិបាលកំណត់តម្លើងជូនកម្មករនៅឆ្នាំក្រោយ បានត្រឹមតែ៨ ដុល្លារប៉ុណ្ណោះ។

លោក ហ៊ុន សែន លើកឡើងថា កម្មករដំឡើងប្រាក់ខែបានតែ ៨ដុល្លារនៅឆ្នាំក្រោយ ប៉ុន្តែម្ចាស់ផ្ទះជួលមួយចំនួនបែរជាតម្លើង រហូតដល់ ១០ដុល្លារទៅវិញ។ បញ្ហានេះ លោក បានបញ្ជាទៅអាជ្ញាធរមូលដ្ឋាន និងក្រសួងពាក់ព័ន្ធត្រូវធ្វើការនេះជាមួយម្ចាស់ផ្ទះជួល ដើម្បីធានាថាការតម្លើងប្រាក់ខែគោលជូនកម្មករ ពិតជាបានប្រយោជន៍ពិតប្រាកដដល់ពួកគាត់។

ប្រាក់ឈ្នួលអប្បបរមារបស់កម្មករក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ២០១៩នេះ មានចំនួន១៨២ដុល្លារសហរដ្ឋអាមេរិក ហើយកាលពីខែវិច្ឆិការដ្ឋាភិបាល និងភាគីពាក់ព័ន្ធសម្រេចតម្លើងចំនួន ៨ដុល្លារបន្ថែមទៀត ពោលគឺប្រាក់ខែគោលសម្រាប់កម្មករក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង នឹងទទួលបាន ១៩០ ដុល្លារដោយចាប់ផ្តើមពីខែមករា ឆ្នាំ២០២០ទៅ ។

បច្ចុប្បន្នចំនួនកម្មករ កម្មការិនី កំពុងបម្រើការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងដេរស្បែកជើងមានចំនួនជិត១លាននាក់។ វិស័យនេះ បានផ្តល់ប្រយោជន៍ដោយប្រយោលដល់ក្រុមគ្រួសាររបស់ពួកគេមានចំនួនប្រមាណ៣លាននាក់ទៀត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស