30 C
Phnom Penh

បក្សរណបចិន និងបក្សជាតិនិយម ប្រឈមមុខដាក់គ្នាខ្លាំង ព្រោះតែសេចក្ដីព្រាងច្បាប់ប្រឆាំងឥទិ្ធពលចិន ចូលក្នុងរដ្ឋសភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រ្តីជើងខ្លាំង ប្រធានាធិបតីនៃកោះតៃវ៉ាន់ អ្នកស្រី Tsai Ing-wen កាលពីថ្ងៃពុធទី២៥ ខែធ្នូ បានជំរុញឲ្យរដ្ឋសភា ប្រជុំពិភាក្សា ជុំវិញសំណើច្បាប់ស្តីពីការប្រឆាំងការជ្រៀតជ្រែតកិច្ចការផ្ទៃក្នុង សំដៅទប់ស្កាត់ឥទ្ធិពលពីសំណាក់ទីក្រុងប៉េកាំងអោយមុនការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។

តែបើតាមសារព័ត៌មាន Taiwan News ឲ្យដឹងថាសេចក្ដីព្រាងច្បាប់ ស្នើឡើងដោយបក្សកាន់អំណាច គឺគណបក្សប្រជាធិបតេយ្យជឿនលឿន DPP  ត្រូវបានគណបក្សប្រឆាំងគួមិញតាំង (Kuomintang )ថ្កោលទោស និងជំទាស់ជាខ្លាំង ដោយចាត់ទុកថា  ជាឧបករណ៍នយោបាយ ដើម្បីលាបពណ៌បក្សប្រឆាំងថាជា ភ្នាក់ងាររបស់បក្សកុម្មុយនិស្តចិន ។

សេច្ដីព្រាងច្បាប់នេះ អាចត្រូវបានរដ្ឋសភាអនុម័តមុនដំណាច់ឆ្នាំ ២០១៩នេះ ព្រោះតែបក្សកាន់អំណាច របស់ ក្រុមអ្នកស្នេហាជាតិដឹកនាំដោយលោកស្រី Tsai Ing-wen បង្ហាញឆន្ទៈខ្លាំងក្លា ចង់ទប់ស្កាត់ ការជ្រៀតជ្រែក ពីសំណាក់ប្រទេសចិនចូលកិច្ចការបោះឆ្នោតមួយនេះ។

អ្នកស្រីនិយាយថា តៃវ៉ាន់ពិតជាត្រូវការច្បាប់ខ្លាំងណាស់ នៅពេលនេះ គឺដោយសារតែចិន កំពុងប្រើប្រាស់ឥទ្ធិពលមកលើការបោះឆ្នោតកាន់តែខ្លាំង។

ក្រោមហេតុផល នៃការរុញសេចក្ដីព្រាងច្បាប់ចូលរដ្ឋសភា ខណៈអ្នកស្រី ថ្លែងតាមកញ្ជក់ទូរទស្សន៍ អំពីគោលនយោបាយជាតិតៃវ៉ាន់ ថា នៅលើពិភពលោកនេះ មានប្រទេសប្រជាធិបតេយ្យជាច្រើនបានអនុម័តច្បាប់ស្តីពីការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងដោយ សំដៅបង្ការនូវការពង្រីកឥទ្ធិពលរបស់ចិន ។

ប្រធានាធិបតីស្រីជើងខ្លាំងដែលហ៊ានឈ្លោះ ជាមួយចិនទទូចថា តៃវ៉ាន់ត្រូវតែមានច្បាប់នេះ ព្រោះដែនដីមួយនេះ កំពុងប្រឈមដោយផ្ទាល់កាន់តែច្រើនឡើងពីប្រទេសចិន ស្របពេលដែលចិនក៏កំពុងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដ៏ទៃទៀតដែរ ហើយប្រទេសទាំងនោះក៏មានច្បាប់ដូចនេះដែរ។

ដោយ ប្រជែងនឹងការជំទាស់ពីបក្សប្រឆាំង និងមជ្ឈដ្ឋានខ្លះ អ្នកស្រី Tsai Ing-wen ទទូចសុំអោយប្រជាជនតៃវ៉ាន់មួយចំនួនចូលទៅស្ដាប់ការពិភាក្សាគ្នានេះ នៅក្នុងរដ្ឋសភា។

ប៉ុន្តែអ្នកស្រីអះអាងថា បើអ្នកខ្លះគិតថា ច្បាប់នេះអាចជាការបង្ករឿង ឬជាច្បាប់មួយដូចច្បាប់សឹក គឺអ្នកមានគំនិតអវិជ្ជមានជ្រុលហើយ។ អ្នកស្រីរំពឹងថារដ្ឋសភា នឹងមានការពិភាក្សាដោយគំនិតល្អៗ ព្រោះមានការបើកចំហការសួរដេញដោយសេរី។

ចំណែកប្រទេសចិនវិញ នៅពេលដឹងថា សេចក្ដីព្រាងច្បាប់នេះ អាចត្រូវបានសភាតៃវ៉ាន់ ប្រជុំអនុម័ត  គឺការិយាល័យគោលនយោបាយចិនតែមួយសម្រាប់ដែនដីតៃវ៉ាន់ បានចេញមុខមករំលឹកជាថ្មីទៀតថា គណបក្ស ប្រជាធិបតេយ្យជឿនលឿន កំពុងព្យាយាម យកហេតុផលប្រជាធិបតេយ្យ មកបង្កើតអមិត្តនឹងចិន ដែលក្រុងប៉េកាំងសូមជំទាស់នឹង សេចក្ដីព្រាងច្បាប់នេះ។ ក្រុងប៉េកាំងថា ខ្លួនសូមបន្តបដិសេធថា មិនមានបំណងចង់ធ្វើជាអ្នកជួសជុលនយោបាយកោះតៃវ៉ាន់ឡើយ។

ការិយាល័យនេះ ចាត់ទុក សេចក្ដីព្រាងច្បាប់នេះ ថាជាច្បាប់មួយដែលបង្កកម្លាំងប្រទុសសារាយ ប្រឆាំងចិន។ យ៉ាងណាក៏ដោយ បើតាមសារព័ត៌មាន Taiwan News សមាជិកសភាកោះតៃវ៉ាន់ គ្រោងនឹងបោះឆ្នោត អនុម័តសេចក្ដីព្រាងច្បាប់នេះ នៅសប្ដាហ៍ក្រោយ ដែលធ្វើឲ្យបក្ស គួមិញតាំង រណបចិន រិះគន់កាន់តែខ្លាំង។

តាមរយៈស្មារតីនៃសេចក្ដីព្រាងច្បាប់នេះ  អាជ្ញាធរកោះតៃវ៉ាន់នឹងហាមឃាត់សកម្មភាពនយោបាយ និងការទទួលមូលនិធិទាំងឡាយពី ប្រទេសជាសត្រូវ នឹងតៃវ៉ាន់។ ប៉ុន្តែទន្ទឹមនឹងនេះ ក្រុម បក្សប្រឆាំងដែលកំពុងគៀរគរកម្លាំង ដើម្បីតវ៉ាប្រឆាំង គឺនៅខាងក្រៅរដ្ឋសភា នៅពេលសមាជិកសភា ប្រជុំពិភាក្សាច្បាប់ដ៏ចម្រូងសម្រាស់នេះ។

តែសម្រាប់ចិនវិញ ដែលបានជំទាស់ទៅហើយនោះ ក៏កំពុងរកវិធីដាក់សំពាធលើបក្សកាន់អំណាចរបស់ស្រ្តីជើងខ្លាំង អ្នកស្រី Tsai Ing-wen អោយ ពិចារណាឡើងវិញ នូវអ្វីដែលក្រុងប៉េកាំងចោទថា ច្បាប់នេះនឹងក្លាយជាឧបករណ៍ នៃជំលោះ ចិន និងតៃវ៉ាន់ កាន់តែខ្លាំងថែមទៀត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស