28 C
Phnom Penh

លោក ស ខេង ជំរុញលើកកម្ពស់ការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋានឱ្យកាន់តែប្រសើរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង បានជំរុញឱ្យមន្ត្រីក្រោមឱវាទ លើកកម្ពស់ការចូលរួមអនុវត្តលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន ឲ្យមានប្រសិទ្ធភាព មាននិរន្តរភាព មានតម្លាភាព មានគណនេយ្យភាព និងមានភាពជាម្ចាស់។
ការប្រកាសនេះ ធ្វើឡើងក្នុងពិធីបិទមហាសន្និបាត សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ហៅថា សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន នៅព្រឹកថ្ងៃទី២៧ ខែធ្នូ។

លោក ស ខេង ក៏បានជំរុញឱ្យក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក-ខណ្ឌ ក្រុមប្រឹក្សាឃុំ -សង្កាត់ទាំងអស់ ពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត។ លើសពីនេះ លោកក៏បានបញ្ជាឱ្យមន្ត្រីរដ្ឋាភិបាលកសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានក្នុងការរួមចំណែកពង្រឹងនីតិរដ្ឋ និងប្រជាធិបតេយ្យ នៅកម្ពុជា។

ការលើកឡើងនេះ ក្រោយពេលសហគមន៍អន្តរជាតិរួមមានសហភាពអឺរ៉ុប សហរដ្ឋអាមេរិកដែលជាប្រទេសនាំមុខគេ ក្នុងការជំរុញឱ្យរដ្ឋាភិបាលលោកហ៊ុន សែន វិលត្រឡប់ទៅដើរលើផ្លូវលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងសិទ្ធិការងារឡើងវិញ។

ការជំរុញនេះ ក្រោយពេលសហគមន៍លោកសេរីរកឃើញថារដ្ឋាភិបាលលោកហ៊ុន សែន បានបំផ្លាញមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្ស និងសិទ្ធិការងារធ្ងន់ធ្ងរ ក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយ។

កាលពីដើមខែកញ្ញា   ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដែលជាគណបក្សប្រឆាំងធំជាងគេ ត្រូវបានចាប់ឃុំខ្លួនដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីលោក ហ៊ុន សែន ថា ក្បត់ជាតិ។

ជាង២ ខែក្រោយមក គណបក្សប្រឆាំងដ៏ធំនេះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា។ ដំណែងបក្សប្រឆាំងដែលទទួលបានដោយការបោះឆ្នោតពីពលរដ្ឋតាំងពីថ្នាក់ឃុំ សង្កាត់ រហូតដល់តំណែងរដ្ឋសភានិង ព្រឹទ្ធសភា ផង ត្រូវបានដកយក និងហាមមិនឱ្យមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិជាង១រយនាក់ ធ្វើនយោបាយរយៈពេល៥ឆ្នាំទៀតផង។

ការសម្រេចរបស់តុលាការកំពូលតាមការចង់បានរបស់ប្រធានគណបក្សប្រជាជនកម្ពុជា លោកហ៊ុន សែន នេះ រងការរិះគន់ស្ទើរគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ថាការរំលាយបក្សប្រឆាំង ដោយយកភស្តុតាងដាក់បន្ទុកដែលបានកើតឡើងតាំងពីឆ្នាំ២០១៣នោះ គឺជាការអនុវត្តផ្ទុយទៅនឹងច្បាប់ទាំងស្រុង។

បន្ថែមពីនេះ ការចាប់ និងឃុំខ្លួនលោក កឹម សុខា ជាង២ឆ្នាំមកនេះ សហរដ្ឋអាមេរិកបានចាត់ទុកថាជារឿងអយុត្តិធម៌ និងគ្មានភស្តុតាងអ្វីទាំងអស់។

ចំណែកសិទ្ធិមនុស្ស សិទ្ធិការងារ សេរីភាពបញ្ចេញមតិ សេរីភាពរបស់អង្គការសង្គមស៊ីវិល ក៏រងការរិតត្បិតកាន់តែខ្លាំងក្នុងរយៈពេលជាង២ឆ្នាំងចុងក្រោយនេះ។

សហគមន៍អន្តរជាតិបានចាត់ទុកបញ្ហាទាំងនេះ ជាការធាតុផ្សំនៃការបំផ្លាញមូលដ្ឋានគ្រឹះលទ្ធិប្រជាធិបតេយ្យ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជាតែម្តង។

យ៉ាងនេះក្តី កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ធ្លាប់បានអះអាងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ជាបទពិសោធន៍សម្រាប់ការដឹកនាំកម្ពុជាកន្លងមកនេះ គឺមានតែការប្រកាន់យកគោលការណ៍ លទ្ធិប្រជាធិបតេយ្យតែប៉ុណ្ណោះ ដែលធ្វើឱ្យកម្ពុជាអាចនៅសុខសាន្តយូរអង្វែងបាន។ លោកថា ប្រសិនបើកម្ពុជា ដើរខុសពីគន្លងលទ្ធិប្រជាធិបតេយ្យនេះ នឹងនាំដល់គ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជាតិជាមិនខាន។

គិតត្រឹមចុងខែធ្នូនេះ កម្ពុជា នៅសល់ពេលជាង១ខែទៀតប៉ុណ្ណោះ ដោយសហភាពអឺរ៉ុបនឹងសម្រេចជាផ្លូវការថា ពួកគេត្រូវដកឬ មិនដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់ខ្លួនមកលើប្រទេសក្រីក្រមួយនេះ។

ការឈានទៅសម្រេចនេះ ក្រោយពេលសហភាពអឺរ៉ុបបានក្រើនរំលឹកម្តងជាពីរដងឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ងាកទៅដើរលើគន្លងប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញ ប៉ុន្តែរដ្ឋាភិបាលនៅតែពុំព្រមអនុវត្តតាមលក្ខខណ្ឌចង់បានរបស់អឺរ៉ុប ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាច្រើនលើកច្រើនសារតបទៅវិញថាកម្ពុជា នឹងមិនអោនក្បាលដាក់បរទេសជាថ្នូរនឹងការផ្តល់ភាពអនុគ្រោះណាមួយនោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស