33 C
Phnom Penh

មន្ទីរកសិកម្មខេត្តបាត់ដំបង ថាស្ពៃជើងទារចុះថោកខ្លាំងព្រោះកសិករដាំលើសពីតម្រូវការ និងគ្មានផែនការច្បាស់លាស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ទីរកសិកម្មខេត្តបាត់ដំបង បានចេញបកស្រាយចំពោះបញ្ហាតម្លៃស្ពៃជើងទារ ឬស្ពៃជ្រក់ របស់កសិករដាំបានផលច្រើន តែមានតម្លៃថោកពេករហូតប្រកាសចែកជូនពលរដ្ឋដោយឥតគិតប្រាក់ទៀតផង។ មន្ត្រីកសិកម្មថា ការចុះថោកនេះ ព្រោះកសិករដាំដំណាំស្ពៃជើងទារនោះលើសពីតម្រូវការ និងមិនមានផែនការច្បាស់លាស់។

សេចក្តីប្រកាសព័ត៌មានរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបងកាលពីថ្ងៃម្សិលមិញ  ឱ្យដឹងថា បន្ទាប់បីទទួលដំណឹងអំពីការធ្លាក់ចុះតម្លៃស្ពៃជើងទាររបស់កសិករ អ៊ឹម សភ័ក្រ មន្ត្រីមន្ទីរកសិកម្មខេត្តនេះ បានបញ្ជូនក្រុមការងារចុះទៅជួបជាមួយ លោក អ៊ឹម សុភ័ក្រតែម្តង។

សេចក្តីប្រកាសព័ត៌មាននេះ លើកឡើងថា មូលហេតុដែលកសិកររូបនេះប្រកាសចែកជូនប្រជាពលរដ្ឋដោយសារ ស្ពៃរបស់គាត់មានជំងឺធ្វើឲ្យគុណភាពធ្លាក់ចុះ។ 

គណនេយ្យហ្វេសប៊ុករបស់លោក អ៊ឹម សុភ័ក្រ បានឱ្យដឹងថាលោកមានស្ពៃជើងទារចំនួនប្រមាណ២ ហិកតា ដែលអាចប្រមូលផលបានប្រមាណ៥០តោន។ ប៉ុន្តែដោយសារតម្លៃថោកពេក ដែលធ្វើឲ្យលោកលក់បានតែតម្លៃ៣០០ ទៅ ៥០០រៀល ក្នុង១ គីឡូក្រាម ប៉ុណ្ណោះ។

កាលពីថ្ងៃទី ២៥ ធ្នូ លោក អ៊ឹម សុភ័ក្រ បានប្រកាសថា ដើម្បីអបអរសាទរ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកលលោកនឹងចែកស្ពៃជូនពលរដ្ឋដោយមិនគិតលុយត្រឹមថ្ងៃដដែល ប៉ុន្តែពលរដ្ឋត្រូវទៅច្រូតកាត់ និងដឹកជញ្ជូនដោយខ្លួនឯង ដោយថាស្ពៃលោកចែកនោះ មានទីតាំងនៅឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ហើយថាស្ពៃដែលលោកអាចចែកជូនមានចំនួន ពី១០ទៅ១៥តោនប៉ុណ្ណោះ។ តែយ៉ាងណាលោកថា ស្ពៃរបស់លោកនោះ គឺលក់អស់៧០% ក្នុងតម្លៃមួយគីឡូ៥០០រៀល ហើយនៅសល់៣០ភាគរយទៀត លោកក៏សម្រេចចិត្តផ្តល់ជូនពលរដ្ឋ។

មន្ទីរកសិកម្មខេត្តនេះបានបញ្ជាក់ទៀតថាតម្លៃស្ពៃថោក ក្នុងឆ្នាំនេះ ព្រោះកសិករនាំគ្នាដាំដុះសំណាំបន្លែស្ពៃជើងទារ ស្ទើរគ្រប់ទីកន្លែងដែលនាំឲ្យការប្រមូលផលស្ពៃប្រភេទនេះ មានបរិមាណច្រើនលើសពីតម្រូវការ។

មន្ទីរកសិកម្ម ក៏បានសហការជាមួយសភាពាណិជ្ជកម្មខេត្ត ដោយសន្យាថានឹងរកដំណោះស្រាយជូនលោក អ៊ឹម សុភ័ក្រ ដោយនឹងផ្តល់តម្លៃសមរម្យជូនគាត់ ។

បញ្ហាបន្លែធ្លាក់ថ្លៃនេះ មិនមែនមានតែនៅខេត្តបាត់ដំបងប៉ុណ្ណោះទេ ដោយឡែកកសិករដាំស្ពៃក្រញាញ់ នៅខេត្តកំពង់ចាមមួយចំនួនក៏បានសម្រេចចិត្តដកស្ពៃនោះចោលតែម្តង ព្រោះតែតម្លៃថោកពេក។

ទីប្រឹក្សាអង្គការសេដាក លោកបណ្ឌិត យ៉ង់ សាំងកុមារ បានលើកឡើងនៅលើគណនេយ្យហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា ទាក់ទងបញ្ហាស្ពៃចុះថោក និងខ្វះអ្នកទិញ មន្រ្តីកសិកម្មថាកសិករដាំគ្មានផែនការ។

លោកបានដាក់ជាសំណួរថា ចុះបើកសិករសួរវិញថាតើមន្ទីរកសិកម្ម មន្ទីរពាណិជ្ជកម្ម និងមន្ទីរផែនការមានផែនការអ្វីខ្លះក្នុងការផ្តល់សេវាគាំទ្រដល់កសិករ?

លោកយល់ថា ដើម្បីដោះស្រាយបញ្ហាទាំងនេះ គប្បីមានមន្រ្តីដែលជាគ្រូកសិកម្មល្អៗ ចំនួន ៥០០នាក់ ធ្វើការងារជាមួយកសិករ ក្នុងការដាំបន្លែនៅទូទាំងប្រទេសនឹងអាចដោះស្រាយបញ្ហាដដែលៗនេះបានជាមិនខាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស