28 C
Phnom Penh

ប្រធានាធិបតីថ្មីរបស់បូលីវៀល ថាការបោះឆ្នោតប្រធានាធិបតីឡើងវិញគឺត្រូវតែឆ្លើយតបនឹងឆន្ទៈម្ចាស់ឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេសបូលីវៀលដែលបាន ទាញទម្លាក់ជនផ្ដាច់ការពីអំណាច កាលពីថ្ងៃទី១១ វិច្ឆិកាបានកំពុងរំកិលខ្លួន ទៅរកការបោះឆ្នោតប្រធានាធិបតីឡើងវិញដែលរំពឹងថានឹងធ្វើឡើង នៅខែមីនា ឬខែមេសា គឺមិនអូសពេលវេលាយូរឡើយ។

Jeanine Añez ស្ត្រីជើងខ្លាំងម្នាក់ដែលហ៊ានចេញមុខ មកធ្វើជាប្រធានាធិបតីបណ្ដោះអាសន្នជំនួស លោក Evo Morales ដែលបានបណ្ដេញពីតំណែង  បានប្រកាសថា រដ្ឋាភិបាលរបស់ អ្នកស្រី នឹង រៀបចំអោយមានការបោះឆ្នោតប្រធានាធិបតីឡើងវិញ នៅក្នុង ខែមីនា ឬ យ៉ាងយូរនៅត្រឹមថ្ងៃទី២៣ ខែមេសាឆ្នាំ២០២០។

ការអះអាងថា របស់អ្នកស្រី អំពីការប្រាប់ពីពេលវេលា នៃការបោះឆ្នោតនេះ គឺចំពេល មានការចោទសួរពីសមាជិកសភា កាលពីថ្ងៃទី២៥ធ្នូ ហើយត្រូវបានចុះផ្សាយនៅថ្ងៃនេះ ដោយសារព័ត៌មាន TeleSur។

ចំណែកលោក Jerjes Atala នាយសេនាធិការ នៃគណៈរដ្ឋមន្ត្រីរបស់អ្នកស្រី បាន និយាយថា ការបោះឆ្នោតប្រធានាធិបតីលើកនេះ លុះត្រាតែបេក្ខជន ណាមួយឈ្នះនាំមុខគេ លើសពី១០%ឡើងទៅទើប ប្រកាសថា បេក្ខជនរូបនេះ ជាអ្នកទទួលជ័យជម្នះ ហើយ បើមានបេក្ខជនណា ឈ្នះប្រកៀកគ្នាបំផុត ក៏នឹងត្រូវដាក់អោយប្រកួតជុំផ្ដាច់ព្រ័ត្រដែរ។ លោកថានេះ គឺជា ការអនុវត្តតាមច្បាប់បោះឆ្នោតថ្មី។ លោក បន្តថា សមាជិកស្នងការបោះឆ្នោតថ្មី គឺជាក្រុមឯករាជ្យ និងអព្យាក្រឹត្យ យ៉ាងពិតប្រាកដ។

តែសម្រាប់លោកស្រី ប្រធានាធិបតី ស្ដីទី Jeanine Añez បាន សន្យាថា ការបោះឆ្នោត ប្រធានាធិបតី ជាថ្មីម្ដងទៀត នឹងមិនធ្វើអោយអ្នកចាញ់ខកចិត្តនឹងលទ្ធផលរបស់ខ្លួនទេ ហើយ ម្ចាស់ឆ្នោតពិតជា អស់ចិត្តក្នុងការប្រើប្រាស់សិទ្ធិរបស់ពួកគេ ព្រោះលទ្ធផល មានភាពសុក្រឹត្យ និងត្រឹមត្រូវ ហើយឆ្លើយតបនឹងឆន្ទៈរបស់ ម្ចាស់ឆ្នោត។

កាលពីសប្ដាហ៍មុន អ្នកស្រី Jeanine Añez បាន អនុម័យអោយមានការបោះឆ្នោតប្រធានាធិបតីវិញ បានបញ្ជាក់ថា ច្បាប់ថ្មីនៃការបោះឆ្នោត នឹងធ្វើឡើងតាមរដ្ឋធម្មដែលធ្វើវិសោធនកម្ម គឺបេក្ខជន ដែលធ្លាប់កាន់តំណែង ប្រធានាធិបតី២អាណត្តិជាប់គ្នា ហាមឈរជាបេក្ខជន ប្រធានាធិបតី។

អ្នកស្រីបញ្ជាក់ទៀតថា លោក Evo Morales ក៏បានរាប់បញ្ជូលក្នុងច្បាប់ថ្មីនេះដែរ។ តែអ្នកស្រីថា មេដឹកនាំ រូបណាក៏ដោយ បើទោះជា ពុំមានសិទ្ធិឈរឈ្មោះ ម្ដងទៀតក្ដីតែមានសិទ្ធិត្រឹមជាអ្នកផ្តល់ឱវាទឲ្យបក្សរបស់ខ្លួនប៉ុណ្ណោះ។

សម្រាប់ អតីតប្រធានាធិបតី Evo Morales នៅតែប្រកាសថា លោកនៅតែចង់ឈរឈ្មោះ ម្ដងទៀត ព្រោះលោកមិនអស់ចិត្តសោះថាហេតុអ្វីបានជាលោកត្រូវបានបង្ខំអោយចាកចេញពីអំណាច។ សព្វថ្ងៃ លោក Evo Morales កំពុង ជ្រកកោន ផ្នែកនយោបាយនៅប្រទេសអាហ្សង់ទីន ហើយលោកក៏បានសិទ្ធិជ្រកកោននៅ ប្រទេសម៉ិចស៊ីចកូដែរ។

លោកបានប្រកាសថា លោកជាជនរងគ្រោះនៃរដ្ឋប្រហារ ហេតុអ្វីត្រូវហាមឃាត់លោកមិនអោយវិលមកប្រទេសរបស់លោកវិញ។ តែយ៉ាងណា បុរសខ្លាំង រូបនេះ កំពុងប្រឈមនឹងដីកាចាប់ខ្លួន ដោយរដ្ឋាភិបាលរបស់អ្នកស្រី Jeanine Añez និងដីកាពីប៉ូលិសអន្តរជាតិផងដែរ ពីបទឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ កាលលោកកាន់តំណែង ២៦ឆ្នាំ។

គេនៅចាំបានថា នៅក្នុងការបោះឆ្នោត ប្រជាមតិមួយកាលពីឆ្នាំ២០១៦ ដើម្បីចង់ដឹងថាតើ ប្រជាជន Bolivia គួរបន្តអោយលោក Morales  បន្តកាន់អំណាចមួយអាណត្តិទៀតឬទេ គឺលទ្ធផល បង្ហាញថា ប្រជាជនមិនបានគាំទ្រលោក Morales បន្តធ្វើជាប្រធានាធិបតី ទៀតឡើយ។

តែសម្រាប់លោក Morales  បានធ្វើមិនដឹងមិនលឺ និងមិនទទួលយកលទ្ធផលនោះទេ។ លោក ក៏បាន ឈរឈ្មោះ ម្ដងទៀត នៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ហើយលោកបានឈ្នះឆ្នោតម្ដងទៀត។ ប៉ុន្តែក្រុមប្រឆាំងមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនោះឡើយ ហើយក៏ជំរុញអោយមានបាតុកម្ម ផ្ទុះឡើង ក្នុងរយៈពេលបីសប្ដាហ៍ទើបទម្លាក់លោក Morales ពីអំណាចបានដោយជោគជ័យ ក្រោមការជួយអន្តរាគមន៍ពីកងទ័ព៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស