ព័ត៌មានជាតិ

សណ្ឋាគារផ្កាយ៥ ដំបូងគេនៅកម្ពុជាប្រកាសបិទទ្វារ ព្រោះក្ស័យធន

By ឌឹ ខេមបូឌា ដេលី

December 31, 2019

សណ្ឋាគារលំដាប់ផ្កាយ៥ ដំបូងគេនៅកម្ពុជា ដែលមានឈ្មោះថា The Great Duke Phnom Penh  និងជាអតីតសណ្ឋាគារមានឈ្មោះថា Inter-Continental Hotel បានប្រកាសបិទទ្វារឈប់ដំណើរការតែម្តង ដោយគិតចាប់ពីថ្ងៃទី ៣១ ធ្នូ ចុងឆ្នាំ២០១៩នេះ ។

សេចក្តីជូនដំណឹងរបស់អ្នកគ្រប់គ្រងសណ្ឋាគារនេះ កាលពីថ្ងៃ២០ធ្នូ ដែលThe Cambodia Daily ទើបទទួលបាននៅថ្ងៃនេះ បានឱ្យដឹងថាការបិទទ្វារឈប់ដំណើរការរបស់ សណ្ឋាគារ The Great Duke Phnom Penh គឺ ដោយសារបញ្ហាសេដ្ឋកិច្ច ហើយជាការបិទដែលគួរឱ្យសោកស្តាយជាខ្លាំង។

ការបញ្ចប់ដំណើរការសណ្ឋាគារលំដាប់ផ្កាយ៥នេះ  ក្រោយពេលប្តូរឈ្មោះមកជាសណ្ឋាគារ The Great Duke Phnom Penh បានប្រមាណ២ឆ្នាំ។

សេចក្តីជូនដំណឹងដដែលបាន ឱ្យដឹងថា សណ្ឋាគារនេះត្រូវបិទទ្វារចាប់ពីថ្ងៃទី ៣១ ធ្នូ ប៉ុន្តែខាងក្រុមហ៊ុនក៏បានចាត់ចែងការិយាល័យមេធាវី ដើម្បីជួយដោះស្រាយនូវបញ្ហាបិទទ្វារសណ្ឋាគារនេះ ព្រមទាំងការគិតគូរដោះស្រាយពីអត្ថប្រយោជន៍ ជូនបុគ្គលិកទាំងអស់ទៅតាមច្បាប់ការងារកម្ពុជា។

សណ្ឋាគារនេះបានបើកដំណើរការប្រមាណ២០ឆ្នាំមកហើយ ដោយបានដើរតួនាទីសំខាន់ៗជាច្រើន ក្នុងនោះក៏មានការជួយឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានលើកដំបូង កាលពីឆ្នាំ២០០២។

សណ្ឋាគារមួយនេះបើកដាក់ដំណើរការកាលពីឆ្នាំ១៩៩៦ ជាកេរ្តិ៍តំណែលរបស់អតីតមហាសេដ្ឋីស្រុកខ្មែរមួយរូបគឺ លោក ថេង ប៊ុនម៉ា ប៉ុន្តែលោកបានទទួលអនិច្ចកម្មរួចទៅហើយ៕