អ្នកគាំទ្រគណបក្សសង្រ្គោះជាតិមួយរូបដែលមានពិការភាពពីកំណើតនៅខេត្តសៀមរាប ត្រូវបានមន្ត្រីពន្ធនាគារខេត្តនេះ សម្រេចដោះលែងនៅរសៀលម៉ោង៣ កន្លះ ថ្ងៃច័ន្ទនេះ ដែលខកខានក្នុងការដោះលែងចំនួន៣ថ្ងៃ បន្ទាប់ពីសាលាឧទ្ធរណ៍សម្រេចដោះលែង លោក ភុន យុទ្ធ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីជាប់លោកត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារអស់រយៈពេលជាង៥ខែ កាលពីថ្ងៃសុក្រសប្តាហ៍មុន។
ការយឺតយ៉ាវក្នុងការដោះលែង លោក ធុន យុទ្ធ នេះដោយមន្ត្រីពន្ធនាគារអះអាងថា ដោយសារឯកសារបង្គាប់ឱ្យដោះលែងអ្នកគាំទ្របក្សប្រឆាំងរូបនេះធ្លាក់ដល់ដៃមន្ត្រីបក្សប្រឆាំងមានភាពយឺតយ៉ាវ។
ភាពយឺតយ៉ាវនេះ ក៏រងការរិះគន់ពីសាធារណជនមួយចំនួនថា ការសម្រេចឱ្យដោះលែងសកម្មជនបក្សប្រឆាំងត្រូវបានធ្វើឡើងដោយគិតគូររឿងថ្ងៃសម្រាក ឬ គោរពតាមបែបបទរដ្ឋបាលណា ប៉ុន្តែពេលចាប់ខ្លួនវិញ គឺ ធ្វើឡើងទាំងថ្ងៃសម្រាក ទាំងយប់អាធ្រាត និងពេលខ្លះចាប់ដោយគ្មានដីកាពីតុលាការអ្វីទាំងអស់ ក៏ត្រូវអាជ្ញាធរលោកហ៊ុន សែន ចាប់ខ្លួនមិនឃុំសិនដែរ។
កាលពីថ្ងៃ៣១ ខែតុលា លោក ភុន យុទ្ធ ដែលជាជនពិការពីកំណើត និងមានមុខរបរលក់គ្រឿងវត្ថុអនុស្សាវរីយ៍ក្នុងតំបន់អង្គរ ត្រូវបានសាលាដំបូងខេត្តសៀមរាប កាត់ទោសឱ្យលោក ជាប់ពន្ធនាគាររយៈពេល ១៨ខែ ពីបទ «ញុះញង់ និងជេរប្រមាថជាសាធារណៈ»។
ក្នុងពេលសវនាការកាលពីថ្ងៃម្សិលមិញ ចៅក្រមជំនុំជម្រះនៃសាលាឧទ្ធរណ៍បានសម្រេចកាត់តំរឹមទោសលោក ធុន យុទ្ធ ឱ្យជាប់ចំនួន ៥ខែ ៨ថ្ងៃ ដែលជាពេលលោក ធុន យុទ្ធ បានជាប់ក្នុងពន្ធនាគារ ហើយទោសដែលនៅសល់ត្រូវព្យួរ។
លោក ធុន យុទ្ធ ដែលជាជនពិការ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៨ ខែកក្កដាកន្លងមក នៅផ្ទះជួល ក្រោយវត្តកេសារារាម ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បន្ទាប់ពីលោកបានបង្ហោះសាររិះគន់រដ្ឋាភិបាលបច្ចុប្បន្នលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន។
ការសម្រេចដោះលែងសកម្មជន និងអ្នកគាំទ្របក្សសង្រ្គោះជាតិឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នជាបន្តបន្ទាប់នេះ ក្រោយពេលលោក ហ៊ុន សែន បានប្រកាសកាលពីខែវិច្ឆិកាថា រាល់សំណុំរឿងរបស់សកម្មជនគណបក្សប្រឆាំងដែលជាប់ព័ន្ធពាក់ ការចោទថារួមគំនិតក្បត់ប៉ុនប៉ងធ្វើរដ្ឋប្រហាររដ្ឋាភិបាលតាមរយៈការចូលរួមព្រឹត្តការណ៍ថ្ងៃទី ៩ វិច្ឆិកា ដែលរត្រូវបានចាប់ខ្លួនជិត១រយនាក់ គឺត្រូវបានដោះលែងទាំងអស់។ បន្ថែមពីនេះ សំណុំរឿងចោទប្រកាន់អំពីការញុះញង់ ឬ ជេរប្រមាថ ក៏ត្រូវបានដោះលែងផងដែរ។
លោក ហ៊ុន សែន ពេលនោះ ក៏បានអំពាវនាវឱ្យសកម្មជននិងមន្ត្រីបក្សប្រឆាំងដែលរត់គេចខ្លួនទៅក្រៅប្រទេសទាំងអស់វិលត្រឡប់ចូលស្រុកវិញ ដោយសន្យាថានឹងមិនឱ្យនរណាចាប់ខ្លួនឡើយ ហើយលោកក៏បានបញ្ជាឱ្យមន្ត្រីអាជ្ញាធរមូលដ្ឋានទាំងឡាយត្រូវការពារសន្តិសុខសុវត្ថិភាពរបស់ពួកគេទៀតផង ហើយរាល់ដីកាចោទប្រកាន់ និងចាប់ខ្លួនទាំងប៉ុន្មានក៏ត្រូវលុបចោលជាដើម។
ការសម្រេចរបស់លោក ហ៊ុន សែន ពេលនោះ បន្ទាប់ពីសហភាពអឺរ៉ុបបានបញ្ជូនរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួន ទៅកាន់រដ្ឋាភិបាលលោកហ៊ុន សែន កាលពីថ្ងៃទី ១២ វិច្ឆិកា។ រដ្ឋាភិបាលឯកបក្សនេះ មានពេល១ខែ ដោយរាប់គិតពីថ្ងៃទទួលរបាយការណ៍រហូតដល់ថ្ងៃទី ១២ ធ្នូ ក្នុងការឆ្លើយតប ហើយសហភាពអឺរ៉ុបនឹងធ្វើសេចក្តីសម្រេចមួយនៅខែកុម្ភៈឆ្នាំ២០២០ ថាត្រូវដក ឬ មិនដកប្រព័ន្ធអនុគ្រោះពន្ធ EBA មកលើរដ្ឋាភិបាលលោក ហ៊ុន សែន៕