អតីតបុគ្គលិកវិទ្យុអាស៊ីសេរី បានសម្តែងការខកចិត្ត ចំពោះការសម្រេចច្រានចោលបណ្តឹងដែលប្ដឹងជំទាស់នឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ តម្រូវឱ្យបើកការស៊ើបអង្កេតសំណុំរឿងរបស់ពួកគេបន្ថែមទៀត ។
អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងចោទប្រកាន់ថា បានធ្វើចារកម្មឱ្យរដ្ឋបរទេស ហើយបន្ទាប់មកក៏ត្រូវបានចោទប្រកាន់មួយករណីបន្ថែមទៀតគឺបទផលិត និងកាន់កាប់រូបភាពអាសអាភាស។
អតីតបុគ្គលិកវិទ្យុអាស៊ីសេរី មួយរូប គឺ លោក យាង សុធារិន្ទ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខសាលាឧទ្ធរណ៍នាព្រឹកនេះថា ពួកលោកមានការខកចិត្តជាខ្លាំង ដោយសំណុំរឿងរបស់ពួកគាត់តុលាការចេះតែពន្យារពេល ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាព និងជីវភាពរបស់ពួកគាត់។
លោកបន្តថា ការបន្តអូសបន្លាយសំណុំរឿងរបស់ពួកគាត់ ក៏ជាចេតនាចង់ធ្វើបាបពួកគាត់ ដែលជាអ្នកធ្លាប់បម្រើការងារឱ្យស្ថាប័នរបស់សហរដ្ឋអាមេរិកផងដែរ។ លោកអះអាងថា ក្រោយពេលតុលាការសម្រេចចាត់របៀបឱ្យបន្តស៊ើបអង្កេតករណីពួកគាត់ឡើងវិញមក មិនដែលឮ ឬ ឃើញតុលាការសាកសួរពួកគាត់អ្វីនោះឡើយ។
នៅថ្ងៃនេះ ចៅក្រមជំនុំជម្រះសាលាឧទ្ធរណ៍ លោក ប្លង់ សំណាង បានប្រកាសបដិសេធបណ្ដឹងរបស់មេធាវីការពារក្ដីឱ្យអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីររូប ដោយសំអាងថា សំណុំរឿងនេះកំពុងធ្វើការស៊ើបអង្កេត។
កាលពីថ្ងៃទី០៣ ខែតុលា ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឱ្យបើកការស៊ើបអង្កេតសំណុំរឿងអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី ទាំងពីររូប បន្ថែមទៀតពីបទផលិត និងកាន់កាប់រូបភាពអាសអាភាស ដោយថា ការស៊ើបអង្កេតកន្លងមកនៅមានចំណុចខ្វះខាត។ ក្រោយមកអ្នកទាំងពីរ តាមរយៈមេធាវីរបស់ខ្លួបានសម្រេច ប្ដឹងសាទុក្ខមកសាលាឧទ្ធរណ៍តែម្តង។
លោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីការិយាល័យវិទ្យុអាស៊ីសេរីនៅរាជធានីភ្នំពេញត្រូវបានប្រកាសបិទទ្វារកាលពីខែកញ្ញា។ អ្នកទាំងពីរ ត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសរ ក្រោមការចោទប្រកាន់ថា បានធ្វើចារកម្មឱ្យរដ្ឋបរទេស និងផលិត និងកាន់កាប់រូបភាពអាសអាភាស។ ឃុំខ្លួនជិតមួយឆ្នាំ ទើបតុលាការសម្រេចដោះលែងឱ្យអ្នកទាំងពីរបាននៅក្រៅឃុំបណ្តោះអាសន្នកាលពីខែសីហា ឆ្នាំ ២០១៨ ប៉ុន្តែត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការផងដែរ៕