31 C
Phnom Penh

មេបក្សប្រឆាំងនៅថៃ អំពាវនាវអោយ អ្នកគាំទ្រ ចាប់ផ្ដើមយកឆ្នាំថ្មីជាឆ្នាំប្រយុទ្ធដើម្បីសេរីភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេបក្សប្រឆាំងនៅថៃ អំពាវនាវអោយ អ្នកគាំទ្រ ចាប់ផ្ដើមយកឆ្នាំថ្មីជាឆ្នាំប្រយុទ្ធដើម្បីសេរីភាព ខណៈបក្សរបស់គាត់ប្រឈមនឹងការរំលាយ នៅក្នុងសវនាការ នៃតុលាការរដ្ឋធម្មនុញ្ញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ មករា ឆ្នាំ២០២០។

បើតាមកាសែតថៃ The Nation បុរសវ័យក្មេងរូបនេះ ដែលជាមហាសេដ្ឋីជំនាន់ក្រោយ នៃរាជាណាចក្រថៃ គឺលោក Thanathorn Juangroongruangkit ប្រធានគណបក្ស អនាគតឆ្ពោះទៅមុខ បានធ្វើការអំពាវនាវដូចនេះ នៅពេលលោកផ្ញើសារជូនពរអ្នកគាំទ្រ គណបក្សរបស់លោក ក្នុងឱកាសបុណ្យចូលឆ្នាំ សាកល ថ្ងៃទី១ មករាឆ្នាំ២០២០។

គណបក្ស អនាគតឆ្ពោះទៅមុខនៅពេលនេះ ក្លាយជា អ្នកប្រយុទ្ធដើម្បីសេរីភាព ព្រោះតែ បក្សនេះ កំពុងប្រឈមនឹងការរំលាយ ជាមួយ សាលក្រម ដ៏កម្រ របស់តុលាការរដ្ឋធម្មនុញ្ញ ដែលបានដកហូតសមាជិកសភា របស់លោក Thanathorn រួចទៅហើយ។

លោក Thanathorn បានសរសេរក្នុង បណ្ដាញសង្គម ហ្វេសបុករបស់លោកមានខ្លឹមសារដូចនេះថា៖ ឆ្នាំ២០១៩  សម្រាប់គណបក្ស អនាគតឆ្ពោះទៅមុខមានការប្រឈម ច្រើនណាស់ ។ ត្រូវគេចោទ ជាច្រើន ថាបានព្រឹត្តបទល្មើស ។ តែនេះ កាន់តែជាបទពិសោធន៍របស់បក្ស យើង ។ តែបក្សមានជោគជ័យច្រើនគួរអោយមោទនភាព ។ សម្រាប់ឆ្នាំថ្មីនេះ កាន់តែជាឆ្នាំដែលបក្ស អនាគតឆ្ពោះទៅមុខ កាន់តែប្រឈមថែមទៀតហើយ គឺត្រូវតែហ៊ានប្រឈមនិងពុះពារ ឧបសគ្គដែលមានមកលើបក្ស។ យើង សម្រក់ទឹកភ្នែកដែល យើងឈឺចាប់ តែ យើង នឹងនាំប្រជាធិបតេយ្យត្រឡប់មកវិញ»។

គណបក្សអនាគតឆ្ពោះទៅមុខ ជាគណបក្សទើបបង្កើតឡើងតសម្រាប់ការបោះឆ្នោតសភាថៃ កាលពីថ្ងៃទី២៣មីនា ឆ្នាំ២០១៩។ បក្សនេះ ជាបក្សប្រឆាំងធំទី២ បន្ទាប់ពីគណបក្សភឿថៃ ។ បក្សនេះ ដណ្ដើមបានអាសនៈ លំដាប់ទី៣ នៅក្នុងការបោះឆ្នោត ដោយបាន៨០អាសនៈ ក្នុងអាសនៈសរុប ៥០០ ដែលមានបក្សដល់ទៅ២៦បក្សបានកាន់កាប់ អាសនៈ ។ សម្រាប់ លោក Thanathorn  ត្បិតអស់សុពលភាពនៃសមាជិកសភា ក៏ដោយ តែសេដ្ឋីវ័យក្មេងរូបនេះ មិនបានចុះចាញ់សមរភូមិ ផ្ដាច់ការឡើយ។ លោក ត្រូវបានដកសមាជិកសភា ដោយតុលាការរដ្ឋធម្មនុញ្ញដែលរកកំហុសលោកពីបទរំលោភច្បាប់បោះឆ្នោត។ តែ លោក Thanathorn  គឺជាអ្នកនយោបាយ មាត់ឆៅ ហ៊ាន រិះគន់ការដឹកនាំ របស់អតីតឧត្តមសេនីយ៍ប្រយុទ្ធចាន់អូចា ដែលជា នាយករដ្ឋមន្ត្រីគាំទ្រដោយពួកយោធា។  នៅថ្ងៃទី២១ មករា តុលាការរដ្ឋធម្មនុញ្ញ នឹង បើសវនាការលើបទចោទប្រឆាំងនឹងគណបក្សអនាគតឆ្ពោះទៅមុខ ចំនួន២ គឺទីមួយ ករណីរំលោភ ច្បាប់បោះឆ្នោត និងទី២ មានផែនការផ្ដួលរំលំរបបប្រជាធិបតេយ្យ ក្រោមរាជបាល្ល័ង្ក។

ប៉ុន្តែ បណ្ដឹងរបស់ គណៈកម្មការបោះឆ្នោត ដែល បក្សនេះ ប្រើប្រាស់ប្រាក់កម្ចីរាប់លានបាត ខុសច្បាប់ ដែលជា ប្រាក់របស់ លោកThanathorn ផ្ដល់អោយបក្សខ្លួនឯង ដើម្បីយកមកធ្វើយុទ្ធនាការបោះឆ្នោតក្នុងអំឡុងបោះឆ្នោតសភា ខែមីនា ឆ្នាំ២០១៩ គឺជាដើមចម នាំអោយបក្សនេះ ត្រូវកោះហៅមកចោទសួរ នៅតុលាការរដ្ឋធម្មនុញ្ញ នៅជាង៣សប្ដាហ៍ទៀតនេះ ។ លោកThanathorn និងមេធាវីការពារបក្សរបស់លោក បានប្រគល់សំអាងដើម្បីបដិសេធការចោទប្រកាន់នេះទៅតុលាការរួចហើយ។ បើតុលាការរដ្ឋធម្មនុញ្ញរកកំហុសឃើញ គឺបក្សថ្មីប្រឈមនឹងការរំលាយ។ យ៉ាងណា អ្នកសង្កេតការណ៍មានការភ្ញាក់ជាខ្លាំង ដែលថា នៅពេល នេះ ស្រាប់តែមានការស្ទង់មតិមួយ របស់ សាកលវិទ្យាល័យបាងកក បានបង្ហាញលទ្ធផលថា ក្នុងចំណោមអ្នកនយោបាយ ល្បីៗ ជាងគេ ៥នាក់ គឺ លោកThanathorn  នាំមុខគេ ដែលសមជានាយករដ្ឋមន្ត្រី សម្រាប់ប្រទេសថៃនៅពេលនេះ។ សាកលវិទ្យាល័យ នេះ បានធ្វើការស្ទង់មតិលើ មនុស្ស ១២២៨នាក់ ដោយធ្វើឡើងទូទាំងប្រទេស និងប្រើពេល ៤ថ្ងៃនៅរវាងថ្ងៃទី៩ ធ្នូដល់ថ្ងៃ១២ ធ្នូ ។  

លទ្ធផល បង្ហាញថា លោក Thanathorn ទទួលបានចម្លើយ ថាលោកល្អសមជាងគេ សមជានាយករដ្ឋមន្ត្រី ថៃ គឺមាន៣២ភាគគាំទ្រលោក ។

ចំណែក នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ចម្រុះ១៩គណបក្ស គឺលោកប្រាយុទ្ធចាន់អូចា មានអ្នកគាំទ្រជាង២៩ភាគរយ ។ លោកជួនលីផៃប្រធានរដ្ឋសភា មានអ្នកគាំទ្រ ១៣.៥ភាគរយ ។ លោកស្រី Khunying Sudarat ជាអ្នកនយោបាយ បង្គោលនៃគណបក្សភឿថៃ ដែលជាអតីតបេក្ខជនតំណែងនាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោត សភា កាលពីខែមីនា មានអ្នកគាំទ្រជាង៦ភាគរយ និងឧត្តមសេនីយ៍ Sereepisuth Temiyavej មានអ្នកគាំទ្រ ៥ភាគរយ ។ លទ្ធផលនៃការស្ទង់មតិនេះ ធ្វើមុនតុលាការរដ្ឋធម្មនុញ្ញជំនុំជម្រះក្ដី ដែលប្រារម្ភពីការឈានដល់ការរំលាយបក្សអនាគតឆ្ពោះទៅមុខ នេះ បាននាំអោយមានការចោទសួរអំពី ស្ថានភាព នយោបាយដ៏អាក្រក់នៅក្នុងរាជាណាចក្រថៃ ដែលធ្លាប់មានរដ្ឋប្រហារ១៩ លើកមកហើយនេះ ថាតើប្រជាធិបតេយ្យសេរីពហុបក្ស នឹងជួបវិបត្តិ ដែរឬទេ ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស