38 C
Phnom Penh

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្តេជ្ញាពង្រឹងគុណភាពស្តារនិងធ្វើផ្លូវ ឱ្យប្រសើរឡើងក្នុងឆ្នាំ២០២០

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២០ បានបង្ហាញការប្តេជ្ញាចិត្តថា នឹងពង្រឹងគុណភាពឱ្យបានប្រសើរឡើងបន្ថែមទៀតលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា។

ក្នុងសារជូនពររបស់លោក ស៊ុន ចាន់ថុល ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃម្សិលមិញ បានប្រកាសប្តេជ្ញាបន្តជំរុញការធ្វើកំណែទម្រង់ស៊ីជម្រៅ សំដៅពង្រឹងគុណភាព និងស្ដង់ដារក្នុងការជួសជុល សាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។

រដ្ឋមន្ត្រីដដែលអះអាងថា នឹងពង្រឹងការផ្តល់សេវាសាធារណៈ ដែលមានលក្ខណៈសាមញ្ញ ចំណេញពេលវេលា និងគ្មានចំណាយក្រៅផ្លូវការ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសង្គមជាក់ស្ដែង ព្រមទាំងលើកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើងមួយកម្រិតទៀត។

ការប្តេជ្ញារបស់រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននេះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់ជាបន្តបន្ទាប់ពីសំណាក់ពលរដ្ឋ និងសង្គមស៊ីវិលមួយចំនួនអំពីគុណភាពស្តារនិងកសាងផ្លូវធ្វើដំណើរនៅកម្ពុជា ថាមានគុណភាពអន់ខ្លាំង និងធ្វើឡើងគ្មានតម្លាភាព ដែលធ្វើឱ្យខាតបង់ថវិកាជាតិរាប់លានដុល្លារក្នុងមួយឆ្នាំៗ ។ បន្ថែមពីនេះ គម្រោងធ្វើផ្លូវតាមតំបន់ជនបទមានភាពយឺតយ៉ាវ មិនបានឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋទាន់ពេលវេលា ដែលធ្វើឱ្យពលរដ្ឋនៅតំបន់ខ្លះទ្រាំធ្វើដំណើរលើផ្លូវហ៊ុយខ្លាំងនៅរដូវប្រាំង និងភក់ជ្រាំខ្លាំងនៅរដូវវស្សារាប់សិបឆ្នាំជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស