26.6 C
Phnom Penh

សណ្ឋាគារលំដាប់ផ្កាយ៤ នៅក្រុងសៀមរាបមួយ ប្រកាសផ្អាកដំណើរការ ដោយគ្មានពេលកំណត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សណ្ឋាគារអប្សរាអង្គរ ដែលជាសណ្ឋាគារលំដាប់ផ្កាយ៤មួយ បានប្រកាសផ្អាកដំណើរដោយគ្មានពេលកំណត់ ក្រោយពេលសណ្ឋាគារនេះ បានបើកដំណើរការអស់រយៈពេលជិត២០ឆ្នាំមកហើយ។

គណនេយ្យហ្វេសប៊ុកឈ្មោះ Teviphea Nuon កាលពីម្សិលមិញបានបង្ហោះរូបថត ជាច្រើន អមដោយសារក្តុកក្តួលថា សណ្ឋាគារអប្សរាអង្គរ បានបើកដំណើរការអស់រយៈពេលជិត ១៨ឆ្នាំមកហើយ។ សណ្ឋាគារនេះ ធ្លាប់មានមោទនភាពក្នុងការលើកស្ទួយវិស័យទេសចរណ៍អោយមានកំណើន និងធ្លាប់បានទទួលរៀបចំកិច្ចប្រជុំធំៗ។ លើសពីនេះ សណ្ឋាគារអប្សរាអង្គរ ក៏ធ្លាប់ទទួលពានរង្វាន់ ASEAN Green Hotel Standard ពីរដង និង ជាសណ្ឋាគារឆ្នើមមួយទទួលបានពានរង្វាន់ ជាសណ្ឋាគារគ្មានផ្សែងបារី កាលពីថ្មីៗនេះ។ ប្រភពដដែល អះអាងថា ពេលនេះសណ្ឋាគារអប្សរាអង្គរ ដល់ពេលវេលាសំរាក ដោយសម្រេចផ្អាកអាជីវកម្មជាផ្លូវការ ចាប់ពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២០ តទៅ ប៉ុន្តែប្រភពដដែលនេះមិនបានបញ្ជាក់អំពីមូលហេតុពិតប្រាកដនោះឡើយ។

យ៉ាងណាក៏ដោយជាការកត់សម្គាល់ មានផ្ទះសំណាក់ សណ្ឋាគារ ផ្សេងទៀតនៅក្នុងក្រុងសៀមរាប ក៏បានសម្រេចបិទអាជីវកម្មរបស់ខ្លួនក្នុងពីឆ្នាំ២០១៩នេះដែរ ក្រោយពេលចំនួនភ្ញៀវទេសចរមកទស្សនាខេត្តប្រវត្តិសាស្ត្រមួយនេះ មានការធ្លាក់ចុះយ៉ាងគំហុក ដែលមិនធ្លាប់មានពីមុនមក។

ភ្ញៀវទេសចរដែលធ្លាប់មកលេងខេត្តសៀមរាប និងបង្កើតបរិយាកាសឱ្យខេត្តនេះ អ៊ូអរដោយភ្ញៀវជាតិនិងអន្តរជាតិ ប្រែជាស្ងប់ស្ងាត់ រហូតធ្វើឱ្យម្ចាស់អាជីវកម្មវិស័យទេសចរណ៍ និងអាជីវករលក់ដូរវត្ថុអនុស្សាវរីយ៍មួយចំនួន សម្រេចបិទតូបរបស់ខ្លួនឈប់លក់ដូរដោយសារតែលក់មិនដាច់និងត្រូវខាតបង់ទៀតផង។

សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរដែលចេញផ្សាយនៅថ្ងៃនេះ បានឱ្យដឹងថា នៅឆ្នាំ២០១៩ មានភ្ញៀវទេសចរបរទេសជាង២លាននាក់(២,២០៥,៦៩៧) បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលមានតម្លៃជិត១រយលានដុល្លារសហរដ្ឋអាមេរិក(៩៩,០៨៨,៨៩៤) ។

យ៉ាងណាក៏ដោយ ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ចំនួនអ្នកទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរឆ្នាំ២០១៩នេះ គឺថយជិត ១៥ភាគរយ បើធៀបនឹងឆ្នាំ២០១៨៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស