28 C
Phnom Penh

លោក ស ខេង ថាឆ្នាំ២០១៩ ជាឆ្នាំរដ្ឋាភិបាលទទួលបានជោគជ័យទប់ស្កាត់ផែនការប៉ុនប៉ងបំផ្លាញជាតិពីសំណាក់ក្រុមក្បត់ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង លើកឡើងក្នុងសារជូនពរឆ្នាំថ្មីឆ្នាំសកល២០២០នេះថា ពេញមួយឆ្នាំ២០១៩ រដ្ឋាភិបាល ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទបានចូលរួមការពារសន្តិភាព និងធ្វើឱ្យបរាជ័យរាល់ឧបាយកលដែលប៉ុនប៉ងបំផ្លិចបំផ្លាញជាតិពីសំណាក់ក្រុមឧទ្ទាមក្បត់ជាតិ។

ក្នុងសារជូនពរកាលពីម្សិលមិញ លោក ស ខេង បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តដ៏មោះមុតរបស់កម្លាំងនគរបាលជាតិ និងមន្ត្រីរាជការស៊ីវិលទាំងអស់ក្នុងបុព្វហេតុចូលរួមថែរក្សា ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ អ្វីដែលពិសេសនោះ លោកថា កម្ពុជាបានទប់ស្កាត់នូវផែនការដ៏ខ្មៅងងឹតក្នុងចេតនាប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលដែលបង្កឡើងដោយក្រុមឧទ្ទាមក្បត់ជាតិ ដោយលោកទំនងសំដៅលើក្រុមលោក សម រង្ស៊ី តែម្តង។

ជាមួយគ្នានេះ លោក ស ខេង បានអំពាវនាវដល់កងកម្លាំងនគរបាលជាតិនិងមន្ត្រីរាជការស៊ីវិលទាំងអស់បន្តយកចិត្តទុកដាក់បំពេញភារកិច្ចនិងបង្កើនស្មារតីម្ចាស់ការឱ្យកាន់តែសកម្មថែមទៀត ដោយសំដៅរួមសហការគ្នាបង្កើតនូវសមិទ្ធផលធំៗជូនជាតិឱ្យបានជោគជ័យ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សផងដែរ។

កាលពីថ្ងៃទី ២៥ ខែកញ្ញា គណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសបានសម្រេចកំណត់យកថ្ងៃទី ៩ វិច្ឆិកាជាការវិលចូលប្រទេសកម្ពុជារបស់លោក សម រង្ស៊ី និងថ្នាក់ដឹកនាំបក្សនេះផ្សេងទៀត។ ផែនការនោះ លោក សម រង្ស៊ី ក៏បានប្រកាសប្រាប់អ្នកគាំទ្ររបស់ខ្លួនថា ជាឱកាសចុងក្រោយដើម្បីចូលមកកម្ពុជាយកប្រទេសជាតិចេញពីក្រញាំដៃរបស់លោក ហ៊ុន សែន ដែលលោកហៅថាជាជនផ្តាច់ការសងជូនពលរដ្ឋវិញ។

អតីតមេបក្សប្រឆាំងនេះ ក៏ថែមទាំងប្រកាសពីគម្រោងផ្តល់កញ្ចប់ថវិកាជូនកងកម្លាំងទាំងឡាយដែលឈរជាមួយលោកឬថាឈរជាមួយពលរដ្ឋ  ហើយ បង្វែលចុងកាណុងសំដៅទៅក្រុមលោកហ៊ុន សែន វិញ។

លោក សម រង្ស៊ី ពេលនោះ ក៏បានអំពាវនាវម្តងហើយម្តងទៀតឱ្យពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ចូលរួមព្រឹត្តិការណ៍៩ វិច្ឆិកា ហើយអមដំណើរលោកចូលកម្ពុជា ដើម្បីកំចាត់ក្រុមលោកហ៊ុន សែន និងដើម្បីស្តារស្ថានភាពនយោបាយក្នុងប្រទេសតាមរយៈការនាំឱ្យមានការដោះលែងលោក កឹម សុខា ព្រមទាំងអាចរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ជាដើម។

រដ្ឋាភិបាលលោក ហ៊ុន សែន បានចាត់ទុកផែនការ៩ វិច្ឆិកា និងការអំពាវនាវរបស់ក្រុមថ្នាក់ដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេសថាមានចេតនាប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ហើយតុលាករក៏ចេញដីកាចោទប្រកាន់ និងចាប់ខ្លួនអតីតមន្ត្រី និងសកម្មជនគណបក្សប្រឆាំងជាបន្តបន្ទាប់ ដោយចោទអំពីបទក្បត់ជាតិប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។ លើសពីនេះ រដ្ឋាភិបាលបានបញ្ចេញទ័ព ស្ទើពេញមួយនគរ ពិសេសដាក់ពង្រាយតាមព្រំដែន ដើម្បីទប់ស្កាត់ការវិលត្រឡប់របស់លោក សម រង្ស៊ី ពេលនោះ។

៩ វិច្ឆិកា បានកន្លងផុតទៅ ដោយលោក សម រង្ស៊ី និងថ្នាក់ដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេសបានត្រឹមមានវត្តមាននៅក្នុងប្រទេសតំបន់អាស៊ាន ដោយមិនអាចចូលមកកម្ពុជាបានឡើយ។

បន្ទាប់ពីផែនការចូលស្រុករបស់លោក សម រង្ស៊ី បរាជ័យ លោកហ៊ុន សែន ក៏បានប្រកាសឱ្យដោះលែងអតីតមន្ត្រី និងសកម្មជនបក្សប្រឆាំងជិត១រយនាក់ ដែលត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពាក់ព័ន្ធសំណុំរឿង៩ វិច្ឆិកា និងសំណុំរឿងញុះញង់ផ្សេងទៀត ព្រមទាំងបញ្ជាឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅក្រុមបក្សប្រឆាំងផងដែរ។  

ដោយឡែក សម្រាប់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក៏បានប្រើថ្លែងសារជូនពរជនរួមជាតិ សម្រាប់ឆ្នាំថ្មីឆ្នាំសកល២០២០ ដោយលោកបានបួងសួងសូមឱ្យទសវត្សថ្មីនេះ នាំមកនូវទំព័រប្រវត្តិសាស្ត្រថ្មី ដែលនាំកម្ពុជាឆ្ពោះទៅរកសន្តិភាពពិតប្រាកដ ហើយប្រជាពលរដ្ឋខ្មែរទាំងអស់ទទួលបានសេចក្ដីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត។

សារជូនពររបស់មេបក្សប្រឆាំងនេះ ក្រោយពេលគេមើលឃើញថាស្ថានភាពនយោបាយកម្ពុជានៅឆ្នាំ២០១៩ ស្ថិតនៅក្នុងភាពអាប់អួល និងពោលពេញដោយក្តីព្រួយបារម្ភ ពិសេសការព្រមានដកហូតប្រពន្ធអនុគ្រោះព័ន្ធ EBA របស់អឺរ៉ុប ដែលនឹងធ្វើឱ្យកម្ពុជាអាចនឹងជួបហានិភ័យខ្ពស់។  ស្ថានភាពអាប់អួលទាំងនោះ ធ្វើឱ្យអ្នកនយោបាយបក្សប្រឆាំង សង្គមស៊ីវិល និងពលរដ្ឋជាច្រើនគ្មានសេចក្តីសុខផ្លូវចិត្តនោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស