35 C
Phnom Penh

អ្នកវិភាគថា ឆ្នាំ២០២០ ស្ថានការណ៍នយោបាយកម្ពុជានៅតែមានភាពតានតឹងដដែល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគនយោបាយបានលើកឡើងថា កម្ពុជានៅឆ្នាំ២០២០ដែលជាឆ្នាំថ្មី ប៉ុន្តែពលរដ្ឋកម្ពុជានឹងមិនទទួលបានភាពរីករាយឡើយ។

សរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន អ្នកវិភាគនយោបាយដែលកំពុងរស់នៅក្រៅប្រទេស លោក គឹម សុខ ប្រមើលមើលឃើញថា ក្នុងឆ្នាំ២០២០ ស្ថានភាពនយោបាយកម្ពុជានៅតែតានតឹងដដែល ។

លោកបន្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែរឹតចំណងនយោបាយយ៉ាងណែនបំផុត ក្នុងកណ្ដាប់ដៃអំណាចរបស់គាត់ ដោយមិនងាយវិលទៅកាន់ផ្លូវប្រជាធិបតេយ្យស្រួលៗឡើយ។ ប៉ុន្តែអ្នកវិភាគរូបនេះ មើលឃើញថាបើមានការបន្ធូរមែន នោះវាគ្រាន់តែជារូបភាពល្អមើលបន្តិចបន្តួច ក្នុងគំនិតមិនសុចរិតនៃផែនការអំណាចបន្តត្រកូលរបស់លោក ហ៊ុន សែន តែប៉ុណ្ណោះ។

អ្នកវិភាគដែលត្រូវភៀសខ្លួនដោយសារការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន យល់ថា បើទោះបីជា មេបក្សកាន់អំណាចរូបនេះ ដណ្ដើមបានទីតាំងសមរភូមិអំណាច ដែលអាចរាប់ថា មានប្រៀបនៃសមរភូមិនយោបាយកម្ពុជាក៏ដោយ ប៉ុន្តែខាងផ្លូវចិត្តនិងស្មារតីនយោបាយវិញ ក្រុមគណបក្សសង្រ្គោះជាតិ នៅរឹងមាំដដែល។

 យ៉ាងណា ក្នុងសមរភូមិនយោបាយជារួម គណបក្សប្រកួតប្រជែងទាំងពីរ ពុំមានភាគីឈ្នះនៅឡើយទេ

លោក គឹម សុខ ថា ឆ្នាំ២០២០ ប្រជាជាតិខ្មែរទាំងមូល នឹងបន្តមរតកនយោបាយហួងហែងអំណាចបំផ្លាញជាតិពីឆ្នាំ២០១៩របស់ក្រុមលោក ហ៊ុន សែន បន្ថែមទៀត។

សម្រាប់ប្រមុខរដ្ឋាភិបាលវិញ អះអាងថា កម្ពុជាកំពុងដើរលើផ្លូវត្រូវ ដឹកនាំប្រទេសលើផ្លូវសន្តិភាព ហើយលោកហ៊ុន សែន និង មន្ត្រីរបស់ខ្លួនក៏បានចែករំលែកសារនយោបាយមួយ ថា អរគុណសន្តិភាពស្ទើរគ្រប់កន្លែងថែមទៀតផង។

មកដល់ខែមករា ឆ្នាំ២០២០នេះ កម្ពុជានៅសល់ពេលជាង១ខែទៀតប៉ុណ្ណោះ នឹងដឹងលទ្ធផលជាផ្លូវការអំពីវិធានការព្យួរ ឬ មិនព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប។

ប្រសិនបើអឺរ៉ុបសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះមែន កម្ពុជានឹងត្រូវខាតបង់ប្រាក់ក្នុងមួយឆ្នាំ ប្រមាណ៧ រយលានដុល្លារសរដ្ឋអាមេរិក ឬ ខាតប្រមាណ២លានដុល្លារក្នុងថ្ងៃ។

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា ធ្លាប់អះអាងថា ទំហំខាតបង់នេះ គឺវាធ្ងន់ធ្ងរណាស់ សម្រាប់សេដ្ឋកិច្ចដូចកម្ពុជាបច្ចុប្បន្ន ដែលនឹងនាំកម្ពុជាទៅរកវិបត្តិអត់ការងារធ្វើ ព្រមទាំងឈានទៅរកវិបត្តិសង្គមធ្ងន់ធ្ងរផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស