29 C
Phnom Penh

អតីតមន្ត្រីបក្សប្រឆាំងដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញពីលោកហ៊ុន សែន ប្រកាសបង្កើតគណបក្សថ្មីជាផ្លូវការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយទទួលបានការអនុញ្ញាតឱ្យមានសិទ្ធិធ្វើនយោបាយឡើងវិញ អតីតមន្ត្រីគណបក្សសង្រ្គោះជាតិមួយចំនួន បានសម្រេច ប្រកាសបង្កើតគណបក្សថ្មីមួយជាផ្លូវការ។

ការប្រកាសបង្កើតគណបក្សថ្មីនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយនៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញនៅរសៀលថ្ងៃព្រហស្បត្តិ៍នេះ។

ថ្លែងក្នុងសន្និសីទកាសែតនោះ អតីតតំណាងរាស្ដ្របក្សសង្គ្រោះជាតិនិង ស្ថាបនិកគណបក្សខ្មែរស្រឡាញ់ជាតិដែលទើបទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ លោក ជីវ កត្តា អះអាងថាគណបក្សថ្មីនោះមានឈ្មោះថា គណបក្សខ្មែរស្រឡាញ់ជាតិ។ លោកបន្តថា  គណបក្សនេះ ដាក់លិខិតស្នើសុំបង្កើតគណបក្សជាផ្លូវការ ទៅកាន់ក្រសួងមហាផ្ទៃរួចហើយ កាលពីព្រឹកមិញនេះ។

អតីតមន្ត្រីបក្សប្រឆាំងដដែល ឱ្យដឹងថា ការបង្កើតបក្សថ្មីនេះមានបំណងបន្តគោលដៅគណបក្សសង្គ្រោះជាតិ បង្រួបបង្រួមអ្នកប្រជាធិបតេយ្យ ផ្សះផ្សារជាតិ តស៊ូមតិតាមគោលការណ៍ប្រជាធិបតេយ្យ ហើយប្រភពថវិកាដំណើរការគណបក្សថ្មីនេះ បានមកពីការចូលរួមគ្នារបស់សមាជិកស្ថាបនិកនិងប្រភពពីប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស។ លោកថា  គណបក្សនេះ នឹងទាមទារឱ្យមានការផ្លាស់ប្ដូរមួយកើតឡើង តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

គណបក្សសង្រ្គោះជាតិត្រូវបានតុលាការកំពូលសម្រេចរំលាយចោល និងដកហូតដំណែងទាំងអស់ពីមន្ត្រីគណបក្សប្រឆាំងនេះតាំងពីថ្នាក់មូលដ្ឋាន រហូតដល់តំណែងតំណាងរាស្ត្រ ដែលមិនព្រមចុះចូលគណបក្សប្រជាជនកម្ពុជា ហើយបែងចែកទៅឱ្យគណបក្សប្រឆាំង។ ការសម្រេចពេលនោះ ក៏បានហាមម្រាមមន្ត្រីជាន់ខ្ពស់ប្រឆាំងចំនួន១១៨ រូប មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ប៉ុន្តែក្រោយមកមានអតីតមន្ត្រីជាប់បម្រាមចំនួន៩ រូប បានដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយតាមការចង់បានរបស់លោក ហ៊ុន សែន ហើយពួកគេក៏ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញផងដែរ។

អតីតមន្ត្រីបក្សប្រឆាំងទាំង៩ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញនោះ រួមមាន លោក គង់ គាំ លោក គង់ បូរ៉ា លោក ស៊ីម សុវណ្ណនី លោក រៀល ខេមរិន្ទ្រ លោក អ៊ូ ច័ន្ទរ័ត្ន លោក កង គឹមហាក់ លោក ជីវ កត្តា លោក ច័ន្ទ សិលា និងអ្នកស្រី ទេព សុទ្ធី។

ក្រោយទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញអ្នកទាំងនោះខ្លះបានទៅចូលរួមនយោបាយជាមួយគណបក្សកូនរបស់ខ្លួន ដូចជាលោក គង់ គាំ  ខ្លះទៀតចូលធ្វើជាមន្ត្រីរាជការ និងខ្លះទៀតបង្កើតគណបក្សនយោបាយថ្មីជាដើម។ ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃបានសម្រេចទទួលចុះឈ្មោះជាផ្លូវការរបស់លោក រៀល ខេមរិន្ទ ដែលមានឈ្មោះថាគណបក្សខ្មែរអភិរក្សនិយម។

អ្នកឃ្លាំមើលសង្គមធ្លាប់លើកឡើងថា ការដើរចេញពីគណបក្សសង្រ្គោះជាតិមកបង្កើតគណបក្សថ្មី គឺជាសញ្ញាបែកបាក់របស់គណបក្សប្រឆាំងមួយនេះ ហើយក៏កំពុងធ្វើឱ្យបំណងប្រាថ្នារបស់លោក ហ៊ុន សែន បានសម្រេចក្នុងការបំបែកគណបក្សសង្រ្គោះជាតិជាជម្រៀកៗ រហូតដល់ចុងក្រោយរលាយអស់ ដូចគ្នានឹងគណបក្សហ៊្វុនស៊ិនប៉ិច ដែលលោកធ្លាប់បំបែកឱ្យសាបសូន្យ និងពិបាកស្តារប្រជាប្រិយឡើងវិញរហូតទល់ពេលបច្ចុប្បន្ន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស