30.7 C
Phnom Penh

ប្រធានាធិបតីតៃវ៉ាន់ផ្អាក យុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីកាន់ទុក្ខមេទ័ពម្នាក់ស្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានសម្រេចភ្លាមៗដោយផ្អាកយុទ្ធនាការឃោសនាបោះឆ្នោត ប្រធានាធិបតី រយៈពេល ៣ថ្ងៃ បន្ទាប់ពី នាយសេនាធិកាយោ ដែលទើបដំឡើងតួនាទីពីមេបញ្ជាការទ័ពជើងអាកាសកាលពីខែក្កដារបស់លោក ស្រី គឺឧត្តមសេនីយ៍ Shen Yi-ming បានទទួលមរណភាព ដោយសារឧទ្ទវេហេតុការធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងដែលឧត្តមសេនីយ៍រូបនេះបានជិះ ទៅសួរសុខទុក្ខកងទ័ព ។នេះបើតាម ការចុះផ្សាយរបស់ បណ្ដាញផ្សាយព័ត៌មាន Aljazeera ។

តាមប្រភពដដែលនេះ ដែលបានស្រង់ការប្រកាសរបស់ក្រសួងការពារជាតិតៃវ៉ាន់គឺឧទ្ធម្ភាគចក្រមួយគ្រឿងដែលដឹកលោក Shen និងមន្ត្រីយោធាជាច្រើនរូប បានជួបបញ្ហាពេលចុះចតនៅភាគខាងជើងដែនកោះនេះកាលពីព្រឹកថ្ងៃទី២មករានេះ ។

ឧទ្ធម្ភាគចក្រ UH-60M ដែលដឹកឧត្តមសេនីយ៍ Shen Yi-ming នាយសេនាធិកាយោ និងមនុស្ស១៣នាក់ទៀត បានចុះចតនៅតំបន់ភ្នំមួយក្បែរទីក្រុងតៃប៉ិ ប៉ុន្តែមិនមានមូលហេតុជាក់លាក់នាំឲ្យមានការចុះចតឡើយ។

តែបើតាមទីភ្នាក់ងារព័ត៌មាន Focus Taiwan  ឧទ្ធម្ភាគចក្រនេះ ទើបចាប់ហោះឡើងក្នុងទិសដៅទៅកាន់បន្ទាយយោធាមួយកន្លែងនៅតំបន់ Yilan ហើយវាបានដាំក្បាលចុះ នៅលើភ្នំ Wulai ។ សម្រាប់លោក Shen មានភារកិច្ចដើម្បីសាកសួរសុខទុក្ខកងទ័ពនៅមុនឱកាសចូលឆ្នាំប្រពៃណីចិន។

ក្នុងហេតុការណ៍នេះ លោកស្រីប្រធានាធិបតី Tsai Ing-wen បាន បញ្ជាអោយមានការស៊ើបអោយបានម៉ត់ចត់ថាតើ វាបណ្ដាលមកពីកត្តាអាកាសធាតុ ឬបច្ចេកទេស ឬក៏មកពីកត្តាផ្សេងទៀត។

ឧបទ្ទវហេតុនេះ ចំពេល តៃវ៉ាន់ មានជ ម្លោះជាមួយចិន ដែននាំអោយ សភា តៃវ៉ាន់ បានអនុម័ត សេចក្ដីព្រាងច្បាប់ ប្រឆាំង ឥទិ្ធពលចិន ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃដែនដី បំបែកខ្លួន ដោយសារសង្រ្គាមស៊ីវិល ឆ្នាំ១៩៤៩។

តាមទីភ្នាក់ងារសារព័ត៌មាន Reuters សភាតៃវ៉ាន់ កាលពីថ្ងៃទី ៣១ ខែធ្នូ បាន អនុម័តសេចក្ដីព្រាងច្បាប់ស្តីពីការប្រឆាំងនៃការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងតៃវ៉ាន់ដែលសំដៅទប់ស្កាត់ឥទ្ធិពលរបស់ចិន ។

សេចក្ដីសម្រេចរបស់សមាជិកសភា មកពីគណបក្សកាន់អំណាចគឺ គណបក្សប្រជាធិបតេយ្យជឿនលឿន DPP នៅតៃវ៉ាន់ ធ្វើឡើងស្របពេលការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ជិតមកដល់គឺនៅថ្ងៃ១១មករាសប្ដាហ៍នេះ។  ការអនុម៍តនេះ មានសំឡេង គាំទ្រ ដោយ គ្មានសមាជិកសភា បក្សប្រឆាំងលំអៀងចិន គុមិញតាំងចូលប្រជុំនោះទេ ប៉ុន្តែសំឡេងគាំទ្រ មាន៦៧សំឡេង ដោយគ្មានសំឡេងជំទាស់ឡើយ។

អ្នកសង្កេតការណ៍យល់ថា ការអនុម័តសេចក្ដីព្រាងច្បាប់ មួយនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងតៃប៉ិ កាន់តែមើលមុខគ្នាមិនត្រង់ ហើយកាន់តែធ្ងន់ធ្ងរ។

ច្បាប់ថ្មីស្តីពីការប្រឆាំងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ធ្វើឡើងក្នុងគោលបំណងប្រឆាំងនឹងឥទ្ធិពលនយោបាយចិន ដែលបានហូរចូលមកតាមរយៈការផ្តល់មូលនិធិនយោបាយខុសច្បាប់ ប្រព័ន្ធផ្សព្វផ្សាយ និងវិធីសម្ងាត់ផ្សេងៗជាច្រើនទៀត។
 

លោក Chen Ou-po សមាជិកបក្សប្រជាធិបតេយ្យជឿនលឿន បានប្រាប់អ្នកសារព័ត៌មាន ដែលស្រង់មកចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ថា ការកើនឡើងឥទ្ធិពលរបស់ចិន គឺជាការគំរាមកំហែង លើកោះតៃវ៉ាន់ជាពិសេស មុនការបោះឆ្នោត គឺ គំរាមកំហែងខ្លាំងឡើងៗ។ លោកបន្តថាតៃវ៉ាន់ ត្រូវតែអនុម័តសេចក្ដីព្រាង ច្បាប់មួយនេះគឺត្រូវយកអនុវត្តដើម្បីទប់ទសល់ឥទ្ធិពលចិន។
ចំណែក បក្ស Kuomintang បានបញ្ជាក់ជំហរថា ខ្លួនការពារតៃវ៉ាន់ពីការគំរាមកំហែងផ្សេងៗពីសំណាក់ចិន ប៉ុន្តែការអនុម័ត ច្បាប់ថ្មីមួយនេះ ដោយសមាជិកសភានៃបក្សប្រជាធិបតេយ្យជឿនលឿន គ្រាន់តែចង់កេងចំណេញនយោបាយ និងរកសម្លេងគាំទ្រ ក្នុងការបោះឆ្នោតតែប៉ុណ្ណោះ។

តែយ៉ាងណាសេចក្ដីព្រាងច្បាប់នេះ  នឹងត្រូវបញ្ជូនទៅការិយាល័យរបស់ប្រធានាធិបតីតៃវ៉ាន់ គឺលោកស្រី Tsai In-wenហើយ បន្ទាប់ពីប្រធានាធិបតីចុះហត្ថលេខារួចហើយ វានឹងចូលជាធរមាននៅក្នុងខែមករា ឆ្នាំ២០២០នេះ តែម្ដង។

សម្រាប់ចិន បានហៅច្បាប់ថ្មីនេះ គឺតៃវ៉ាន់មានចេតនា បង្កការប្រទុសារាយ ដែលក្រុងប៉េកាំង នឹងមិនទទួលយកបានឡើយ។ ក្រុងប៉េកាំងព្រមានថា កោះតៃត្រូវតែរៀនទទួលយកគោលនយោបាយ ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងដែនដីពីរផ្សេងគ្នា គឺដូចហុងកុង និងម៉ាកាវទើបបានសុខ។ យ៉ាងណា គេមិនទាន់ឃើញក្រុងប៉េកាំងនិយាយយោងដល់ការផ្ទុះឧទ្ធម្ភាគចក្រ សម្លាប់ មនុស្ស៨នាក់ក្នុងនោះមានមេទ័ពជាន់ខ្ពស់ម្នាក់លោក ឧត្តមសេនីយ៍ Shen Yi-ming នេះនៅឡើយទេ។ តែសម្រាប់បេក្ខជន ប្រធានាធិបតីមកគណបក្ស Kuomintang លោក Han Kuo-yu ដែលចិន គាំទ្រ ក៏បានប្រកាសផ្អាកការធ្វើយុទ្ធនាការរកសំឡេងឆ្នោតដែរ។  កោះតៃវ៉ាន់នឹងបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី១១មករា ឆ្នាំ២០២០ ដែលក្រុងប៉េកាំង តាមឃ្លាំងជាខ្លាំង ដែលមិនចង់ឃើញ លោកស្រីTsai Ing-wen ជាប់ឆ្នោតជាប្រធានាធិបតីមួយអាណត្តិទៀតឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស